Ad Code

ក្រសួង​ការងារ​នឹង​រៀបចំ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩​ នៅ​ថ្ងៃទី​១​ឧសភា



ភ្នំពេញ​ ៖​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​រៀបចំ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩​ នៅ​ថ្ងៃទី​១​ ខែឧសភា​ ឆ្នាំ​២០១៩ ខាងមុខនេះ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ ដោយមាន​ការផ្សាយ​ផ្ទាល់​ដោយ​BTV​។

យោង​តាម​ផេ​ក​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​៥​ហើយ​ ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​អង្គការ​សហជីព​បាន​រៀប​ចំ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ២០១៩​។

ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ដល់​បងប្អូន​កម្មករនិយោជិត​ដែល​កំពុង​បម្រើការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង និង​វិស័យសេដ្ឋកិច្ច​ផ្សេងៗ​ទៀត​។



កម្មករ​កម្ម​ការ​នី​ដែល​អាច​ចូលរួម​ការប្រកួត​ក្នុង​កម្មវិធី​នេះ​ បាន​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ដូចជា ជា​កម្មករ​-​កម្មការិនី​កំពុងធ្វើការ​ងារ​យ៉ាងតិច​៣​ខែ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង និង​វិស័យសេដ្ឋកិច្ច​ផ្សេងៗ​ទៀត មាន​កម្ពស់​ចាប់ពី ១.៧០​ម សម្រាប់​បេក្ខជន និង ១.៦០​ម សម្រាប់​បេ​ក្ខ​នារី និង​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ដល់​៣៥​ឆ្នាំ​។

គួរ​បញ្ជាក់​ថា ​បេក្ខជន​-​បេ​ក្ខ​នារី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨​កន្លងទៅ​រួមមាន​សម្រាប់​បេក្ខជន​ជ័យលាភី​លេខ​១ បាន​ទៅលើ​បេក្ខជន ឌិន សិត ពាក់​ស្លាក​លេខ​៨ មកពី​មណ្ឌល​ភ្នំពេញ​។

ជ័យលាភី​លេខ​២ បាន​ទៅលើ​បេក្ខជន គង់ វិ​តាក់ ពាក់​ស្លាក​លេខ​១២ មកពី​មណ្ឌល​ភ្នំពេញ​។​ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេក្ខជន ទូត ទិ​ត្យា ពាក់​ស្លាក​លេខ​១៤ មកពី​មណ្ឌល​ព្រះសីហនុ​។

សម្រាប់​បេ​ក្ខ​នារី ជ័យលាភី​លេខ​១ បាន​ទៅលើ​បេ​ក្ខ​នារី ញឿ​ន ស៊ូ​វិក​ញ្ញា ពាក់​ស្លាក​លេខ​៣ មកពី​មណ្ឌល​ភ្នំពេញ​។​ ជ័យលាភី​លេខ​២ បាន​ទៅលើ​បេ​ក្ខ​នារី ប៊ិន អ៊័​ន ពាក់​ស្លាក​លេខ​៧ មកពី​មណ្ឌល​ព្រះសីហនុ​។​ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេ​ក្ខ​នារី ហុក ណាគ្រី ពាក់​ស្លាក​លេខ​១២ មកពី​មណ្ឌល​បន្ទាយមានជ័យ​។

ចំពោះ​រង្វាន់​សម្រាប់​បេក្ខជន​-​បក្ខ​នារី ដែល​ចូលរួម​ក្នុងការ​ប្រឡង​វិញ រួមមាន ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​ចំនួន ៥,០០០,០០០​រៀល និង​ម៉ូតូ Honda Scoopy I​ចំនួន ១​គ្រឿង​។ ជ័យលាភី​លេខ​២ ទទួលបាន​ចំនួន ៤,០០០,០០០​រៀល និង​ម៉ូតូ Honda dream ចំនួន ១​គ្រឿង​។ ​ជ័យលាភី​លេខ​៣ ទទួលបាន​ចំនួន ៣,០០០,០០០​រៀល និង​ម៉ូតូ Honda wave ចំនួន ១​គ្រឿង​។​ជ័យលាភី​កិត្តិយស​ទទួលបាន​ថវិកា​ចំនួន ២,០០០,០០០​រៀល និង​អ្នក​មិន​ទទួលបាន​ជ័យលាភី ក៏​ទទួលបាន​ថវិកា​ចំនួន ១,០០០,០០០​រៀល ពី​ក្រសួង​ការងារ​ផងដែរ​។

​លោក​បណ្ឌិត អ៊ិត សំហេង បាន​បញ្ជាក់​ថា ការរៀបចំ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចំនួន​៣​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ដោយ​ទទួល​បាន​ជោគជ័យ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សាធារណជន ជាពិសេស​ពី​សំណាក់​កម្មករ​-​កម្មការិនី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu