Ad Code

រាជបណ្ឌិត្យសភា រៀបចំ​កិច្ចពិភាក្សា​តុមូល​រវាង​ស្ថានទូត​អាមេរិក និង​ស្ថានទូត​ចិន ក្រោយពី​មាន​សា​ឆ្លើយឆ្លង ទាក់ទង​សកម្មភាព​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន



ភ្នំពេញ​ ៖ រាជបណ្ឌិត្យសភាកម្ពុជា គ្រោង​រៀបចំ​កិច្ចពិភាក្សា​តុមូល​មួយ​រវាង​ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​វេទិកា​នេះ នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨និង​៣០នាទី​ព្រឹក នៅ​សាលប្រជុំ​រាជបណ្ឌិត្យសភាកម្ពុជា នេះ​បើតាម​សេចក្តីជូនដំណឹង ហើយ​កិច្ចពិភាក្សា​នេះ ក៏​នឹងមាន​វាគ្មិន​កិត្តិយស​មកពី​ក្រសួងការបរទេស អ្នកប្រវត្តិសាស្ត្រ អ្នកច្បាប់ និង​និង​អ្នកស្រាវជ្រាវ​ចូលរួម​ផងដែរ​។

ជាការ​កត់សំគាល់ ការរៀបចំ​កិច្ចពិភាក្សា​តុមូល រវាង​ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ បាន​ធ្វើឡើង​ក្រោយពី​មាន​សា​ឆ្លើយឆ្លង ទាក់ទង​សកម្មភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​-​ចិន​។

គួររំលឹកថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​សា​ឆ្លងឆ្លើយ​គ្នា តាម​បែប​ឌឺដង​ឲ្យ​គ្នា​ទៅវិញទៅមក ទាក់ទង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​កម្ពុជា ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​អះអាង​ថា ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា គឺ​ចិន តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ភាគី​ចិន ដោយ​សំអាងថា ប្រមាណ​៨៧ ភាគរយ នៃ​ទំនិញ​ដោះដូរ​គ្នា គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការធ្វើអោយមាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ ហើយ​នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែលមាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅរក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែលមាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន​ប៉ុណ្ណោះ​។



ចំណែក​ស្ថានទូត​ចិន បាន​លើក​ឡើង​ថា វា​គឺជា​រឿង​ធម្មតា នៅក្នុង​ពិភព​សកលភាវូបនីយកម្ម សកម្មភាព​ពាណិជ្ជកម្ម​តែងតែ​ធ្វើដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី ហើយ​ក្នុងករណី​កម្ពុជា​វិញ ប្រទេស​កម្ពុជា បាន​នាំចូល​វត្ថុធាតុដើម វាយនភ័ណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភ័ណ្ឌ​យ៉ាងច្រើន​ពី​ប្រទេស​ចិន សម្រាប់​បម្រើ​វិស័យ​កាត់ដេរ ខណៈ​ដែល​ខ្លួន​បាន​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផងដែរ​។

តាម​ស្ថានទូត​ចិន "​នៅក្នុង​ករណីនេះ វា​គឺជា​ភាព​សកម្ម​បំផុត​របស់​កម្មករ​ខ្មែរ ដែល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ក្រៅពីនេះ ទំនាក់ទំនង​រវាងរ​ដ្ឋ និង​រដ្ឋ គឺ​មិនមែន​ត្រឹមតែ ដើម្បី​ពាណិជ្ជកម្ម​នោះឡើយ​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ជាង​៣,០០០​គីឡូម៉ែត្រ​។ ចុះ​តើ​សហរដ្ឋអាមេរិក​វិញ ធ្លាប់​បាន​ជួយ​ធ្វើ​អ្វីខ្លះ​ដល់​កម្ពុជា? ចិន​បាន​ជួយ​កសាង​ស្ថានីយ​វា​រី​អគ្គិសនី​ទាំងអស់​នៅ​កម្ពុជា (​ស្មើនឹង​៨០​ភាគរយ នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែល​មាន​ដំណើរការ​នៅ​កម្ពុជា​)​។ ចុះ​តើ​សហរដ្ឋអាមេរិក​បានធ្វើ​អ្វីខ្លះ​ដែរ​?”​។

បន្ទាប់​ពីសា​របស់​ស្ថានទូត​ចិន​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​បានចេញ​នយោបាយ​មួយទៀត ដោយ​លើកឡើងថា ពីរ​ឆ្នាំ ក្រោយពី​ក្រុមហ៊ុន​សំណង់​រដ្ឋ​ចិន បាន​សង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​នៅ​ប្រទេស Ecuador ទំនប់​នេះ​ដូចជា​គ្មាន​ដំណើរការ​សោះ​។ សំណង់​គ្មាន​គុណភាព និង​មិន​គិត​ពី​ស្តង់ដារ​សុវត្ថិភាព​។ មានន័យថា កសិករ​នៅ​ផ្នែក​ខាងក្រោម​ត្រូវ​ទទួលរង​ការ​ជន់​លិច​ជា​ញឹកញាប់​...​ក្រោម​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ចិន ហើយ​និង​បញ្ហា​កង្វះ​តម្លាភាព និង​គណនេយ្យភាព​។

អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​ស្ថានទូត​ចិន និង​ស្ថានទូត​អាមេរិក ត្រូវ​បាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​ចាត់ទុកថា ជា​ការ​យកចិត្តទុកដាក់​លើ​ជោគវាសនា​របស់​កម្ពុជា នៅក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគតកាល ហើយ​ជឿ​ថា មហាមិត្ត​ទាំងពីរ ក៏បាន​ទទួលស្គាល់​ការពិត​នៃ​ភាព​វេទនា​ខ្លោចផ្សា អតីតកាល​របស់​កម្ពុ​ជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu