Ad Code

លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម ចូល​បំភ្លឺ​ពី​វឌ្ឍនភាព​លើ​វិស័យ​កសិកម្ម តម្លៃ​ទីផ្សារ​ស្រូវ​អង្ករ ដំឡូង ដល់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់



ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ហួង ធៀ​ម​ទៀង ប្រធាន​ប្តូរ​វេន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។



​ក្រសួង​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នោះ ផ្តោតជាសំខាន់​លើ​ប្រធានបទ​មាន​ជាអាទិ៍ ទី​១.​វឌ្ឍនភាព​អំពី​ការងារ​បង្កបង្កើនផល បញ្ហា​តម្លៃ ទីផ្សារ​កសិផល និង​សម្ភារ​កសិកម្ម ទី​២.​វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​បទ ល្មើស​ព្រៃឈើ និង​នេសាទ ទី​៣. កញ្ចប់​ថវិកា​របស់​ក្រសួង ទី​៤.​វឌ្ឍនភាព​នៃ​ការអនុវត្ត​ដី​សម្បទាន​សេដ្ឋកិច្ច ទី​៥.​ការ​ប្រែក្លាយ​តំបន់កសិកម្ម​ទៅជា​តំបន់​ក​សិ​-​ទេសចរណ៍ ក​សិ​-​ឧស្សាហកម្ម និង​ក​សិ​-​ពាណិជ្ជករ ទី​៦.​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម A ទៅ Z (​ដាំ​ដុះ ប្រមូល​ផល កែច្នៃ វេច​ខ្ចប់ ឡស​ម្ងួ​ត ឃ្លាំង​ស្តុក ឃ្លាំង​ត្រជាក់ និង​ការនាំចេញ​) ទី​៧.​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ទី​៨.​ការ​យកចិត្តទុកដាក់ ថែរក្សា និង​អភិរក្ស ជំនឿ វប្បធម៌ ប្រពៃណី និង​សាសនា​របស់​បងប្អូន​ជនជាតិភាគតិច ពិសេស​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​។

​ក្រសួង​បាន​បន្ត​ថា តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក បន្ទាប់ពី​លោក​ប្រធាន​ប្តូរ​វេន​មាន​មតិ​ស្វាគមន៍​រួចមក លោក រដ្ឋមន្ត្រី​បាន​រាយការណ៍​ជូន​កិច្ចប្រជុំ​ពិភាក្សា​ដោយ​សង្ខេប​ជា​បន្តបន្ទាប់​ទៅតាម​អនុ​វិស័យ​នីមួយៗ​ជាអាទិ៍ អនុ​វិស័យ​ដំណាំ​គ្រប់​ប្រភេទ ព្រៃឈើ ជលផល ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ និង​អនុ​វិស័យ​កៅស៊ូ ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​វឌ្ឍនភាព គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​។



ក្នុង​កិច្ច​ពិភា​ក្សា លោក​ប្រធាន​គណបក្ស​ដែល​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​ចោទសួរ លើក​សំណើ សំណូមពរ ផ្លាស់​ប្តូរ​ទស្សនវិស័យ និង​ផ្តល់​មតិ​សំខាន់ៗ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​វិធីសាស្ត្រ ឬ​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​។​ល​។ ជា​ការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​បាន​បកស្រាយ និង​គូស បញ្ជាក់​អំពី​យន្តការ​នៃ​ដំណោះស្រាយ​បញ្ហា​ដោយ​ឈរលើ​គោលការណ៍​បច្ចេកទេស ច្បាប់ គោលនយោបាយ និង​ជា​សំខាន់​គឺ​យោង ទៅតាម​តួនាទី និង​ភារកិច្ច​របស់​ក្រសួង​ដែល​មាន​លក្ខណ​ប្រទាក់ក្រឡា ស៊ីជម្រៅ ទូលំទូលាយ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព និង​ជាពិសេស​សមស្រប​តាម​និន្នាការ​នយោបាយ ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ជា​សកល ការវិវឌ្ឍ​ន៍​របស់​ប្រទេសជាតិ​ទាំង​ផ្នែក​សេដ្ឋកិច្ច ប្រជាជន កំណើន​ភ្ញៀវ​ទេសចរណ៍ សេចក្តីត្រូវការ​ស្បៀង ការប្រកួតប្រជែង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ​។



ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជា​អនេក​ជូន​ចំពោះ​សមាជិក សមាជិកា​នៃ​អង្គ​ពិភាក្សា ដែល​បាន​ចំណាយ​ពេលវេលា​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​ពិភាក្សា និង​បាន​ផ្តល់​មតិ​ដែល​ជា​ពុទ្ធិ និង​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​ជា​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​គោល​ធំៗ ដើម្បី​ឈានទៅ​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មាន​ចីរភាព និរន្តរភាព និង​ភាតរ​បរិស្ថាន ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu