Ad Code

លោក Maduro និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​កាកបាទក្រហម​ថា វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ជំនួយ



ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​នេះ​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលយក​ជំនួយ​អន្តរជាតិ​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង Caracas ជាមួយ​ប្រធាន​កាកបាទក្រហម​សកលលោក។

លោក Maduro បាន​សរសេរ​នៅលើ Twitter ថា “​យើង​សូមបញ្ជាក់​ពី​ការត្រៀមខ្លួន​របស់​យើង​ដើម្បី​បង្កើត​យន្ដការ​សហ​ប្រតិ​ប​ត្ដិ​ការ​សម្រាប់​ជំនួយ​និង​ការឧបត្ថម្ភ​អន្តរជាតិ​”​។​

ប្រធានាធិបតី​រូបនេះ​បាន​បដិសេធ​ចំពោះ​ការលើកឡើង​ដែលថា​ស្ថានភាព​បច្ចុប្បន្ន​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺអាច​ត្រូវបាន​ពិពណ៌នា​ថា​ជា​វិបត្តិ​មនុស្សធម៌​។ លោក​បានបញ្ជាក់​ឡើងវិញ​បន្ទាប់ពី​ជំនួប​នោះ​ថា កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​កា​ក​បាទ​ក្រហម​អន្តរជាតិ (ICRC) គួរតែ​គោរព​តាម “​នីតិវិធី​ផ្លូវច្បាប់​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​”​។​

គណៈប្រតិភូ ICRC ដែល​ដឹកនាំ​ដោយ​ប្រធាន​របស់ខ្លួន​គឺ​លោក Peter Maurer បាន​ស្ថិតនៅ​ក្នុងប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មកហើយ​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​។​

ICRC បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​មុន​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ខ្លួន​មានការ​ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដោយសារ​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ជាពិសេស អ្នក​ទាំងឡាយណា​ដែល​មិនមាន​លទ្ធភាព​ទទួលបាន​សេវា​មូលដ្ឋាន​”​។​

ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​យ៉ាង​ជ្រាលជ្រៅ​នៅពេល​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​កាលពី​ខែមករា​។​

ចាប់តាំងពី​ពេលនោះ​មក គាត់​ត្រូវបាន​ទទួលស្គាល់​ដោយ​បណ្តា​ប្រទេស​ជាង​៥០​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​ដែល​ចង់​ឲ្យ​លោក Nicolas Maduro ចុះ​ចេញពី​តំណែង​។​

យោងតាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ជិត​មួយ​ភាគ​បួន​ក្នុងចំណោម​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទាំង​៣០​លាន​នាក់​គឺ​កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់​។​
​របាយការណ៍​របស់ UN បាន​និយាយថា មនុស្ស​ចំនួន​៣.៧​លាន​នាក់​មាន​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ហើយ​យ៉ាងហោចណាស់​២២​ភាគរយ​នៃ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​គឺ​បានទទួល​រង​នូវ​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu