ភ្នំពេញ ៖ លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) រំលឹកបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបិទបញ្ជីបោះឆ្នោតដំបូង ការប្ដឹងតវ៉ា ឬប្ដឹងទាស់ និងការដោះស្រាយបណ្ដឹង ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ៣០១៩ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ៣០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកល ដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែងជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាពីរប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការបោះឆ្នោតនេះ មានការខុសប្លែកពីការបោះឆ្នោតសកល ដែលអ្នកបោះឆ្នោតម្នាក់ៗ ត្រូវបោះឆ្នោតចំនួន២សន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សាតាមប្រភេទនីមួយៗ និងមានហឹបឆ្នោតចំនួន២ប្រភេទផងដែរ។
លោក ឌុច សុន ដែលជាប្រធានអង្គប្រជុំបានលើកឡើងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះមានចំនួន៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយគណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ។ លោកបន្តថា បន្ទាប់ពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះមក គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ទាំង២៥បានទទួលលទ្ធផលផ្លូវការ ដែលក្នុងនោះរួមមាន ទី១, គណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីបានចំនួន២៥ រាជធានី ខេត្ត និងមាន២០៣ ក្រុង ស្រុក ខណ្ឌ សរុបទាំងអស់មាន២២៨។ ទី២, គណបក្សសញ្ជាតិកម្ពុជា ចុះបញ្ជីបានចំនួន២៥ រាជធានី ខេត្ត និងមាន១០៩ ក្រុង ស្រុក ខណ្ឌ សរុបទាំងអស់មាន១៣៤។ ទី៣, គណបក្សហ្វ៊ុនស៊ិនប៉ិច ចុះបញ្ជីបានចំនួន១២ រាជធានី ខេត្ត និងមាន៧១ ក្រុង ស្រុក ខណ្ឌ សរុបទាំងអស់មាន៨៣។ ទី៤, គណបក្សខ្មែររួបរួមជាតិ បានចុះបញ្ជីចំនួន១១ រាជធានី ខេត្ត និងមាន៥៤ ក្រុង ស្រុក ខណ្ឌ សរុបទាំងអស់មាន៦៥។ ទី៥, គណបក្សយុវជនកម្ពុជា បានចុះបញ្ជីចំនួន១០ រាជធានី ខេត្ត និងមាន២៣ ក្រុង ស្រុក ខណ្ឌ សរុបទាំងអស់មាន៣៣។ ទី៦, គណបក្សឆន្ទៈខ្មែរ ចុះបញ្ជីបានចំនួន១៦ រាជធានី ខេត្ត និងមាន១ ក្រុង ស្រុក ខណ្ឌ សរុបទាំងអស់មាន១៧។ ទី៧, គណបក្សខ្មែរសាធារណរដ្ឋ ចុះបញ្ជីបានចំនួន១ រាជធានី ខេត្ត និងមាន១ ក្រុង ស្រុក ខណ្ឌ សរុបទាំងអស់មាន២។
តាមលោក ឌុច សុន ការចុះឈ្មោះអ្នកបោះឆ្នោតតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗមានរយៈពេល១៣ ថ្ងៃ ដោយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមិនគិតបញ្ចូលថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការ ហើយសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នៅក្នុងមុខតំណែង ដែលជាអ្នកបោះឆ្នោត សំរាប់ការបោះឆ្នោតនេះ មានចំនួនសរុប១១៥៧២នាក់ នៅទូទាំងប្រទេស ហើយជាលទ្ធផល គ.ជ.ប ទទួលបានអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ក្នុង២០៣ មណ្ឌលក្រុង ស្រុក ខណ្ឌ ត្រូវនឹង១៦៤៦ ឃុំ សង្កាត់ ចំនួន១១៥៧២នាក់ (ស្រីចំនួន២៣៨២នាក់) ដែលមានការិយាល័យបោះឆ្នោតចំនួន២០៣។
ទាក់ទងការបិទផ្សាយបញ្ជីដំបូង លោក ឌុច សុន បញ្ជាក់ថា ការបិទផ្សាយបញ្ជីដំបូង គឺដើម្បីបំរើគោលដៅនៃការពិនិត្យ កែតម្រូវ តាមរយៈការប្ដឹងតវ៉ា និងការប្ដឹងជំទាស់ ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។ ជនណាក៏ដោយ ក៏មានសិទ្ធិប្ដឹងតវ៉ា និងប្ដឹងជំទាស់ ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះបានដែរ ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ហើយការដាក់ពាក្យបណ្ដឹងត្រូវធ្វើនៅ គធ.ខប។
លោកអះអាងថា ការប្តឹងតវ៉ា និងប្ដឹងជំទាស់ និងការដោះស្រាយពាក្យបណ្ដឹងលើបញ្ជីបោះឆ្នោតដំបូង មានចំនួន១៩ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ខែមេសាដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ហើយការប្តឹងនៅ គធ.ខប មានរយៈពេល៥ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយ ដោយចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។ ចំណែកការដោះស្រាយពាក្យបណ្ដឹងដោយ គធ.ខប មានរយៈពេល៣ថ្ងៃ បន្ទាប់ពីថ្ងៃប្តឹង គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ ការប្ដឹងទៅ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីថ្ងៃ គធ.ខប បដិសេធ គឺចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។
ដោយឡែកការដោះស្រាយពាក្យបណ្ដឹងដោយ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីថ្ងៃប្ដឹង គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។
លោក ឌុច សុន បានអះអាងថា ជនណាក៏ដោយ ឬតំណាង មានសិទ្ធិប្ដឹងតវ៉ា និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមពាក្យបណ្ដឹង ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងទៅ គធ.ខប ឬ គ.ជ.ប ហើយពាក្យបណ្ដឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ប៉ុន្តែពាក្យបណ្ដឹងអនាមិកពុំត្រូវបានចាត់ទុកជាពាក្យប្ដឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយ តែត្រូវបានចាត់ទុកជាឯកសារព័ត៌មានសម្រាប់ការពិចារណា៕
Source: Kampuchea Thmey Daily
0 Comments