Ad Code

ក្លិប​បាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី ប្រកាស​ត្រៀម​ចេញទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ថៃ​



កីឡាករ​យុវជន និង​ថ្នាក់ដឹកនាំ​របស់​ក្លិប​បឹងកេត បាន​ចូលរួម​ជាមួយ​តារា​សម្តែង តារាចម្រៀង​តំណាង​ឲ្យ​កម្ពុជា ជាច្រើន​រូប​តំណាង​ឲ្យ​ក្រុម​តារា​ចម្រុះ​របស់​ក្លិប​បឹងកេត សមាជិក​របស់​លី​គ​កំពូល​កម្ពុជា បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ថៃ ជាមួយ​ក្រុ​តារា​ចំរុះ​ថៃ នៅ​ថ្ងៃ​អង្គារ ទី​៩ ខែមេសា ឆ្នាំ ២០១៩ ថ្មីៗ​នេះ​ក្នុង​គោលដៅ​ប្រកួត​មិត្តភាព​សប្បុរសធម៌​។



ជា​លទ្ធផល​បឹងកេត បាន​យកឈ្នះ​លើ​ក្រុម​តារា​ចម្រុះ​របស់​ថៃ ដោយ​លទ្ធផល​២​ទល់​១ លើ​ទីលាន​កីឡដ្ឋាន Pathum Thani របស់​ក្លិប​កងទ័ពអាកាស​ថៃ Air Force United​។​ក្រុម​តារា​ចំរុះ​កម្ពុជា រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ ចេ​ន ដែលជា​ការ​ទាត់បាល់​ពិន័យ ១១​ម៉ែត្រ ក្នុង​វគ្គ​ទី​១ និង ១​គ្រាប់​ទៀត​នៅ​ចុង​វគ្គ​ទី​ពីរ ដោយ​កីឡាករ លឹម យូ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​។



យោង​តាម​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី បាន​បញ្ជាក់​តាម​គម្រោង​នៃ​កម្មវិធី​សប្បុរសធម៌​នេះ​ក្លិប​បឹងកេត និង​ភាគី​ខាង​ថៃ មាន​គម្រោង​មក​ធ្វើការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​លើក​ទី​ពីរ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​អនាគត ដើម្បី​ចូលរួម​រ៉ៃអង្គាសប្រាក់​ជួយ​ដល់​មន្ទីរ​ពេទ្យ និង​កុមារ​កំព្រា​របស់​កម្ពុជា​ផង​ដែរ​។ ក្រុម​បឹងកេត បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១​ទល់​១ នៅ​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​មុន​បន្តដំណើរ​ទៅកាន់​ប្រទេស​ថៃ​។



សូម​រំលឹក​ថា ​ក្រុម​បឹងកេត ធ្លាប់​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចំនួន​៣​លើក​ផង​ដែរ ខណៈ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្លិប​ដែល​មាន​ប្រភព​មកពី​ខេត្តកំពង់ចាម បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្រោយ​ចាញ់​ក្រុម​ណាហ្គា​វើ​ល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu