Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ អ្នកវិភាគ​ត្រូវ​វិភាគ​ដោយ​លក្ខណៈ​សត្យានុម័ត​និង​គ្មាន​ធាតុ​នយោបាយ



ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើការ​រិះគន់​ចំពោះ​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​មួយចំនួន​ថា មាន​ភាព​លម្អៀង​ខាង​នយោបាយ​និង​ខ្វះ​សុចរិត​ភាព។ សម្តេច​បាន​លើកឡើងថា បើ​ធ្វើជា​អ្នកវិភាគ​ត្រូវធ្វើ​ឲ្យ​បាន​នូវ​ការវិភាគ​មួយ​ដែលមាន​លក្ខណៈ​សត្យានុម័ត​ឲ្យ​ច្បាស់ ហើយ​មិន​ត្រូវយក​ធាតុ​នយោបាយ​មក​លាយ​ជាមួយ។

សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ច្បាស់​ជាមាន​ការយកទៅ​វិភាគ​ទៀតហើយ ក្នុងចំណោម​អ្នកវិភាគ ៣​រូប​រួមមាន លោក ឡៅ ម៉ុងហៃ​, លោក មាស នី និង លោក ជេ​ម សុខ គឺ​លោក ជេ​ម សុខ វិភាគ​បាន​ត្រូវ​ច្រើនជាងគេ គឺ ១០ ខុស​៧ ត្រូវ​៣ ,​ចំណែក លោក មាស នី វិភាគ​១០ អាក្រក់​ទាំងអស់​តែម្តង ចំណែក​លោក ឡៃ ម៉ុងហៃ វិភាគ​១០ ត្រូវបាន ១ ។ យ៉ាងណាក៏ដោយ សម្តេច​ថ្លែងថា សម្តេច​នឹង​ទទួលយក​នូវ​ចំណុច​ដែល​ល្អ​កើតចេញពី​ការវិភាគ​នោះ​។



​សម្តេច​បាន​ថ្លែង​ថា «​វិភាគ​ទៀត​ទៅ​កន្លែង​ខ្លះ ខ្ញុំ​យក​បាន ខ្ញុំ​ឃើញ លោក ជេ​ម សុខ នៅ​អាមេរិក​នោះ ឃ្លី​ប​របស់​គាត់​កាលពីមុន​យកមក​មើល​ឡើងវិញ​ជួនកាល​គាត់​ហៅ​ខ្ញុំ "​អា​" ប៉ុន្តែ​ខ្ញុំ​មិន​ខឹង​ទេ ព្រោះ​គាត់​គ្មាន​ចរិត​នយោបាយ​នៅក្នុង​នោះ ដូចនេះ​មនុស្ស​កាលណា​តែ​គ្មាន​នយោបាយ​ចូលខ្លួន​ហើយ​គឺ​វិភាគ​សត្យានុម័ត​ជាង​។ ប៉ុន្តែ​ក្រុម​វិភាគ​មួយចំនួន នយោបាយ​ពេញ​ខ្លួន »​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​អ្នកវិភាគ ត្រូវធ្វើ​ឲ្យ​បាន​នូវ​ការវិភាគ​មួយ​ដែល​មាន​លក្ខណៈ​សត្យានុម័ត​ឲ្យ​ច្បាស់​ហើយ​មិន​ត្រូវ​យក​ធាតុ​នយោបាយ​មក​លាយ​ជាមួយ ។ សម្តេច​បន្ត​ថា អ្នកខ្លះ​វិភាគ​១០ គឺ​ទៅ​ទាំង ១០ ព្រោះ​ចេញ​មក​នយោបាយ​នៅ​ជាមួយ តែ​ទោះបី​វិជ្ជមាន ឬ អវិជ្ជមាន​យើង​ទទួល​យក​មក​ស្តាប់​ទាំងអស់ ជួនកាល​វា​មិនអាក្រក់​ទាំងអស់​ទេ ដូចជា ជឹម សុខ ,​មាស នី បើទោះបីថា វិភាគ ១០​គាត់​ឲ្យ​យើង​ខុស​ទាំង ១០ ក៏​យើង​ទទួល​យកមក​ស្តាប់ ឡៅ ម៉ុងហៃ ក៏​ដូចគ្នា ។ ដូចនេះ សុំ​អ្នកវិភាគ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កត្តា​សត្យានុម័ត​ឲ្យ​បាន​ច្បាស់​។​សម្តេច​បន្តថា ដោយសារតែ​វិភាគ​ខុស​នេះហើយ​ទើប​ធ្វើឱ្យ​ក្រុម​អ្នកប្រឆាំង​មិនដែល​បានឈ្នះ សម្តេច​ម្តងណា​ទេ​។​
​នៅក្នុង​ឳ​កាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​រិះគន់​បរទេស​មួយចំនួន​ដែល​បានជា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ដែលជា​រដ្ឋ​អធិបតេយ្យ​មួយ​ទៅវិញ ដោយ​កម្ពុជា​គ្រាន់តែ​អនុវត្ត​ច្បាប់​របស់ខ្លួន​តែប៉ុណ្ណោះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​សូម្បី​សហរដ្ឋអាមេរិក​ខ្លួនឯង បាន​រិះគន់ថា រុស្ស៊ី​បាន​ជ្រៀត​ជ្រែង​លើ​កិច្ចការ​បោះឆ្នោត​របស់​ស​ហ​រដ្ឋ​អាមេរិក ចុះ​ម្តេច​រឿង​អ្វី​បានជា​កម្ពុជា​គ្រាន់តែ​សន្សំ​តែ​សុខ ឱ្យធ្វើ​ការគោរព​គ្នា​ទៅវិញទៅមក ក៏​យើង​មិនអាច​ធ្វើបាន។ ខ្ញុំ​សុំ​តែ​សុខ​មួយ​ប៉ុណ្ណោះ ពលរដ្ឋ​របស់ខ្ញុំ​វេទនា​ច្រើនពេក​ហើយ ខ្ញុំ​មិន​ចង់ឱ្យ​ពលរដ្ឋ​របស់ខ្ញុំ​ណាមួយ​គ្រោះថ្នាក់​ទេ ខ្ញុំ​មិន​ចង់ឱ្យ​ពលរដ្ឋ​របស់ខ្ញុំ​រងគ្រោះ សូម្បីតែ​ជាប់ពន្ធនាគារ​ក៏​មិន​ដែរ​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​មក​បង្ហាញ​ផងដែរ​ថា ប្រទេស​ថៃ រដ្ឋធម្មនុញ្ញ​ថ្មីៗ បាន​តម្រូវ​ឲ្យ​សមាជិកសភា​ដែល​តែងតាំង​ដោយ​យោធា​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី ដូច្នេះ​បើទោះបីជា​ចាញ់ឆ្នោត​ក៏​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​បានដែរ ។ ប៉ុន្តែ​សហរដ្ឋអាមេរិក​និង​ប្រទេស​មួយចំនួន​មិន​លើក​រឿងនេះ​ជាមួយនឹង​ថៃ មិនមែនជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ថៃ​ទេ តែ​ខ្ញុំ​គ្រាន់តែ​លើក​ជា​ឧទាហរណ៍​។ ចំណែកឯ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​រដ្ឋធម្មនុញ្ញ​របស់​គេ​បញ្ជាក់​ប្រាប់​ថា ២៥​ភាគរយ​នៃ​សភា មិន​ចាំ​បាច់​មានការ​បោះ​ឆ្នោត​ទេ ទុក​ឲ្យ​ពួក​យោធា​តែងតាំង​តែម្តង ។ តើ​វា​យ៉ាងម៉េច​អាហ្នឹង​? ឯ​កម្ពុជា​គ្រាន់តែ​ធ្វើ​ត្រឹម​កម្រិត​នៃ​ដំណើរការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​គណបក្ស​មួយ ដែល​រំលោភបំពាន​ជាមួយនឹង​ច្បាប់​របស់​ប្រទេស ហេតុអ្វី​ក៏​យើង​គ្មាន​សិទ្ធិ​ធ្វើ គ្មាន​សិទ្ធិ​អនុវត្ត តើ​យើង​ជា​រដ្ឋ​មួយ​ទេ ? ហើយ​កម្ពុ​ជា​មាន​បក្សនយោបាយ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុ​ជាធំ​ណាស់ គ្រាន់តែ​ត្រូវ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu