ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ បានសម្ដែងការអរគុណចំពោះអគ្គលេខាធិការរងអង្គការសហប្រជាជាតិUN -ESCAPដែលបានជួយជំរុញលើកកំពស់សហគ្រិន ស្ត្រីបច្ចេកទេស និង ជំរុញខ្សែសង្វាក់តម្លៃទីផ្សារនៅកម្ពុជា។ នេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងាររបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនិងលោកជំទាវបណ្ឌិតArmida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិច នៃអង្គការ សហប្រជាជាតិ ហៅកាត់ថា UN-ESCAP នាទីស្តីការក្រសួង នៅរសៀលថ្ងៃម្សិលមិញនេះ បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក្រសួង និង UN-ESCAP ការលើកកំពស់វិស័យសហគ្រាសធុនតូច និងមធ្យម ជាពិសេសយកចិត្តទុកដាក់ ទៅលើសហគ្រិនជាស្ត្រី។
ក្នុងប្រសាសន៍សម្តែងការស្វាគមន៍ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវអំណរគុណនិងវាយតម្លៃខ្ពស់តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយ UN-ESCAP ដូចជាគម្រោង ការលើកកំពស់ការទទួលបានហិរញ្ញវត្ថុសម្រាប់ពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលគម្រោងនេះបានចាប់ផ្តើម កាលពីម្សិលមិញ និងគម្រោងមួយទៀត ហៅថាគម្រោងជំរុញសហគ្រិនភាពជាស្ត្រី ដែល នឹងអនុវត្តនាពេលខាងមុខ មានគោលបំណងលើកកំពស់សហគ្រិនជាស្ត្រី ពង្រឹងសមត្ថភាពគ្រប់គ្រង និងបច្ចេកទេស និងជំរុញខ្សែសង្វាក់តម្លៃនិងទីផ្សារ។
លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់បន្ថែមថា នៅកម្ពុជាបច្ចុប្បន្ន មានសហគ្រាសធុនតូច និងមធ្យមជាង៥សែនមូលដ្ឋាន និងភាគច្រើនម្ចាស់គ្រប់គ្រងជាស្ត្រី។ ប៉ុន្តែការមកចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់បានប្រមាណជាង៥% ប៉ុណ្ណោះ។ ដូច្នេះចំពោះមុខ ក្រសួងកំពុងយកចិត្តទុកដាក់ ទាញពួកគេឲ្យស្ថិតនៅក្រោមឆ័ត្រតែមួយ ដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការអប់រំបណ្តុះបណ្តាលជាដើម ដែលការងារនេះ ក្រសួងត្រូវការជំនួយពីដៃគូអភិវឌ្ឍន៍ផងដែរ។
លោក ជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ និងជាប្រធានគណៈកម្មការ UN-ESCAP បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃទំនាក់រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង UN-ESCAP ។ ជាពិសេសបានកោត សរសើរពីភាពរីកចម្រើនឆាប់រហ័សរបស់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចទាំងមូលបើប្រៀបធៀប និងកំឡុងពេល០៦ ទៅ០៧ ឆ្នាំមុន ដែលលោកជំទាវបណ្ឌិតធ្លាប់មកទស្សនកិច្ចនៅកម្ពុជា។
លោកជំទាវបណ្ឌិត បានបង្ហាញជំហរគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា និងផ្តល់សារៈសំខាន់ ទៅលើការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ការយកចិត្តទុកដាក់ទៅលើសហគ្រិនជាស្ត្រី និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments