Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ បាន​ឯកភាព​គ្នា​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ចំនួន ៤ បន្ថែមទៀត



​បន្ទាយមានជ័យ ៖ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ បាន​ឯកភាព​គ្នា​បើក​ច្រក​ព្រំដែន​អន្តរជាតិ​បន្ថែមចំនួន​៤ ទៀត ដែល​មាន​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ,​បន្ទាយមានជ័យ​,​បាត់ដំបង និង ពោធិ៍សាត់ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​និង ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ នា​ព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​អម្បាញ់មិញ​ខ្ញុំ​បាន​ចរចា​ជាមួយនឹង​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ខ្ញុំ​បាន​ស្នើ ឲ្យ​បើក​នៅ​ច្រកព្រំដែន​អន្តរជាតិ​ចំនួន ៤ បន្ថែមទៀត​ដែល​រួមមាន​ច្រក​អានសេះ​រវាង​ខេត្តព្រះវិហារ និង​ខេត្ត​អ៊ូ​ប៊ុន​រាជធានី​, មាត់ច្រក់​ជប់​គគីរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ខេត្ត​បុរី​រ៉ា​ម ,​ច្រក់​ភ្នំ​ដី និង ច្រក​មួយទៀត​នៅ​ថ្មដា​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​ការ​បើក​ច្រក​ព្រំដែន​បន្ថែម​នេះ​នឹង​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​និង​ការ​ដោះដូរ​ទំនិញ​ទៅមក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅក្នុង​ជំនួប​ចរចា​គ្នា​រយៈពេល​ខ្លី​នេះ​សម្តេច​ក៏បាន​ស្នើសុំ​ដែក​រ៉ៃ​(​ផ្លូវ​រថភ្លើង​)​ ដែល​ប្រទេស​ឈប់​ប្រើ​មក​កម្ពុជា ហើយ​សម្តេច​ក៏បាន​ទទួល​នូវ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា​។ ក្នុងការ​ផ្តល់​ដែក​រ៉ៃ​ចំនួន ១៤០ គីឡូ​ម៉ៃ មក​ឲ្យ​កម្ពុជា ដើម្បី​កសាង​ផ្លូវដែក​បន្ថែមទៀត។

ច្រក​ទាំង​បួន​នោះ​មាន​ច្រក​អានសេះ​នៅ​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ ជាប់​នឹង​ស្រុក​ណាំ​យឺន ខេត្ត​អ៊ូ​ប៊ុន​រ៉ា​ត​ថា​នី​របស់​ថៃ​, ច្រក​ភ្នំ​ដី​ខេត្តបាត់ដំបង ជាប់​នឹង​ខេត្ត​ស្រះកែវ​របស់​ថៃ​,​ច្រក​ភ្នំ​ដា​ក្នុង​ខេត្តពោធិ៍សាត់​ជាប់​នឹង​ខេត្ត​ត្រាត​របស់​ថៃ និង ទី​៤ គឺ​ច្រក​ជប់​គគីរ​ក្នុងស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​រ មានជ័យ​ជាប់​នឹង​ស្រុក​បាង​គ្រួ​ត ខេត្ត​បុរី​រ៉ាំ របស់​ថៃ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu