Ad Code

MCL 2019 ៖​ ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា គិត​ត្រឹម​សប្ដាហ៍​ទី៤



ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាង​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រឹម​សប្ដាហ៍​ទី​៤ ក្រោយ​ប្រកួត​ឈ្នះ​ទាំង​៤​លើក មាន​១២​ពិន្ទុ​ច្រើនជាងគេ​ក្នុង​ដៃ​។



​សម្រាប់​លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​៤ ឃើញថា​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​វិសាខា​ឈ្នះ​ក្រុម​អគ្គីសនី​កម្ពុជា ៤​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​វិសាខា ហើយ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ៦​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​មជ្ឍមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​១​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​។ ចំណែក​៤​គូ​ផ្សេងទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ ឃើញថា​ក្រុម​ខេត្តកំពង់ចាម ចាញ់​ក្រុម​បឹងកេត ៧​ទល់​០​លើ​ទីលាន​បាល់ទាត់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ៥​ទល់​១​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ស្របពេល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាញ់​ក្រសួងការពារជាតិ ៤​ទល់​២​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា និង​ក្រុម​សូល​ទី​ឡូ​អង្គរ ចាញ់​ក្រុម​ណាហ្គា​វើ​ល ១​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។



​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​៤​លើក​នេះ​មក​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​១២​ពិន្ទុ​ហើយ​ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​២ មាន​១០​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​វិសាខា ឈរ​លេខ​៣ ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​៤ មាន​៩​ពិន្ទុ និង​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៥​មាន​៨​ពិន្ទុ​។ ចំណែក​ក្រុម​បឹងកេត ឈរ​លេខ​៦​មាន​៧​ពិន្ទុ ក្រុម​ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​៧ មាន​៦​ពិន្ទុ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៨ មាន​៦​ពិន្ទុ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​៩ មាន​៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​លេខ​១០ ,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ លេខ​១១ និង​កំពង់ចាម លេខ​១២ ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១៣​មាន​១​ពិន្ទុ និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​លេខ​១៤ មិនទាន់មាន​ពិន្ទុ​កាន់​ទេ​។



សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​៥ នឹង​បន្ត​ធ្វើឡើង​នៅ​ចុងខែ​មេសា នេះ​ដោយនៅ​ថ្ងៃទី​២៧ ខែមេសា ក្រុម​ក្រសួងការពារជាតិ ប៉ះ​បឹងកេត​អែ​ហ្វ​ស៊ី វេលា​ម៉ោង​៦:៣០​នាទី​រសៀល​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ជួប​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​អគ្គីសនី​កម្ពុជា និង​ក្រុម​ខេត្តកំពង់ចាម ប៉ះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់​។

ចំណែក​នៅ​ថ្ងៃទី​២៨ ខែមេសា វិញ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ទទួល​វិសាខា នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ស្របពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​ដូចគ្នា​ដែរ​លើ​ទីលាន​គរុកោសល្យ​ខេត្តតាកែវ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium។



​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu