ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ បានយកសកម្មភាពការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅនាពេលថ្មីៗនេះ ធ្វើជាគំរូ សម្រាប់អនុវត្តនៅឆ្នាំក្រោយ ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។
នាយឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំដកពិសោធន៍កិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិថា ការគ្រប់គ្រងសន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អនៅក្នុងឆ្នាំថ្មីនេះ គឺដោយសារមានការចូលរួមសហការពីគ្រប់ មន្ត្រីមូលដ្ឋានទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការកំណត់មុខសញ្ញារាល់បទល្មើសផ្សេងៗ ដើម្បីបង្កានិងទប់ស្កាត់ទុកជាមុនបានទាន់ពេលវេលា ចំពោះជនល្មើសដែលបានបង្កភាពអសន្តិសុខនៅក្នុងសង្គម។
ទន្ទឹមគ្នានេះ អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាឲ្យគណៈគ្រប់គ្រងស្នងការរាជធានីខេត្ត ទាំងអស់ ឆ្លាស់វេន ឈប់សម្រាក ២ ទៅ ៣ ថ្ងៃ សម្រាប់មន្ត្រីនគរបាលដែលបានលះបង់ពេលវេលា និងមនោសញ្ចេតនាក្រុមគ្រួសារ ដោយបានធ្វើពលិកម្ម និងរួមចំណែកជាមួយនឹងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារសុវត្ថិភាព និងសន្តិសុខនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងទៅនេះ។
នៅក្នុងកិច្ចប្រជុំនោះនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងកោតសរសើរ ចំពោះការងារការពារគ្រប់គ្រង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាការគ្រប់គ្រង ល្បែងស៊ីសង បញ្ហាគ្រឿងញៀន បទល្មើសឆក់ ប្លន់ និង ក្មេងទំនើងជាដើម នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ កន្លងទៅនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ នៅគ្រប់បណ្ដាខេត្តនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍វាយតម្លៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ដល់ ថ្ងៃទី១៦មេសា ឆ្នាំ២០១៩ មន្ត្រីនគរបាលរាជធានីខេត្ត បង្ក្រាបបានបទល្មើសព្រហ្មទណ្ឌបានចំនួន ៣៩ករណី ឃាត់ខ្លួនបាន៥៦នាក់ ក្នុងនោះ បទឧក្រឹដ្ឋ ៦ ករណី ឃាត់ខ្លួនបាន ១០ នាក់ ,បទល្មើសមជ្ឈិម៣៣ ករណី ឃាត់ខ្លួនបាន ៤៦ នាក់ ,បង្ក្រាបក្មេងទំនើង បាន ៦ ករណី ឃាត់ខ្លួនបាន២៧នាក់ នឹង បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៦ ករណី ឃាត់ខ្លួន ១៣នាក់ ដកហូតម៉ាទឹកកក បានចំនួន៤០កញ្ចប់ និងម៉ូតូ៣គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments