Ad Code

អគ្គស្នងការ​នគរបាល​ជាតិ​យក​សកម្មភាព​ការពារ​សន្តិសុខ​នៅ​ឆ្នាំ​ថ្មី​នេះ ធ្វើជា​គំរូ សម្រាប់​អនុវត្ត​នៅ​ឆ្នាំក្រោយ



ភ្នំពេញ​ ៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​យក​សកម្មភាព​ការពារ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កន្លងទៅ​នាពេល​ថ្មីៗ​នេះ ធ្វើជា​គំរូ សម្រាប់​អនុវត្ត​នៅ​ឆ្នាំក្រោយ ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។

នាយ​ឧត្ដមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ដក​ពិសោធន៍​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី នៅ​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ថា ការគ្រប់គ្រង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ដោយសារ​មានការ​ចូលរួម​សហកា​រ​ពី​គ្រប់ មន្ត្រី​មូលដ្ឋាន​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការកំណត់​មុខសញ្ញា​រាល់​បទល្មើស​ផ្សេងៗ ដើម្បី​បង្កា​និង​ទប់ស្កាត់​ទុកជាមុន​បាន​ទាន់ពេលវេលា ចំពោះ​ជនល្មើស​ដែល​បាន​បង្ក​ភាពអសន្តិសុខ​នៅក្នុង​សង្គម​។

ទន្ទឹមគ្នានេះ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​បញ្ជា​ឲ្យ​គណៈ​គ្រប់គ្រង​ស្នងការ​រាជធានី​ខេត្ត ទាំងអស់ ឆ្លាស់​វេន ឈប់សម្រាក ២ ទៅ ៣ ថ្ងៃ សម្រាប់​មន្ត្រីនគរបាល​ដែល​បាន​លះបង់​ពេលវេលា និង​មនោសញ្ចេតនា​ក្រុមគ្រួសារ ដោយ​បានធ្វើ​ពលិកម្ម និង​រួមចំណែក​ជាមួយនឹង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​កិច្ចការពារ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​កន្លងទៅនេះ​។

នៅក្នុង​កិច្ចប្រជុំ​នោះ​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​កោតសរសើរ ចំពោះ​ការងារ​ការពារ​គ្រប់គ្រង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ ក៏ដូចជា​ការគ្រប់គ្រង ល្បែងស៊ីសង បញ្ហា​គ្រឿងញៀន បទល្មើស​ឆក់ ប្លន់ និង ក្មេង​ទំនើង​ជាដើម នៅក្នុង​អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ កន្លងទៅ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ធានាបាន​នូវ​បរិយាកាស​សប្បាយរីករាយ នៅ​គ្រប់​បណ្ដា​ខេត្ត​នៅ​ទូទាំងប្រទេស​។

យោងតាម​របាយការណ៍​វាយតម្លៃ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​១៤​ដល់ ថ្ងៃទី​១៦​មេសា ឆ្នាំ​២០១៩ មន្ត្រីនគរបាល​រាជធានី​ខេត្ត បង្ក្រាបបាន​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន ៣៩​ករណី ឃាត់ខ្លួន​បាន​៥៦​នាក់ ក្នុងនោះ បទ​ឧក្រឹដ្ឋ ៦ ករណី ឃាត់ខ្លួន​បាន ១០ នាក់ ,​បទល្មើស​មជ្ឈិម​៣៣ ករណី ឃាត់ខ្លួន​បាន ៤៦ នាក់ ,​បង្ក្រាប​ក្មេង​ទំនើង បាន ៦ ករណី ឃាត់ខ្លួន​បាន​២៧​នាក់ នឹង បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន ៦ ករណី ឃាត់ខ្លួន ១៣​នាក់ ដកហូត​ម៉ា​ទឹកកក បាន​ចំនួន​៤០​កញ្ចប់ និង​ម៉ូតូ​៣​គ្រឿង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu