ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យសិង្ហបុរីជួយដល់កម្ពុជាក្នុងការរៀបចំច្បាប់គ្រប់គ្រងបណ្តាញ ព័ត៌មាន, ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និង ច្បាប់ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ។ការស្នើនេះ ក្នុងឳកាសដែលសម្តេចបានអនុញ្ញាតឲ្យលោក Hoong Wee Tech អគ្គស្នងការនគរបាលជាតិសិង្ហបុរី ចូលសម្តែងការគួរសមកាលពីល្ងាចថ្ងៃទី៤ ខែមីនា នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងថា លោកអគ្គនគរបាលសិង្ហបុរីបានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកបានពិនិត្យឃើញថាកម្ពុជាមានការរីកចម្រើននិងមានសោភ័ណភាពល្អ។ លោកក៏បានរាយការណ៍ជូនសម្ដេចអំពីកិច្ចពិភាក្សាជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជាដែលក្នុងនោះមានប្រធានបទជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជានិង សិង្ហបុរី ។ លោកបានបន្តថា ស្ថាប័ននគរបាលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ ហើយនឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត ។
សម្តេចតេជោបានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកអគ្គស្នងការនគរបាលសិង្ហបុរី ហើយបានមានប្រសាសន៍ថា សិង្ហបុរីមានបទពិសោធន៍ និងមានព័ត៌មានជាច្រើនទាក់ទងទៅនឹងតំបន់និងប្រទេសជុំវិញ។ ក្នុងន័យនេះ សម្ដេចបានស្នើឲ្យភាគីទាំងពីរខិតខំពង្រីកនូវកិច្ចសហប្រតិបត្តិការ ទ្វេរភាគីនិងតំបន់ និងផ្ដល់បទពិសោធន៍ផ្នែកព័ត៌មានពីគ្នាទៅវិញទៅមកផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា អំពើភេរវកម្មនិងឧក្រិដ្ឋកម្មតែងមានរៀបចំឡើងជាបណ្ដាញ និងជាប្រព័ន្ធក្នុងន័យនេះគប្បីរួមគ្នាសហការគ្នាទប់ស្កាត់ឲ្យបាន ជៀសវាងកុំឲ្យមានគ្រោះថ្នាក់ ហើយជាពិសេសគឺពីសកម្មភាពរបស់ភេរវករ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីជាប្រទេសមួយដែលមានប្រព័ន្ធអប់រំនិងច្បាប់ដ៏ល្អ ក្នុងន័យនេះសម្តេចបានស្នើសុំសិង្ហបុរីចែករំលែកបទពិសោធន៍នៃការបណ្ដុះបណ្ដាល និង ការរៀបចំច្បាប់គ្រប់គ្រងបណ្ដាញព័ត៌មាននិងច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដល់កម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments