Ad Code

សម្ដេច​តេ​ជោ ៖ សមិទ្ធផល​ស្ពាន​មិ​ត្ដ​ភាព កម្ពុជា​-​ថៃ បាន​ជំរុញ​ឲ្យ​មាន​ភាពប្រសើរឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​បាន​អញ្ជើញ​ត​ភ្ជាប់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​ជាការ​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​រវាង​ប្រទេស​ទាំងពីរ​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ដែល​ប្រទេស​យើង​ទាំង ២ បាន​ប្រសិទ្ធ​នាម​ឈ្មោះ​ស្ពាន​នេះ​ថា​ជា ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​- បាន​ណង​អៀន​)​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការសាងសង់​ស្ពាន​នេះ គឺជា​ការ​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី រវាង​ប្រទេស​យើង​ទាំងពីរ​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ដែល​ប្រទេស​យើង​ទាំង ២ បាន​ប្រសិទ្ធ​នាម​ឈ្មោះ​ស្ពាន​នេះ​ថា​ជា ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​- បាន​ណង​អៀន​)​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងបន្តថា ​ការសាងសង់​ស្ពាន​នេះ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ និង​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​ក្នុង​ប្រទេស​មហា​អនុ​តំបន់​មេគង្គ​ដើម្បី​សម្រួល​ដល់​ការ​តភ្ជាប់​ទីក្រុង​បាងកក​-​ភ្នំពេញ​និង​ក្រុង​ហូជីមិញ​ក្នុង​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម​ទេសចរណ៍​និង​កិច្ច​សហប្រតិបត្តិការ​ដឹក​ជញ្ជូន​ស្របតាម​ការ​គិតគូរ​រប​ស់​សហគមន៍​អាស៊ាន​និង​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ដែល​បាន​កំណត់​ផ្លូវ​ពី​បាងកក​-​បោយ​ប៉ែត​-​ភ្នំពេញ​-​ហូជីមិញ ជា​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ​១ និង​ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ដើម្បី​ឲ្យ​ការ​ដឹកជញ្ជូន​ទំនិញ​ចេញចូល​មាន​ភាព​ងាយស្រួល​។ ម្យ៉ាងវិញទៀត ស្ពាន​នេះ នឹង​ទុក​សម្រាប់​តែ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​ចំណែកឯ​ច្រកព្រំដែន​បៅ​យ​ប៉ែត​- អារញ្ញ​ប្រ​ថេត​ទុក​សម្រាប់​តែ​ភ្ញៀវទេសចរ​ឆ្លងកាត់​ប៉ុណ្ណោះ។

សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង​បញ្ជាក់​ថា ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​- បាន​ណង​អៀន​) ជា​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​ប្រជាជន​ខេត្តបន្ទាយមានជ័យ​និង​ប្រជាជន​ខេត្ត​ស្រះកែវ​ពិសេស​ជា​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​យើង​ទាំងពីរ​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ចា បាន​មានប្រសាសន៍ថា ស្ពាន​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ មួយ​នេះ​ចាត់ទុកជា​ស្ពាន​ត​ភ្ជាប់​ប្រទេស​ទាំងពីរ​ដំបូង​គេ​ស្ពាន​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ដែល​ជា​ប្រទេសជិតខាង​គ្នា​មាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ ជា​យូរអង្វែង​មកហើយ​។

​លោក​ប្រា​យុទ្ធ​បាន​បន្ត​ថា​ ក្នុង​អំឡុង​ពេលដែល​ការសាងសង់​អគារ​រដ្ឋបាល​ព្រំដែន​ខាង​ភាគី​ថៃ​និង​ការ​ធ្វើ​ផ្លូវ​ត​ភ្ជាប់​ខាង​ភាគី​កម្ពុជា​មិនទាន់​រួចរាល់​រាជរដ្ឋាភិបាល​ថៃ​មានការ​ប្ដេជ្ញា​នឹង​ត្រៀម​រួចរាល់​ក្នុង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​លឿន​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​និង​សហគមន៍​អាស៊ាន​ដូចជា​ការរៀបចំ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្លូវច្បាប់​ក្នុងការ​ឆ្លងដែន​តាម​ស្ពាន​នេះ​ឲ្យ​បាន​ចប់សព្វគ្រប់​ទាន់ពេល​ដើម្បី​បើក​បម្រើសេវា​ដល់​ប្រជាជន​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ខាងមុខ​ច្រកព្រំដែន​ខ្លង​លឹក​បច្ចុប្បន្ន​និង​បើក​ច្រក​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​ថ្មី​ឲ្យ​មាន​ភាពងាយស្រួល​ជាង​មុន រួមទាំង​ការតភ្ជាប់​ឧស្សាហកម្ម​ទាំងអស់​ដែល​ពាក់ព័ន្ធ​រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កម្ពុជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​ខាងកើត (EEC) របស់​ថៃ ហើយ​ត​ភ្ជាប់​ទៅ​កំពង់ផែ​ទឹក​ជ្រៅ​ឡែ​ម​ច្បាំង ដើម្បី​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។

ក្រៅពី​ការជំរុញ​ពាណិជ្ជកម្ម​ការវិនិយោគ​និង​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ​ហើយ​ខ្ញុំ​យល់​ឃើញ​ថា ​ស្ពាន​នេះ​ថែមទាំង​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ​នៃ​ការអនុវត្ត​ការងារ​រួមគ្នា​រវាង​រដ្ឋមន្ត្រី​ទាំងពីរ​ភាគី ហើយ​និង​បន្ត​ភ្ជាប់​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រជាជន​ថៃ​និង​ប្រជាជន​កម្ពុជា​តាមរយៈ​ស្ពាន​ថ្មី​នេះ​ដែល​ស្របទៅតាម​សេចក្ដីប្រកាស​របស់​អាស៊ាន​ដែល​ផ្ដោត​សំខាន់​ទៅលើ​ការតភ្ជាប់​កម្រិត​ប្រជាជន​អាស៊ាន​រួមទាំង​បំពេញបន្ថែម​ផ្លូវ​ដែល​ត្រូវបាន​បាត់បង់​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​កម្រិត​ភូមិភាគ​និង​អនុ​ភូមិភាគ​ជាពិសេស​វិស័យ​គមនាគមន៍​ការដឹកជញ្ជូន​និង​ឡូ​ជី​ស្ទីក​ដូចជា​ក្របខ័ណ្ឌ​អាស៊ាន​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​នៃ​អនុតំបន់​ដង​ទន្លេមេគង្គ​ឬ (GMS), ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ផ្នែក​សេដ្ឋកិច្ច​អា​យេ​យ៉ា​វ៉ា​ឌី ចៅ​ប្រា​យ៉ា មេគង្គ​(ACMECS)​ដែល​នឹង​ជំរុញ​ការ​សម្របសម្រួល​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ផ្សេងៗ​ទៀត​ដូចជា​វិស័យសេដ្ឋកិច្ច​គមនាគមន៍​ការ​តភ្ជាប់​សង្គម​និង​វប្បធម៌​អប់រំ​កសិកម្ម​និង​ទេសចរណ៍​ឲ្យ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​និង​ភាព​រីកចម្រើន​ព្រម​គ្នា​។

លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា ក្នុង​ឱកាស​ដែល​ប្រទេស​ថៃ​បាន​ទទួល​កិត្តិយស​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុងឆ្នាំនេះ​ខ្ញុំ​ចាត់ទុកថា​ស្ពាន​មិត្តភាព​ថៃ​-​កម្ពុជា​(​បាន​ណង​អៀន​-​ស្ទឹង​បត់​)​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​យើង​ទាំងពីរ ជា​កាដូ​ដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​តាំងចិត្ត​ផ្ដល់ជូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​រួមទាំង​សហគមន៍​អាស៊ាន​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​នៃ​គ្រប់ផ្នែក​ទាំងអស់​ពិសេស​ជា​មោទនភាព​ដែល​ស្ពាន​និង​ផ្លូវ​បានចាប់ផ្ដើម​នឹង​សាងសង់​រួចរាល់​ក្នុង​អាណត្តិ​រដ្ឋាភិបាល​របស់​យើង​ទាំងពីរ​។



លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អះអាងថា​ គោលការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​រាជរដ្ឋាភិបាល​ថៃ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នឹងមាន​ជា​បន្តបន្ទាប់​ដោយ​ភាពស្មោះត្រង់​ជិតស្និទ្ធ​និង​គង់វង្ស​ជា​រៀងរហូត​ហើយ​នៅ​ឆ្នាំក្រោយ​ជា​ខួប​លើក​ទី ៧០ នៃ​ទំនាក់ទំនង​ខាង​ការទូត​រវាង​ព្រះរាជាណាចក្រ​ថៃ​និង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អាច​នឹង​ចំពេល​គ្នា​ជាមួយនឹង​វិវឌ្ឍន​ភាព​នៃ​ការកសាង​និង​ការបើក​ច្រក​ថ្មី​នេះ​។

សូម​បញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​ដែល​ចាក់​បេតុង​ត​ភ្ជាប់​នៅ​ថ្ងៃ នេះ សាងសង់​ដោយ​កង​វិស្វកម្ម​នៃ​កងទ័ព​ភូមិន្ទ​ថៃ​ហើយ​សិក្សា និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាយវ៉េ (DOH)​ក្រសួង​ដឹកជញ្ជូន​ថៃ​ក្រោម​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ​ជាង​១៩​លាន​ដុល្លារ​។ ក្រៅពី​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ​លើ​គម្រោង​សាងសង់​ស្ពាន​ខាងលើ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។

​ស្ពាន​នេះ​ជា​ស្ពាន​ធំ​ទីមួយ​ដែល​បាន​សាងសង់​លើ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ចន្លោះ​បង្គោល​ខណ្ឌ​ព្រំសីមា​លេខ​៥០ និង​លេខ​៥១ ។ ស្ពាន​នេះ​មាន​ប្រវែង ៦២០ ម៉ែត្រ ទទឹង ១៧​ម៉ែត្រ​ដោយនៅ​ផ្នែក​កម្ពុ​ជាមាន​ប្រវែង ២១៥ ម៉ែត្រ នៅ​ផ្នែក​ខាង​ថៃ មាន​ប្រវែង ៤០៥ ម៉ែត្រ។ ការសាងសង់​ស្ពាន​នេះ​គឺជា​ការបើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ ថ្មី​មួយ​រវាង​ប្រទេស​ទាំងពីរ​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu