Ad Code

ក្រុម​Melbourne Victory នៅតែ​ឈរ​លេខ​៣​ក្នុង​តារាង​រួម ខណៈ​កីឡាករ Keisuke Honda អាច​លេង​ពេញ​ម៉ោង​បាន​វិញ



ក្រោយ​បញ្ចប់​បេសកកម្ម​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា ក្នុង​យុទ្ធនា​ការប្រកួត​ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 កាលពី​ខែធ្នូ​កន្លងទៅ​លោក Keisuke Honda​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម បាន​ធ្វើ​ដំណើរ​ទៅ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​វិញ​នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ក្លិប​Melbourne Victory សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​អូស្ត្រាលី (A-League)។



លោក​Muscat ទើបតែ​ដាក់​កីឡាករ Keisuke Honda ឲ្យ​ចូល​រួម​បាន​ឡើងវិញ​ក្រោយ​រូបគេ​សម្រាក​ព្យាបាល​របួស​ត្រគាក​ខាងស្តាំ ជិត​១០​លើក​ជាប់ៗ​គ្នា​មក​។ ការ​បង្ហាញ​ខ្លួន​លើក​ទី​៣​ឡើងវិញ​នេះ​គឺ​ស្របពេល​ក្រុម Melbourne Victory ប្រកួត​ចាញ់​ក្រុម Newcastle Jets ២​ទល់​០ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ខណៈ​កីឡាករ Honda បាន​ចូលរួម​ពេញ​ម៉ោង​៩០​នាទី​តែម្តង​។ ទោះបីជា​ខកខាន​បង្ហាញ​ខ្លួន​រយៈពេល​យូរ​ក៏ដោយ​តែ​រូបគេ​រកបាន​គ្រាប់​បាល់​ចំនួន​៦​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​ក្នុងចំណោម​ប្រកួត​កន្លងមកនេះ​ផងដែរ​។

​គិត​ត្រឹម​ពេលនេះ​ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ដំណើរ​ចំនួន​២១​ប្រកួត​មក​ហើយ ខណៈ​ប្រកួត​ក្នុង​ពានរង្វាន់ A-League ជា​បន្ត​ក្រុម​Melbourne Victory​ត្រូវ​ប៉ះ​ក្រុម​Brisbane Roar នៅវេលា​ម៉ោង​៣និង៥០​នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន Marvel Stadium ក្នុង​ទីក្រុង Melbourne​ របស់​ខ្លួន​។ ក្រុម Melbourne Victory​ធ្លាក់​មកឈរ​ចំណាត់ថ្នាក់​លេខ​៣ បណ្តោះ​អាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១០ ពោលគឺ​ប្រកួត​ឈ្នះ​១១​លើក ស្មើគ្នា​៥​លើក​និង​ចាញ់​៥​លើក​។

កីឡាករ Keisuke Honda បាន​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី គឺ​Melbourne Victoty ខណៈ​រូបគេ​ធ្លាប់​បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី​ចប់​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ធ្លាក់​នៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu