ភ្នំពេញ ៖ នៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ,១៥ ,១៦លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រជាពលរដ្ឋយើងរស់នៅសុខស្រួល និងចង់ទៅណាមកណាក៏បាន គឺមិនលំបាក ចង់ទៅចូលរួមកម្មវិធីណាក៏ស្រួលធ្វើដំណើរ។
លោកបានបន្តថា ដូច្នេះស្របតាមទិសដៅ នៃភាពរីកចម្រើនរបស់ប្រទេសជាតិយើង និងដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានធ្វើកម្មវិធីរយៈពេល៣ថ្ងៃ គឺកម្មវិធីសង្ក្រាន្តច្បារអំពៅ និងមានកម្មវិធីជាច្រើនដូចជា ពិធីស្រង់ព្រះ ពិធីរាប់បាត្រ លេងល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ការរាំលេងកម្សាន្ត ការការប្រគំតន្ត្រី សម្តែងប្លែកៗដោយ ៖ មានការដើបង្ហាញម៉ូត ក្រុមកំប្លែង និង តារាចម្រៀងល្បីៗចូលរួមជាច្រើនរូប។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកចូលរួមកម្មវិធីសង្ក្រាន្តច្បារអំពៅនេះឲ្យបានច្រើនកុះករ។ ដោយឡែក លោក អ៊ឹម ជីវ៉ា ដែលជាអ្នកចាត់ចែងរៀបចំកម្មវិធីផ្នែកសិល្បៈក្នុងសង្ក្រាន្ត ច្បារអំពៅបាននិយាយថា នេះកម្មវិធីសិល្បៈមានច្រើនទម្រង់មែនទែនដែលមានការចូលរួមពីសិល្បករគ្រប់ផ្នែក ក្នុងនោះយើងមានការការបង្ហាញម៉ូតទៅតាមសម័យកាល។
លោកបន្ថែមថា ក្នុងនោះក៏មានការលេងល្បែងប្រជាប្រិយចាប់ពីព្រឹកផងដែរ ហើយការលេងនៅតំបន់ត្រជាក់ចិត្តចាប់ផ្ដើមពីម៉ោង០១រសៀល ការប្រគំតន្ត្រី និងការចាប់ផ្ដើមពីម៉ោង៦ ដល់ម៉ោង១០យប់ និងមានកម្មវិធីសប្បាយជាច្រើនទៀត៕
Source: Kampuchea Thmey Daily
0 Comments