Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​ចិន​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​ពិសេស​ស្ថានីយ​សម្អាត​ទឹក



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​ចិន​ជួយ​ដល់​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត ព្រះសីហនុ​ដែល​កំពុង​តែមាន​ការ​រីក​ចម្រើន​ខ្លាំង ពិសេស​ទៅ​ការរៀបចំ​ស្ថានីយ​សម្អាត​ទឹក​កខ្វក់ មុន​ហូរ​ចូលទៅក្នុង​សមុទ្រ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​បែបនេះ​ទៅកាន់​លោក ឈិន យន់​(CHEN YUAN) ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​ដែល​ត្រូវ បានអនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ២៤ ខែ មេសា ២០១៩ នេះ​។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នេះ លោក ឈិន យន់ បាន​គោរព ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​លោក​មក​កម្ពុជា។ លោក​កត់សម្គាល់​ឃើញថា​សេដ្ឋកិច្ច របស់​កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង​ជា​ពិស​សេស​ទីក្រុង​ភ្នំពេញ។ លោក ឈិន យន់​បាន​មានប្រសាសន៍ថា​ កន្លងមក​មាន​ធនាគារ​ចិន​ចំនួន​ពីរ បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា​គឺ​ធនាគារ​អភិវឌ្ឍន៍​ចិន​និង​ធនាគារ​ប្រជាជន​ចិន​ដែល​ធនាគារ​ទាំងពីរ​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា។



លោក​បន្ត​ថា ​សេដ្ឋកិច្ច​និង​នយោបាយ​មិនអាច​កាត់​ផ្តាច់​ពី​គ្នា​បានទេ​ហើយ​កន្លង​មក​នេះ​កម្ពុជា​បាន​ដើរ​តួនាទី សំខាន់​ក្នុង​ការ​ថែរក្សា សន្តិភាព និង ស្ថិរភាព​នៅក្នុង​តំបន់។ មិនតែប៉ុណ្ណោះ​កម្ពុជា​ជា​មិត្ត​ជិតស្និទ្ធ​របស់​បណ្តា​ប្រទេស​អាស៊ាន​និង​ចិន​ផង​ដែរ ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​ក្នុង​តំបន់​។ លោក​សង្កត់ធ្ងន់​ថា ​អ្វី​ដែល​ចិន​អាច​បន្ត​ជួយ​កម្ពុជា​នៅពេល​ខាងមុខនេះ​គឺ​ជួយ​ពង្រឹង សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ​និង​ធ្វើ​ឲ្យ​កម្ពុជា​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​តំបន់​និង​អាស៊ាន​ក្នុងឋានៈ​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ចិន​។

​លោក​ប្រធាន​សមាគម​បាន​ស្នើ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជំរុញ​ការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច​នៅ​តាម​ផ្លូវជាតិ​លេខ​៩​ពិសេស​រវាង​កម្ពុជា​និង​ឡាវ នៅពេល​ខាងមុខ​។ លោក​បន្ត​ថា ​អ្វី​ដែល​លោក​ចង់ឃើញ​គឺ​ការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​ពិសេស​លោក​បាន​បញ្ជាក់​ពី​របៀង​ប៉ូល សេដ្ឋកិច្ច​រវាង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។ លោក​បានស្នើ​សម្តេច​តេ​ជោ​ធ្វើ​យ៉ាង​ណា​ឲ្យ រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​ចិន​នៅក្នុង​ទីផ្សារ​របស់​កម្ពុជា​ផង​ដែរ ដែល​នឹង​អាច​ជួយ​ទាក់ទាញ​វិនិយោគិន ចិន និង បណ្តា​ប្រទេស​ដទៃ​បន្ថែម​ទៀត​មក​រក​ស៊ី​កម្ពុជា​។

លោក​បន្ត​ថា ​ក្រុមហ៊ុន​ចិន​មាន​គោលបំណង​ធ្វើ​យ៉ាងណា​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ ខ្លាំងក្លា​ជាង​មុន​តាមរយៈ​ការ​គាំទ្រ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។



​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​សុំ​ឲ្យ​លោក ឈិន យន់ និង ប្រតិភូ​ជួយ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​ធ្វើ​ពាណិជ្ជកម្ម នៅ​កម្ពុជា​បន្ត​ទៀត​សម្រាប់​ក្រុមហ៊ុន​ចិន​ដែល​មាន​វត្ត​មាននៅ​កម្ពុជា​ស្រាប់​។ លើស​ពី​នេះ​ទៀត​បន្ត​កៀរគរ​ក្រុមហ៊ុន​ចិន​ផ្សេងទៀត​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​កម្ពុជា​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល និង វិស័យ​ឯកជន ដែល​បាន​លើកឡើង​ពី​វិធានការ​និង​គោលនយោបាយ​សំខាន់ៗ​ក្នុងការ​កាត់បន្ថយ​ថ្លៃ​ដើម​និង​ការផលិត​និង​ដឹកជញ្ជូន​ក្នុង​បំណង​សម្រួល​ដល់ អ្នក​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពាក់ព័ន្ធ​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​លោក​ប្រធាន​សមាគម​បាន​គាំទ្រ​ចំពោះ​សម្ត​ច​តេ​ជោ ហើយ​សន្យា​បន្ត​ជំរុញ​កៀរគរ​ការវិនិយោគ​ពី​ប្រទេស​ចិន​មក​កម្ពុជា​បន្ថែមទៀត​។

សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​ពង្រីក​ការ​នាំ​ចូល​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​បន្ថែមទៀត​។ សម្តេច​តេ​ជោ​ស្នើ​ឲ្យ​មានការ​គាំទ្រ​ពី​ភាគី​ចិន លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​ស្ថានីយ​សម្អាត​ទឹក​កខ្វក់។ សម្តេច​តេ​ជោ​ក៏បាន​បន្ត​ថា ​នៅពេល សេដ្ឋកិច្ច​កម្ពុជា មានការ​រីកចម្រើន​ខ្លាំង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ដូច​សព្វថ្ងៃនេះ​បដិវត្តន៍​ពណ៌​មិនអាច​កើត​មាននៅ​កម្ពុជា ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu