អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងតែប្រកបអាជីពជាមួយក្លិបណាហ្គាវើល បានរងរបួសត្រង់ឆ្អឹងជំនីពេលក្រុមរបស់ខ្លួនប្រកួតចាញ់ក្រុមTampines Rover កាលពីពេលថ្មីៗក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2019 ខណៈកីឡាកររូបនេះ ទើបតែព្យាបាលជាពីរបួសប្រេះឆ្ពឹងដៃខាងឆ្វេង។
កីឡាកររូបនេះបានលើកឡើងក្រោយប្រកួតថ្មីៗនេះថា «ពេលហ្នឹងខ្ញុំលោតទៅធ្លាក់មកវិញ បុកនឹងដែកចងសំណាញ់ទីនៅខាងក្រោម ចំឆ្អឹងជំនីរក្រោមទ្រូងខាងឆ្វេង។ ខ្ញុំបានឲ្យគ្រូពេទ្យពិនិត្យហើយគាត់ថាអត់មានស្រាំ ឬបាក់បែកអីទេ ប៉ុន្តែរាងហើម និងឈឺដោយសារយើងបុកទៅគ្រាំ។ ខ្ញុំសោកស្ដាយដែលជួយក្រុមអត់បានដល់ចប់ការប្រកួត ហើយលទ្ធផលធ្វើឲ្យយើងខកបំណងម្ដងទៀត»។ យ៉ាងណាក្តីអាការៈរបួសនៅឈឺតិចៗនៅឡើយ ហើយកំពុងទទួលការព្យាបាលដោយម៉ាស្សា និងប្រើ Ultrasound ដោយរំពឹងថា នឹងអាចត្រលប់ទៅសភាពធម្មតាវិញ ទាន់ប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា នៅចុងសប្ដាហ៍នេះផងដែរ។
សូមរំលឹកថា កីឡាករ ស៊ូ យ៉ាទី ទៅដល់ណាហ្គាវើល ដំបូងបានរងរបួសរហែកសាច់ដុំកាលពីខែកក្កដា កន្លងទៅខណៈរូបគេបន្តរបួសប្រេះឆ្អឹងដៃខាងឆ្វេងនេះ នៅចុងឆ្នាំ២០១៨កន្លងទៅ។ រូបគេបានចាប់អាជីពជាអ្នកចាំទីដំបូងជាមួយក្រុមបៀលប្រាយ នៅឆ្នាំ២០១៦ដល់២០១៧ ខណៈនៅឆ្នាំ២០០៩ ដល់២០១៣ រូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ និងពីឆ្នាំ២០១៣ ដល់២០១៥ គេផ្លាស់ទៅក្រុមភ្នំពេញក្រោន និងពីឆ្នាំ២០១៥ ដល់២០១៨ ចូលរួមជាមួយបឹងកេត និងចុងឆ្នាំ២០១៨រូបគេចូលរួមជាមួយណាហ្គាវើល ម្តង។ ចាប់ពីឆ្នាំ២០១២ ដល់បច្ចុប្បន្នរូបគេជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ពីឈុត U22 ដល់ឈុតធំផងដែរ។
មុនមានការវិវត្តន៍អាជីពរបស់ខ្លួនពីក្លិបមួយទៅក្លិបមួយ ស៊ូ យ៉ាទី ធ្លាប់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ ជាមួយក្រសួងការពារជាតិ ហើយនៅឆ្នាំ២០១៤ ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ជាមួយភ្នំពេញក្រោន ខណៈនៅឆ្នាំ២០១៦និង២០១៧ ឈ្នះជើងឯកលីគកំពូលកម្ពុជា ជាមួយបឹងកេតម្តង។ នៅឆ្នាំ២០១៥ គេធ្លាប់ឈ្នះជើងឯករងពានរង្វាន់ 2015 Mekong Club Championship ជាមួយបឹងកេត ក្រោយចាញ់ក្រុមថៃ Buriram United ១ទល់០។ ចំណែកពានរង្វាន់ឯកត្តជនវិញគេធ្លាប់ឈ្នះពានរង្វាន់ស្រោមដៃមានលីគកំពូលកម្ពុជាឆ្នាំ២០១៤ និង២០១៧ ផងដែរ ខណៈក្នុងពាន 2015 Mekong Club Championship ឈ្នះស្រោមដៃមាសដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments