កណ្តាល ៖ ជំនឿផ្នែកអរូបិយរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន ពេលបច្ចុប្បន្ននេះ ត្រូវបានគេសង្កេតឃើញថា មានការរីករាលដាលដែលផ្នែកមួយនៃជំនឿទាំងនោះ ពួកគេបាននាំគ្នាមកជឿតៗគ្នាទៅលើផ្នែកខ្លះនៃដើមឫស្សីថា ជាវត្ថុស័ក្តិសិទ្ធិដ៏ពិសេស ប៉ុន្តែក៏មានអ្នករិះគន់ចំពោះរឿងនេះផងដែរ។
ឫស្សីដែលគេនិយមជឿតៗគ្នាមកថា ជាវត្ថុស័ក្តិសិទ្ធិនិងមានបារមីកាន់នោះ វាមានទម្រង់រូបរាង ដូចជា ១. "ជុំក្រឡង់" វាមានរាងបត់បែនជារង្វង់ជួនមែកជួនដើមទាំងមូលតែម្តង។ ឫស្សីបែបនេះ ត្រូវបានគេយល់ថា វាមានឫទ្ធិបារមីកាន់អាចការពារនូវការបៀតបៀនពីក្រុមខ្មោច បិសាច គ្រូធ្មប់ដែលប៉ុនប៉ងមិនល្អមកលើយើងអ្នកប្រើប្រាស់ និងធ្វើឲ្យយើងមានរាសីខ្ពស់រកស៊ីនិង ផ្នែកសន្តិសុខ។ ២."នប់" វាមានរាងជាទំពាំងដែលដុះមកពីដីបានបន្តិចមិនលើស១ចំអាមដៃ តែមិនលូតលាស់ទេ គឺវានៅក្រិនតែមានភាពរឹងមាំ ឬមានខ្លឹម។ ឫស្សីប្រភេទនេះ ត្រូវបានគេមានជំនឿថា មានវិញ្ញាណ ម្រេចគង្វាល ឬ ខ្មោចកូនក្មេងមកកាន់សណ្ឋិតនៅក្នុង នប់ នោះ ដែលអ្នកមានជំនឿយល់ថា មានឫទ្ធិខ្លាំងពូកែខាងផ្នែកសន្តិសុខផ្សេងៗ។
៣. "ឫស្សី ថ្នាំងស្របមែកទល់គ្នា" ត្រូវបានគេមានជំនឿយ៉ាងខ្លាំងថា វាមានឫទ្ធិបារមីខ្លាំងពូកែណាស់ ផ្នែកសឹកសង្គ្រាម និង ការពារនូវអំពើអាបធ្មប់ផ្សេងៗផង។ ឫស្សីប្រភេទនេះកម្រមានណាស់ហើយវាប្រភពផ្អើលជឿចេញមកពីប្រទេសឥណ្ឌូនេស៊ី តាមរយៈប្រព័ន្ធហ្វេសប៊ុក ចំណែកនៅប្រទេសថៃក៏គេមានជំនឿខ្លាំងទៅឫស្សីប្រភេទនេះដែរ ដូចគ្នាទៅនឹងពលរដ្ឋខ្មែរមួយចំនួនបានប្រកាសរកទិញដោយហ៊ានឲ្យតម្លៃខ្ពស់ខ្ទង់ជាង១លានរៀលឡើងទៅ។
បុរសម្នាក់ដែលគេស្គាល់ឈ្មោះ ផល បានកំពុងប្រកបរបរនេះ ដោយយកឫស្សីដូចបានពណ៌នាខាងលើ យកមកដាក់លក់នៅលើខ្នងភ្នំព្រះរាជទ្រព្យ (ហៅភ្នំឧដុង្គ)។
គាត់និយាយថា មានម៉ូយរបស់គាត់គេមកកុម្ម៉ង់ទិញរកឲ្យគេមិនទាន់ផង គាត់ថា ឫស្សីដែលគាត់បានយកមកដាក់ជាវ(លក់)នេះ ជាវត្ថុស័ក្តិសិទ្ធិរបស់ដូនតាខ្មែរ យើងតាំងពីបុរាណមកម្ល៉េះ។ គាត់ថា គាត់រកចំណូលបានចន្លោះពី២០ម៉ឺនរៀលទៅ៥០ម៉ឺនរៀលក្នុងមួយថ្ងៃៗជួនខ្ទង់លានរៀល អ្នកមាននិស្ស័យទើបជាវបានបើជឿទើបមានឫទ្ធិបារមីខ្លាំងពូកែ។
តាៗអាចារ្យវត្តមួយចំនួនរស់នៅតំបន់នោះ សូមមិនឲ្យបញ្ចេញឈ្មោះ ដែលបានឃើញបុរសខាងលើកំពុងកាប់ឫស្សីក្រញេងក្រញាងមកដាក់លក់នោះថា ជាការបោកប្រាសគេដោយមិនចេះខ្មាសអៀន។ ក្រុមតាៗទាំងនោះបាននិយាយបញ្ជាក់ថា តាមពិតឫស្សីជាវត្ថុស័ក្តិសិទ្ធិមែន ប៉ុន្តែមិនមែនឫស្សីបែបនេះទេ គឺឫស្សីណាដែលមានបញ្ញើក្អែកដុះ នៅលើដើមឫស្សីនោះ ទើបវាពូកែទាំងបញ្ញើក្អែក ទាំងដើមមែកឫស្សីនោះ ប៉ុន្តែគេត្រូវប្រើវិធីសុំកាប់យកមានអុចធូបទាននិងជ្រើសរើសយកថ្ងៃល្អ គឺ នៅថ្ងៃសីលធំ ខែពេញបារមី។ ជូននៅក្នុងដើមឫស្សីនោះ មាននាងពួនផង។
នោះគេហៅរុក្ខទេវតា មកនៅថែរក្សានៅលើដើមឫស្សីនោះ ហើយវាកម្រកើតមានណាស់ បើមានជួបគឺ វាមានបារមីខ្លាំងពូកែពិតមែន មិនមែនឲ្យតែដើមឫស្សី ក្រញេងក្រញាងសុទ្ធតែមានបារមីកាន់ខ្លាំងពូកចឹងនោះទេ គឺជាការឆបោក៕
Source: Kampuchea Thmey Daily
0 Comments