បាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក លើកឡើងបែបនេះ នៅក្នុងឱកាសទស្សនកិច្ចសិក្សាស្តីពីការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារជូនដល់នាយទាហានយោធភូមិភាគទី៥ នៅទីបញ្ជាការវរសេនាតូច៥២៣ កងពលតូចថ្មីជើងលេខ៥២ ខេត្តបាត់ដំបង កាលពីថ្ងៃច័ន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩។
មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បញ្ជាការវរសេនាតូច៥២៣ ក្នុងការការពារបូរណភាពទឹកដី និងការកសាង និងការកសាងនៅក្នុងអង្គភាពនេះ។ លោកបន្តថា កាលពីអតីតកាលការកសាងអង្គភាពនេះ ពិតជាមានការលំបាក ប៉ុន្តែយើងបានពុះពារ ខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដើម្បីធ្វើអោយអង្គភាពនេះរីកចម្រើនដូចសព្វថ្ងៃ។
តាមលោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត វិស័យការពារជាតិខ្លាំង គឺអាស្រ័យលើអង្គភាពនិមួយៗខ្លាំង និងម្ចាស់ការលើខ្លួនឯង ហើយអង្គភាពមួយខ្លាំង គឺអាស្រ័យលើការខិតខំប្រឹងប្រែងដោះស្រាយតម្រូវការរបស់អង្គភាព និងរៀនរស់ដោយខ្លួនឯង។ ដូច្នេះការកសាងអង្គភាព ការពង្រឹងលើគ្រប់វិស័យ ការដឹកនាំបញ្ជា ការពង្រឹងកងទ័ពក្នុងការត្រៀមប្រយុទ្ធ និងរបៀបរបបធ្វើការគឺជាគោលការណ៍សំខាន់។ ដើម្បីសម្រេចការងារទាំងអស់នេះ គឺយើងត្រូវចេះច្នៃប្រឌិត មានភាពម្ចាស់ការ ការរៀបចំប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងមានតម្លាភាពក្នុងការបំពេញភារកិច្ច។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំពង្រឹងលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត ប៉ុន្តែនៅក្នុងនាមជាកងទ័ព យើងត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំ ដែលនេះគឺជាកត្តាសត្យានុម័តរបស់យើង ដើម្បីការពារបូរណភាពទឹកដី ។ យើងសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត នឹងទៅបានរលូន និងបានលទ្ធផលល្អ មានភាពសុខដុមរមនា ជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ”។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានស្នើឲ្យកងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់ពង្រឹងខឿនការពារជាតិ ជាពិសេសយោធភូមិភាគទី៥ បន្តតាមដានសភាពការណ៍នៅតាមបណ្តាព្រំដែន ចាត់តាំងផ្សព្វផ្សាយទាំង១០ចំណុចនៃសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃបង្កើតកងទ័ពជើងគោក និងអនុវត្តអភិក្រមទាំង៥ ឲ្យបានខ្ជាប់ខ្ជួនគឺឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់ រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ និងលើកកម្ពស់មនសិការស្នេហាជាតិ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវតួនាទីភារកិច្ចនៅក្នុងការពង្រឹងខឿនការពារជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងអនុវត្តបទបញ្ជាឲ្យបានជោគជ័យដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោកប្រគល់ឲ្យ។ ផ្ដោតលើការងារអប់រំចិត្តសាស្ត្រ ច្បាប់រដ្ឋ វិន័យកងទ័ព បទដ្ឋានគតិយុត្តិផ្សេងៗដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បង្កើនការយកចិត្តទុកដាក់នៅក្នុងការហ្វឹកហ្វឺន កសាងអង្គភាព។ យកចិត្តទុកដាក់ថែទាំរក្សាការពារអាវុធគ្រាប់ជាតិផ្ទុះឲ្យបានត្រឹមត្រូវ និងស្ថិតនៅក្នុងកន្លែងសុវត្ថិភាព។ ត្រូវបន្តទំនាក់ទំនង និងសហការល្អជាមួយបណ្ដាគ្រប់អង្គភាព និងប្រជាជន សំដៅទប់ស្កាត់កុំឲ្យមានបាតុភាពផ្សេងៗកើតឡើង និងត្រៀមសម្ភារៈសង្គ្រោះប្រជាពលរដ្ឋពេលមានហេតុការណ៍កើតឡើង។
មានប្រសាសន៍នៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានស្នើឲ្យយកចិត្តទុកដាក់លើកស្ទួយកម្រិតជីវភាព សុខភាព និងការរស់នៅរបស់កងទ័ព។ ត្រូវពង្រឹងទំនាក់ទំនងល្អ មិត្តភាព សហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសជិតខាង និងខិតខំដោះស្រាយបញ្ហាព្រំដែន ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ៕
Source: Kampuchea Thmey Daily
0 Comments