Ad Code

លី​គ​កំពូល​ប្រទេស​កូរ៉េខាងត្បូង នឹង​ប្រើ​កូតា​កីឡា​ករពី​តំបន់​អាស៊ាន​ចាប់ពី​ឆ្នាំ​២០២០ តទៅ​



លី​គ​កំពូល​ប្រទេស​កូរ៉េខាងត្បូង (K-League) បាន​បញ្ជាក់​នៅលើ​វិ​ប​សាយ​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​ថា​លី​គ​របស់ខ្លួន​បានសម្រេច​កំណត់ឱ្យ​កីឡាករ​មកពី​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ (​អាស៊ាន​) អាច​លេង​ក្នុងនាម ASEAN Quota ចាប់ពី​រដូវ​កាល​២០២០​ខាងមុខ​។

​សូម​រំលឹក​ថា បច្ចុប្បន្ន​ក្លិប​នៅ​ក្របខណ្ឌ​កំពូល​និង​ទី​២​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​អនុញ្ញាតិ​ឱ្យ​ចុះហត្ថលេខា​លើ​កីឡាករ​បរទេស​៣​រូប និង​អាស៊ី​ម្នាក់​។ យ៉ាងណាក៏ដោយ ចាប់តាំងពី​រដូវ​កាល​ក្រោយ​តទៅ​ក្លិប​ជា​សមាជិក​លី​គ​កំពូល​កូរ៉េខាងត្បូង អាចមាន​កីឡាករ​បរទេស​៥​នាក់ ពោលគឺ​បន្ថែម ASEAN Quota ម្នាក់​។ ពានរង្វាន់​លី​គ​កំពូល​កូរ៉េខាងត្បូង បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨៣ មកម្ល៉េះ​ខណៈ​ក្រុម​Seongnam FC ធ្លាប់​ឈ្នះ​ជើងឯក​បាន​ច្រើនជាងគេ​គឺ​រហូតដល់​ចំនួន​៧​ដង។

ប្រភពព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា K League បានសម្រេច​ចិត្ត​នេះ​គឺធ្វើឡើង​បន្ទាប់ពី បានបង្ហាញ​ពី​ផែនការ​ដើម្បី "​បង្កើត​អាជីវកម្ម​ថ្មី និង​រុករក​ទីផ្សារ​នៅក្រៅ​ប្រទេស​" ជាមួយនឹង​ការឧបត្ថម្ភ និង​ការ​ផ្សព្វផ្សាយ​ពី​បរទេស​ដើម្បី​រកប្រាក់​ចំណេញ​។ បច្ចុប្បន្ននេះ K-League មាន​កីឡាករ​ទៅ​ពី​តំបន់​អាស៊ាន​តែ​ម្នាក់​គត់​គឺ​កីឡាករ​វៀតណាម Nguyen Cong Phuong របស់​ក្លិប Incheon United ដែល​ផ្ទេរ​ចេញពី​ក្លិប​ស្រុកកំណើត Hoàng Anh Gia Lai ក្នុង​លក្ខខណ្ឌ​ខ្ចី​។

សូមបញ្ជាក់ថា​ ចាប់ពី​ឆ្នាំ​២០២០​តទៅ កីឡាករ​មកពី​តំបន់​អាស៊ាន​រួមមាន​ពី​ប្រទេស​ប្រ៊ុយណេ​, កម្ពុជា​, ឥណ្ឌូនេស៊ី​, ឡាវ​, ម៉ាឡេស៊ី​, ភូមា​ហ្វីលីពីន​, សិង្ហ​បុរី ថៃ និង​វៀតណាម អាច​ចុះឈ្មោះ​ក្រោម​កូតា​របស់​អាស៊ាន​បាន​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ក្រុម​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កូរ៉េខាងត្បូង មានឈ្មោះ​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់​AFC Champions League ខណៈ​ក្រុម​ជើងឯក​រង​ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​ពាន AFC Champions League​ផងដែរ ខណៈ​ក្លិប​ជា​សមាជិក​មាន​ចំនួន​១២​ក្រុម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu