ភ្នំពេញ ៖ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រឹកថ្ងៃទី១១ ខែមេសានេះ នៅទីស្តីការក្រសួង បានរៀបចំសម្តែង របាំជូនពរ របាំឆៃយ៉ាំ ជាពិសេសការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ជំនួសមកវិញនូវសេចក្តីសុខសប្បាយប្រកបដោយសេរីសួរស្តីគ្រប់ប្រការសម្រាប់ឆ្នាំថ្មី។
ពិធីនេះ មានការអញ្ជើញចូលរួមផងដែរ ពីអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខអ្នកការ មន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានព័ត៌មានទាំង៥របស់ក្រសួងព័ត៌មាន ដោយបានសម្តែងនូវសមានចិត្តរីករាយបំផុត ចំពោះឱកាសឆ្នាំថ្មី និងបានសំបូងសង្រូងចំពោះទេវតាឆ្នាំថ្មី ព្រះនាមធុង្សៈទេវី សូមជួយបីបាច់ថែរក្សាឲ្យលោករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការទាំងអស់ចំណុះក្រសួងព័ត៌មាន ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ ដើម្បីបានបន្តដឹកនាំក្រសួងព័ត៌មានឱ្យកាន់តែរីកចម្រើនថែមទៀត។
តាមប្រវត្តិត្រុដិ ជារបាំប្រជាប្រិយដ៏ពេញនិយមក្នុងស្រទាប់ប្រជាជនខ្មែរយូរលង់ណាស់មកហើយ។ ប្រជាជនខ្មែរតែងលើកយករបាំដ៏ចំណាស់មួយនេះមកសម្ដែងក្នុងឱកាសឆ្លងឆ្នាំថ្មី ដើម្បីបណ្ដេញគ្រោះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ចេញ ដើម្បីជំនួសមកវិញនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី។ របាំត្រុដិទាក់ទាញណាស់ដោយសារវាមានសាច់រឿងប្រទាក់គ្នាបង្កប់ដោយអត្ថន័យគួរឲ្យជក់ចិត្ត មានទាំងតួអង្គព្រាយបិសាច ព្រាន យក្ស តាមប្រមាញ់ម្រឹគ និងមានទាំងតួអង្គក្ងោកសួគ៌ អមដោយតន្ត្រីបុរាណ និងចម្រៀងរៀបរាប់ដំណើរដើមទងយ៉ាងពីរោះរណ្ដំ។ ឯកសារស្ដីពីរបាំប្រជាប្រិយខ្មែររបស់ក្រុមជំនុំទំនៀមទម្លាប់ ព្រមទាំងសមាជិកឆ្លើយឆ្លងគ្រប់ខេត្ត ដែលរៀបរៀងដោយពុទ្ធសាសនបណ្ឌិត្យ ព.ស២៥០៧ គ.ស ១៩៦៤ បានសរសេរថា របាំត្រុដិនេះមានតែក្នុងខេត្តសៀមរាប និងតំបន់ខ្លះនៃខេត្តបាត់ដំបង ត្រង់ភូមិភាគណា ដែលនៅជាប់នឹងខេត្តសៀមរាបប៉ុណ្ណោះ។ របាំនេះមានលេងតែនៅពេលបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុក ក្នុងឱកាសឆ្នាំថ្មី។ ឯកសារដដែលថា ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសា សំស្ក្រឹតប្រែថា ផ្ដាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្ដាច់ឆ្នាំ ឬការផ្ដាច់ឆ្នាំចាស់ចូលទៅឆ្នាំថ្មី។ ប៉ុន្តែបើតាមទម្លាប់របស់អ្នកស្រុកខ្លះ គេមានលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងនៅគ្រាស្រុកទេស មានការរាំងស្ងួតជាច្រើនថ្ងៃខែម្ដងៗ ។ ផ្អែកលើឯកសារ នៃការស្រាវជ្រាវរបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរដដែល បានលើកឡើងទៀតថា ប្រវត្តិ និងដើមកំណើត នៃរបាំត្រុដិ គឺមានប្រភពច្រើន ក្នុងនោះមានប្រភពបែបរឿងនិទាន ប្រភពបែបជំនឿអ្នកស្រុក និងប្រភពអ្នកស្រាវជ្រាវ។ ប៉ុន្តែបើផ្អែកលើឯកសារខ្លះទៀតថា របាំត្រុដិមានប្រវត្តិចេញពីជនជាតិដើមភាគតិចសំរ៉ែ តាំងពីយូរយារណាស់មកហើយ។
វាជាមរតកបន្តពីជំពូកជនជាតិដើមភាគតិចមួយនេះ និងជាចំណែកមួយ នៃអារ្យធម៌អំបូរអូស្ត្រូអាស៊ីយាង ដែលបានចាប់កំណើតនៅដែនដីប្រទេសកម្ពុជា តាំងពីបុរាណកាលរាប់ពាន់ឆ្នាំមុន។ ប្រពៃណីវប្បធម៌ដ៏យូរលង់ ក៏នៅបន្តរហូតដល់សង្គមសម័យនាបច្ចុប្បន្ន របាំត្រុដិ តែងទទួលការពេញនិយមសម្ដែងក្នុងកម្មវិធីនានា មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ ដូច្នេះការលេងរបាំត្រុដិ គឺដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី។ ជាទូទៅការសម្តែងរបាំត្រុដិនេះច្រើនធ្វើឡើងនៅថ្ងៃឆ្លងឆ្នាំ ប៉ុន្តែក៏មានមុនពេលចូលឆ្នាំ និងអំឡុងពេលចូលឆ្នាំដែរ។ ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះ ក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ។ ពុំនោះទេ គេមានជំនឿថា ក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ៕
Source: Kampuchea Thmey Daily
0 Comments