ភ្នំពេញ ៖ តន្ត្រីករ និងអ្នកចម្រៀងខ្មែរវ័យក្មេងចំនួន១០នាក់ នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីសិក្សាស្វែងយល់ពីវិស័យតន្ត្រី ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ដែលដំណើរទស្សនកិច្ចរបស់ពួកគេនេះ ធ្វើឡើងតាមរយៈកម្មវិធីទស្សនកិច្ចភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) On-Demand ហើយជាឱកាសមួយសម្រាប់ឲ្យពួកគេស្វែងយល់ពី វិស័យធុរកិច្ចផ្នែកតន្ត្រី និងជួយពួកគេឲ្យប្រែក្លាយពីអ្នកស្រឡាញ់សិល្បៈ និងអ្នកតន្ត្រី ទៅជាអ្នកដឹកនាំក្នុងឧស្សាហកម្ម។
កម្មវិធី IVLP On-Demand ត្រូវបានរៀបចំពិសេសដោយ ស្ថានទូតអាមេរិកនៅកម្ពុជា ក្រោមប្រធានបទ “កសាងឡើងវិញនូវឧស្សាហកម្មធុរកិច្ចតន្ត្រីកម្ពុជា” ដែលកម្មវិធីនេះនឹងរួមបញ្ចូលផងដែរ នូវការបណ្តុះបណ្តាលលើផ្នែកការពារកម្មសិទ្ធិបញ្ញា និងការរក្សាសិទ្ធិ បែបនៃការកំណត់តម្លៃ និងរបៀបដើម្បីលក់តន្ត្រី ការរកទីផ្សារសម្រាប់លក់តន្ត្រី និងបញ្ហាទាក់ទងនឹងស្លាកយីហោ ។ ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់ឱកាសដល់សិល្បករទាំងនេះ ឲ្យយល់កាន់តែច្រើនពីវិធីកសាង និងរៀបចំទម្រង់នៃឧស្សាហកម្មតន្ត្រី។
កញ្ញា Linnette Franco មន្ត្រីទទួលបន្ទុកកិច្ចការវប្បធម៌របស់ស្ថានទូតអាមេរិក បានថ្លែងថា “យើងជឿជាក់ថា សិល្បករទាំងនេះ នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងការត្រៀមខ្លួនយ៉ាងល្អ ក្នុងការនាំយកវិស័យសិល្បៈរបស់គេ ឲ្យឈានឡើងទៅដល់កម្រិតមួយទៀត ហើយផ្សព្វផ្សាយព័ត៌មានពីសារៈសំខាន់នៃការការពារកម្មសិទ្ធិបញ្ញា ។ ដូច្នេះ គម្រោងនេះក៏នឹងជួយផងដែរ ដល់ការខិតខំរបស់ក្រុមហ៊ុនទាំងឡាយរបស់អាមេរិក នៅក្នុងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាដោយបង្កើតឲ្យមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយមួយស្តីពីការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា”។
អ្នកសិល្បៈទាំងនេះមាន កញ្ញា Adda Angel, កញ្ញា ចិត្ត កញ្ចនា, លោក ម៉ម ពេជ្ជរិទ្ធ, លោក សុខា បញ្ញា, លោក វណ្ណ ចេស្ដា, លោក ម៉ា ច័ន្ទបញ្ញា, លោក រៀម សុខភីរម្យ, កញ្ញា រិទ្ធី លំអរពេជ្រ, លោក ជុង សៀវភីន និងលោក អ៊ួង សូរិយា។ ពួកគេនឹងធ្វើដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោន ទីក្រុង Austin ក្នុងរដ្ឋ Texas និងទីក្រុង Los Angeles ក្នុងរដ្ឋ California។
អ្នកចម្រៀង និងតន្ត្រីករ អ៊ួង សូរិយា បាននិយាយថា “ខ្ញុំពិតជារង់ចាំ ដើម្បីនឹងចូលរួម គ្រប់វគ្គទាំងអស់ ដែលក្រសួងការបរទេសអាមេរិកកំណត់មក តែពិសេសបំផុតនោះ គឺវិធីធ្វើយ៉ាងណាដើម្បីប្រែក្លាយខ្លួនជាអ្នកស្រឡាញ់តន្ត្រី ទៅជាម្ចាស់ជំនួញម្នាក់”។
កម្មវិធីទស្សនកិច្ចភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) គឺជាកម្មវិធីផ្លាស់ប្តូរទស្សកិច្ចកម្រិតអាជីពដ៏សំខាន់មួយរបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក។ តាមរយៈទស្សនកិច្ចរយៈពេលខ្លីទៅកាន់សហរដ្ឋអាមេរិក អ្នកដឹកនាំបរទេសបច្ចុប្បន្ន និងនាពេលអនាគត មកពីវិស័យនានានៅក្នុង បានឃើញប្រទេសនេះដោយផ្ទាល់ ហើយបណ្តុះទំនាក់ទំនងយូរអង្វែង ជាមួយសមភាគីអាមេរិករបស់ពួកគេ។
គួរបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៣មក ស្ថានទូតអាមេរិកនៅភ្នំពេញ បានបញ្ជូនបុគ្គលចំនួន៣២៥ នាក់ ឲ្យចូលរួមនៅក្នុងកម្មវិធី IVLP ដោយក្នុងនោះរួមមានមន្ត្រីរដ្ឋាភិបាលកំពូលៗ អ្នកនយោបាយ អ្នកធ្វើការតស៊ូមតិមកពីអង្គការសង្គមស៊ីវិល សហគ្រិន និងអ្នកសារព័ត៌មាន៕
Source: Kampuchea Thmey Daily
0 Comments