ភ្នំពេញ ៖ បុរសជនជាតិអាមេរិកាំងម្នាក់ ព្រោះតែប្រើប្រាស់ថ្នាំញៀនលើសកម្រិត បានបណ្ដាលឲ្យគាំងបេះដូងស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារ បង្កជាការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៤កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥រសៀល នៅចំណុច ផ្ទះលេខ៤០៣ ជាន់ទី៤ សណ្ឋាគារ( រីវើស្តារ) ផ្លូវលេខ១១៨ ក្រុម៤៣ ភូមិ២ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេស ដែលស្លាប់ដោយសារតែការប្រើប្រាស់ថ្នាំនៅក្នុងបន្ទប់សណ្ឋាគារបណ្តាលឲ្យគាំងបេះស្លាប់នោះ ឈ្មោះ BRACKEN FREDRICK VERN ជនជាតិ អាមេរិកាំង (AMERICA) ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ៧២០៦១៦៧២៩។
សមត្ថកិច្ចបន្តទៀតថា ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា,ការិយាល័យ បច្ចេកទេសវិឡាសាស្ត្រ, ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើត គណៈកម្មការចម្រុះ ចុះធ្វើកោសល្យវិច័យ ពិនិត្យសព ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង(បណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទ ម៉រហ្វីន)។
ចំណែកសម្ភារៈរបស់សពរួមមាន លិខិតឆ្លងដែនចំនួន០១ក្បាល លេខ ៧២០៦១៦៧២៩ កាតធនាគារ ATM ចំនួន០៨សន្លឹក បានប្រគល់ឲ្យការិយាល័យអន្តោប្រវេសន៍ក្រុង រក្សាទុក។
ក្រោយពី ពិនិត្យរួច ខាងជំនាញ បច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅវត្តទឹកថ្លាខណ្ឌសែនសុខដើម្បីបុណ្យ៕
Source: Kampuchea Thmey Daily
0 Comments