Ad Code

កម្ពុជា-ថៃ​ចុះហត្ថលេខា​បើក​ឲ្យ​មាន​ការ​ដឹកជញ្ជូន​តា​ម​ផ្លូវដែក ​ឆ្លងកាត់​ព្រំដែន​ជា​ប្រវត្តិសាស្ត្រ



បន្ទាយមានជ័យ ៖ ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះរាជាណាចក្រ​ថៃ បាន​ចុះហត្ថលេខា​រួមគ្នា​បើក​ឲ្យ​មាន​ការ​ដឹកជញ្ជូន​តា​ម​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​ទាំងពីរ​ជា​ប្រវត្តិសាស្ត្រ​។ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នា​ព្រឹក​ថ្ងៃទី ២២ ខែមេសា​នេះ​។



ពិធី​ចុះ​ហត្ថលេខា​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន នៃ​ប្រទេស​ទាំងពីរ នៅ​ស្ថានីយ​រថភ្លើង​ខ្លង​លឹក ប្រទេស​ថៃ។ ជាមួយនឹង​ការចុះ​ហត្ថ លេខា​បើក​ឲ្យ​មាន​ការ​ដឹកជញ្ជូន​តា​ម​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​ទាំងពីរ​ជា​ប្រវត្តិ​សាស្ត្រ។ ក៏​មាន​ពិធី​ប្រគល់​រថភ្លើង​ចំនួន​មួយគ្រឿង​ដោយមាន​ទូ​ចំនួន​៤ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ​ផងដែរ​។



សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ និង​ផែនការ​ច្បាស់លាស់ នៅក្នុង​ការ​អភិវឌ្ឍ និង​ស្ដារ​ឡើង​វិញ​នូវ​ផ្លូវដែក​របស់​ខ្លួន​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ព្រមទាំង​ថ្លែងអំណរគុណ​ដល់ រដ្ឋមន្ដ្រី​ដឹកជញ្ជូន​ថៃ និង​សហការី ដែល​បាន​ជួយ​ជំរុញ​កិច្ចព្រមព្រៀង រហូត​មានការ​ចុះហត្ថលេខា​នៅ​ថ្ងៃ​នេះ​។ សម្ដេច​សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​ដឹកជញ្ជូន នឹង​បន្ដ​ជោគជ័យ​នៅ​អាណត្តិ​ក្រោយៗ​ទៀត​។



ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា​ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រួមគ្នា​ស្តីពី​ការ​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​នេះ​និង​ការ​តភ្ជាប់​ផ្លូវដែក​នៅ​ព្រំដែន​សាជាថ្មី​ក្រោយពី​ការ​កាត់ផ្តាច់​នៅ​ឆ្នាំ​១៩៧៤ នេះ ពិត​ជាំ​នាំមក​នូវ​កាលានុវត្តភាព​សម្រាប់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ដែល​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ប្រកបដោយ​ប្រសិទ្ធភាព មានតម្លៃ​ថោក និង​មាន​សុវត្ថិភាព​ខ្ពស់ រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ជាពិសេស​ការតភ្ជាប់​ទៅ​តំបន់​អាស៊ាន និង​មហា អនុតំបន់​ទន្លេមេគង្គ​។



​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​សម្រាប់​ផ្លូវដែក ភ្នំពេញ​-​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​ប្រវែង​៣៨៦​គីឡូម៉ែត្រ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ស្តារ​រួច​ឡើងវិញ​ហើយ​ដែរ​។ ថ្វីដ្បិតតែ​មិនទាន់មាន​លក្ខណៈ​ស្តង់ដារ​ទំនើប ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ចក្ខុវិស័យ និង​ផែនការ​ច្បាស់លាស់ ក្នុង​ការ​អភិវឌ្ឍ​ផ្លូវដែក ឲ្យ​មាន​ការ​ដឹកជញ្ជូន​បាន​ទូលំទូលាយ ពិសេស​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា ក្លាយទៅជា​ប្រព័ន្ធ​ផ្លូវដែក​ពេញនិយម​ពី​សំណាក់​ប្រជាជន ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

នៅក្នុង​ពិធី​នោះ​ ក៏​មាន​ពិធី​ប្រគល់​រថភ្លើង​ចំនួន​មួយ​គ្រឿង​ដោយមាន​ទូ​ចំនួន​៤ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ​ផង​ដែរ​។ រថភ្លើង​ដែល​ជា​អំណោយ​របស់​ថៃ​នេះ​ជាប់​ជាមួយ​ទូ​អ្នកដំណើរ​ចំនួន​៤ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ដល់ ៨០​នាក់​ក្នុង​ទូ​នីមួយៗ​។ រថភ្លើង​ដឹក​អ្នកដំណើរ DMU (Diesel Multiple Unit) ផលិត​ដោយ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន​។



​គួរ​បញ្ជាក់​ថា ​ផ្លូវដែក​ភាគ​ជើង ភ្នំពេញ​- បាត់ដំបង​-​ប៉ោយប៉ែត​ព្រំ ដែនកម្ពុជា​-​ថៃ​មាន​ប្រវែង ៣៨៦ គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ឡើង​នៅក្នុង​សម័យ​អាណានិគម​បារាំង ផ្លូវដែក​ភ្នំពេញ​-​ពោធិ៍សាត់ សាងសង់​ពី​ឆ្នាំ​១៩២៩​ដល់​១៩៣១​ប្រវែង​១៦៦​គ​.​ម​។ ផ្លូវដែក​ពី​ពោធិ៍សាត់​-​មង្គល​បូរី​សាងសង់​ពី​ឆ្នាំ ១៩៣១ ដល់ ១៩៣៣ ប្រវែង ១៦៤ គ​.​ម និង​ផ្លូវដែក​ពី មង្គល​បូរី​-​ប៉ោយប៉ែត​សាងសង់​ពី​ឆ្នាំ​១៩៣៣​ដល់​១៩៤២ ប្រវែង ៥៥,០៥​គ​.​ម ។ កំណាត់​ផ្លូវដែក​មកកាន់​ក្រុង​ប៉ោយប៉ែត​ត្រូវ​បាន​កាត់ផ្តាច់​ក្នុងពេល​កម្ពុជា​ធ្លាក់​ក្នុង​អន្លង់​ភ្លើង សង្គ្រាម​នា​ឆ្នាំ ១៩៧០ ។ ផ្លូវដែក​មួយ​ខ្សែ​នេះ​ត្រូវបាន​ស្តារឡើងវិញ​ជា​បន្តបន្ទាប់ រហូត​រួចរាល់​ជា​ស្ថាពរ និង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​កាលពី​ខែ មេសា ឆ្នាំ ២០១៨ មុន​ពេល​ចូលឆ្នាំថ្មី​ដោយ​ចំណាយ​ថវិកា​ជិត ៨៤ លាន​ដុល្លារ​អាមេរិក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu