ភ្នំពេញ ៖ ជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធម្នាក់ បានជិះម៉ូតូម៉ាកវ៉េវយួន កញ្ចាស់១គ្រឿង ដេញ តាមប្លន់ម៉ូតូពីកម្មការិនីរោងចក្រម្នាក់ នៅពេលជិះហួសបន្តិច បានឈប់ម៉ូតូដកកាំភ្លើងខ្លីមកភ្ជង់គំរាមនាងឲ្យចុះចេញពីលើម៉ូតូ តែនាងរងគ្រោះថា សូមលោកចោរចាក់បើកកែបម៉ូតូទុកកាតរោង ចក្រឲ្យនាងផង ចោរបានធ្វើតាម រួចយកម៉ូតូនាងជិះគេចខ្លួនទៅបាត់ បន្សល់ទុកម៉ូតូវ៉េវកញ្ចាស់មួយ គ្រឿងជាថ្នូរគ្រាន់ទុកជាភស្ដុតាងសម្រាប់ប្ដឹងសមត្ថកិច្ចផងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅដីវាលខាងជើងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស៊ឹម ចាន់ថន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ សាព្រីណា មានប្តីឈ្មោះ សាក់ សិទ្ធ អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូ ដែលចោរប្លន់ យកទៅបាត់ ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-9538 ជាកម្មសិទ្ធិរបស់ឪពុក ឈ្មោះ កាន សាក់ មានទីលំនៅក្នុងភូមិជាមួយគ្នា។
ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ចេញពីធ្វើការ ឈប់ទិញម្ហូបមុខរោងចក្រ ហើយ ជិះម៉ូតូឆ្ពោះទៅផ្ទះ តាមផ្លូវបេតុង ជាប់ប៉ុស្តិ៍កំបូល ឆ្ពោះទៅវត្តតាភេម លុះទៅដល់ ដីវាលខាងជើងវត្ត ក្រៅភូមិ ជិតឡើងដល់ផ្លូវចូលភូមិរំដូលហើយនោះ ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូ ម៉ាកវ៉េវ កញ្ចាស់ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1C-1388 វ៉ាជែងទៅឈប់ស្ទាក់ពីមុខ ឃាត់ឲ្យឈប់ រួចដកកាំភ្លើងខ្លី ពណ៌ខ្មៅប្រផេះ ដែលនាងមិនស្គាល់ម៉ាក មិនដឹងថា ជាកាំភ្លើង ជ័រ កាំភ្លើងដែកកេះ ឬកាំភ្លើងមែនទែនទែននោះទេ ភ្ជង់គំរាមឲ្យចុះពីលើម៉ូតូ តែត្រូវបាននាងសូមអង្វរ សុំយកកាតក្រោមកែបម៉ូតូ ជនសង្ស័យយល់ព្រម ចាក់សោបើកកែប យកកាតរោងចក្រគ្រវែងចោលនៅលើដី ហើយបើកម៉ូតូរត់គេចទៅបាត់ ដោយបន្សល់ទុកម៉ូតូអាវ៉េវកញ្ចាស់ នៅកន្លែងកើតហេតុ។
នាងរងគ្រោះប្រាប់ថា កន្លងមក នាងមិនដែលមានទំនាស់ជាមួយអ្នកណាទេ បើថាជាការគុំកួនក៏មិនត្រូវដែរ ព្រោះនាងក៏មិនដែលស្គាល់មុខចោរនោះឡើយ។
ក្រោយកើតហេតុមួយសន្ទុះ ទើបដំណឹងនេះភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅសាកសួរ ពិនិត្យដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះ រួមជាមួយម៉ូតូជនល្មើសមួយគ្រឿង មកបន្តសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តធ្វើការស្រាវជ្រាវ ក្រែងអាចរកមុខឃើញ ព្រោះមានតម្រុយខ្លះដែរ៕
Source: Kampuchea Thmey Daily
0 Comments