ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសមេខ្លោងលក់ដូរស្រីក្រមុំខ្មែរ ឆ្លងដែន៣នាក់ ដោយផ្ដន្ទាទោស២នាក់ដាក់ពន្ធនាគារ ម្នាក់ៗ៧ឆ្នាំ និងបង្គាប់ឲ្យរួមគ្នាសងជនរងគ្រោះចំនួន៣នាក់ ជាប្រាក់៦០លានរៀល និងចេញដីកាបង្គាប់ចាប់ខ្លួនម្នាក់មកអនុវត្តទោស៨ឆ្នាំ ក្រោមការចោទប្រកាន់ ពីបទការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ។
លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩នេះ បានលើកយកសំណុំរឿងលក់ដូរមនុស្សឆ្លងដែនមួយក្រុមមកធ្វើការជំនុំជម្រះ ក្រោយពីមានជនរងគ្រោះរត់ចេញពីផ្ទះដែលគេបង្ខាំងទុកទៅរកប៉ូលិសនៅប្រទេសចិនឲ្យជួយរំដោះនាំមកកម្ពុជាវិញបានប្ដឹង។
ជនជាប់ចោទនៅក្នុងក្នុងរឿងក្ដីនេះមាន៤នាក់ ទី១.ឈ្មោះ ស៊ូ សុភាព ហៅស្រីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាមេខ្លោង។ ទី២.ឈ្មោះ ឃួន សារ៉ាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកសម្របសម្រួល និងជាប្ដីរបស់ ស៊ូ សុភាព។ ទី៣.ឈ្មោះ សុខ សុទ្ធារក្ស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកនាំស្ត្រីខ្មែរទៅចិន។ ទី៤.ឈ្មោះ ផល ផា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកដឹកជញ្ជូន។
អ្នកទាំង៤នាក់នេះ ស្នាក់នៅផ្ទះជួលលេខ ៩៤B ផ្លូវ១៥០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងសវនាការ ជនជាប់ចោទ ឈ្មោះ ស៊ូ សុភាព បានសារភាពថា ខ្លួនពិតជាបានបញ្ជូនស្ត្រីក្រមុំខ្មែរមួយចំនួនទៅរៀបការប្ដីចិន នៅប្រទេសចិនតាមការស្ម័គ្រចិត្តរបស់ពួកគេ។
ជនជាប់ចោទបានបញ្ជាក់ថា លក្ខណៈជ្រើសរើស គឺស្ត្រីក្រមុំខ្មែរ ត្រូវតែមានអាយុពី២០ ទៅ២៥ឆ្នាំ មានរូបសម្ផស្សស្អាត មានកាយសម្បទាមាំមួន ដោយការចំណាយធ្វើលិខិតឆ្លងដែន ការស្នាក់នៅ និងការធ្វើដំណើរជាបន្ទុករបស់ខ្លួនក្នុងការរៀបចំអោយទាំងអស់រហូតដល់បញ្ជូនពួកគេទៅដល់ស្រុកយួន និងប្រទេសចិន។
ចំណែក ឈ្មោះ សុខ សុទ្ធារ័ក្ស បានសារភាពថា ខ្លួនគេជាអ្នកនាំជនរងគ្រោះជិះតាក់ស៊ីរបស់ឈ្មោះ ផល ផា ពីភ្នំពេញ ទៅព្រំដែនវៀតណាម ដែលនៅទីនោះ មានអ្នកមកចាំទទួលមនុស្ស ដើម្បីធ្វើដំណើរតាមយន្តហោះទៅប្រទេសចិន។
ជនជាប់ចោទរូបនេះបានសារភាពទៀតថា ក្នុងមួយជើងៗ ខ្លួនបានទទួលលុយពី ឈ្មោះ ស៊ូ សុភាព ពី២០០ដុល្លារ ទៅ៣០០ដុល្លារ។
ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ៣នាក់ ដែលត្រូវបានសមត្ថកិច្ចសង្គ្រោះនាំមកពីប្រទេសចិនវិញបានរាយការណ៍ប្រាប់តុលាការថា ដំបូងឡើយមុនពេលនាងលង់ខ្លួនទៅដល់ប្រទេសចិន មានមេខ្យល់ ឈ្មោះ ម៉ៅ បាននិយាយពីរឿងកូនស្រីអ្នកភូមិទៅធ្វើការនៅប្រទេសចិនបានលុយផ្ញើមកផ្ទះ២.០០០ដុល្លារក្នុងមួយខែ និងបានមកលេងផ្ទះមួយខែម្ដងទៀតផង។ ពេលឮដូច្នេះ នាងក៏ព្រមព្រៀងជាមួយគេ ហើយឈ្មោះម៉ៅ ក៏បាននាំនាងមកជួប ឈ្មោះ ស៊ូ សុភាព នៅភ្នំពេញ នាំទៅធ្វើលិខិតឆ្លងដែន ក្រោយមកប៉ុន្មានថ្ងៃ ក៏ត្រូវឈ្មោះ សុខ សុទ្ធារ័ក្ស នាំទៅកាន់ព្រំដែនយួន និងឆ្លងទៅប្រទេសចិន។
ជនរងគ្រោះរៀបរាប់ទៀតថា នៅប្រទេសចិន គេបានទុកឲ្យនាងនៅក្នុងផ្ទះមួយយ៉ាងយូរ ទើបគេនាំនាងទៅឲ្យពួកប្រុសៗចិនមើល ពេលនោះទើបនាងដឹងថា គេយកនាងមកលក់ឲ្យពួកបុរសចិនដោយសារគេប្រាប់នាងថា គេបានផ្ញើលុយមកឲ្យម្ដាយនាងចំនួន២.០០០ដុល្លាររួចហើយ។ ពេលរស់នៅជាមួយបុរសចិនដែលទិញនាង គឺគេធ្វើបាបនាងរហូតរលូតកូនទើបនាងរត់ទៅរកប៉ុស្តិ៍ប៉ូលិសឲ្យជួយបានត្រឡប់មកស្រុកខ្មែរវិញ ហើយក៏ដាក់ពាក្យប្ដឹងតែម្ដង។
សូមរំលឹកថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបមេខ្យល់១ក្រុមនេះ ដែលបានធ្វើសកម្មភាពនាំនារីខ្មែរ ចំនួន៣០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៨ យកទៅលក់ឲ្យបុរសជនជាតិចិន នៅប្រទេសចិន ធ្វើជាប្រពន្ធ។
ក្នុងប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
តាមការស្រាវជ្រាវជនសង្ស័យខាងលើ បានធ្វើសកម្មភាពឃោសនាជ្រើសរើសនាំនារីខ្មែរបានចំនួន៣០នាក់ ចេញពីប្រទេសកម្ពុជានាំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសចិន ដើម្បីរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ដោយបានតម្លៃក្នុងម្នាក់ៗ ចាប់ពី៥,០០០ ដល់១០,០០០ដុល្លារ។
សមត្ថកិច្ចបានធ្វើការដកហូតចេញសម្រាប់ដឹកជញ្ជូនស្ត្រីខ្មែរ២គ្រឿង (១គ្រឿងម៉ាក Lexus RX330 ពណ៌ស្ករ ស្លាក់លេខ ភ្នំពេញ ២AS-៨០២៨ និង១គ្រឿងទៀត ម៉ាក Lexus RX330 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ២N-៦១៨០) និងលុយ៩,៥០០ដុល្លារអាមេរិក និងទូរស័ព្ទដៃចំនួន៨គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments