កំពង់ឆ្នាំង ៖ “ ជនពិការ ក៏មានឱកាស និង សិទ្ធិដូចមនុស្សទូទៅដែរ ក្នុងពេលមានពិធីបុណ្យទានផ្សេងៗ ពួកគាត់មិនគួរក្លាយជាអ្នកសុំទានគេ ឬរស់នៅដាច់ឆ្ងាយពីសង្គមនោះឡើយ ” កញ្ញា អ៊ុំ អមរារ័ត្ន ជាជនពិការ និង ជានាយិកាប្រតិបត្តិអង្គការសាអូរី កម្ពុជា បាននិយាយបែបនេះ ក្នុងឱកាសបានចូលរួមដាក់តាំងលក់ផលិតផលស្នាដៃជនពិការ ក្នុងពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ នៅមុខសាលាខេត្តកំពង់ឆ្នាំង ។
កញ្ញា អ៊ុំ អមរារ័ត្ន នាយិកាប្រតិបត្តិអង្គការ សាអូរីកម្ពុជា បានបន្តថា កញ្ញាធ្លាប់បានទៅសិក្សានៅប្រ ទេសជប៉ុន ផ្នែកតម្បាញសាអូរី ហើយពេលត្រឡប់មកវិញ ក៏បានពាំនាំនូវនូវគម្រោងសាអូរីនេះ មកជួយដល់ជនពិការ ក្នុងសហគមន៍ឲ្យមានមុខរបរធ្វើ មានប្រាក់ចំណូលទ្រទ្រង់ជីវភាពរស់នៅ មានកិត្តិយស មានសេចក្ដីថ្លៃថ្នូរ បានចូលរួមពេញលេញក្នុងសង្គម។
កន្លងមក អង្គការសាអូរី ក៏បានសហការជាមួយអង្គការ ស្ថាប័ន និងក្រសួងមួយចំនួន ដើម្បីជួយដល់ជនពិការ។ អង្គការសាអូរីណ បានបង្កើតឡើង នៅឆ្នាំ២០០៩ ប៉ុន្តែដោយសារមាន ឧបសគ្គច្រើន ធ្វើឲ្យអង្គការមួយនេះ មិនដំណើរការអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ឆ្នាំ២០១៩ ទើបអង្គការសាអូរី លេចរូបរាងឡើង។
ដោយមានការគាំទ្រពីសហគមន៍ ជាដៃគូក្នុងឱកាសបុណ្យចូលឆ្នាំ ថ្ងៃនេះ អង្គការសាអូរី កម្ពុជាបានបង្កើតជាភូមិតម្បាញសាអូរី ដែលបានដាក់តាំងនូវផលិតផលតម្បាញ ដែលជាស្នាដៃជនពិការ ហើយ យើងបានដាក់តាំងនូវកីតម្បាញ និងត្បាញដោយជនពិការ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង មកបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់គាត់ ដើម្បីឲ្យទស្សនិកជនបានទស្សនា និងគាំទ្រផលិតផលរបស់ជនពិការ ។
កញ្ញាបានបញ្ជាក់ថា ក្នុងឱកាសបុណ្យដាក់តាំងលក់ផលិតផលរបស់ជនពិការក្នុងពិធីបុណ្យភូមិនេះដែរ មានអតិថិជនបានគាំទ្រស្នាដៃត្បាញដោយជនពិការយ៉ាងច្រើនផងដែរ។
កុមារី សឿ ស្រីណៃ អាយុ១២ឆ្នាំ រៀនថ្នាក់ទី៣ និង ជាជនពិការជើងស្តាំ ដែលកំពុងត្បាញក្រមា បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យនាងពិការថា នាងត្រូវពស់ចឹក ហើយឪពុកម្ដាយយកនាងទៅមើលគ្រូខ្មែរ ក្រោយមកទើបយកទៅមន្ទីរពេទ្យ តែពេទ្យថា ហួសពេលទៅហើយ គឺមានតែវិធីកាត់ជើងដែលត្រូវពស់ចឹកនោះទេ ទើបជួយសង្គ្រោះជីវិតនាងបាន ហើយនាងបានធ្លាក់ខ្លួនពិការរហូតមក។ នាងបានចូលរៀនតម្បាញជាមួយ អង្គការសាអូរី នេះយូរដែរហើយ រហូតចេះត្បាញបានល្អ។
នាងសូមសំណូមពរដល់ បងប្អូន ពុកម៉ែ សូមមេត្តាជួយគាំទ្រនូវស្នាដៃត្បាញ ដោយជនពិការនេះផង ដែលសម្ភារៈប្រើប្រាស់ស្នាដៃដោយជនពិការ រួមមាន ក្រមា កាបូបស្ពាយ កាបូបកាន់ដៃ និងសម្ភារៈត្បាញពីអំបោះជាច្រើនមុខទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments