ភ្នំពេញ ៖ លោករដ្ឋមន្ត្រី វេង សាខុន នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានអនុញ្ញាតលោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា និងសហការីចូលជួបដើម្បីរាយការណ៍ជូនជ្រាបពីវឌ្ឍនភាពរបស់គម្រោង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងនាពេលអនាគត។
លោកស្រីបានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីថា អង្គការហេហ្វឺកម្ពុជាបាននិងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានថវិកាគាំទ្រពីកម្មវិធីអង្គការហេហ្វឺអន្តរជាតិដើម្បីអនុវត្តគម្រោងស្តីពី "ការលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច" ក្នុងខេត្តគោលដៅចំនួន១១ គឺ ខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ គម្រោងនេះ មានគោលបំណងជួយគាំទ្រដល់កសិករក្រីក្រ និងក្រុមងាយរងគ្រោះចំនួន៣៥ពាន់គ្រួសារ និងសហគមន៍កសិកម្មចំនួន៦៤សហគមន៍។ កម្មវត្ថុចំនួន០៥ ដែលអង្គការបានអនុវត្តគឺរៀបចំទីផ្សារកសិផល ធានា និងផ្គត់ផ្គង់អាហារូបត្ថម្ភ ផ្សព្វផ្សាយពីការរស់នៅប្រកបដោយអនាម័យ និងការប្រើប្រាស់ទឹកស្អាត លើកកម្ពស់យេនឌ័រ និងការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយសមធម៌។ អ្វីដែលគួរជាទីមោទនៈនោះ គឺ បច្ចុប្បន្នតាមរយៈគម្រោងនេះ ជាមធ្យមកសិករអាចរកចំណូលបានជាង០៥ពាន់ដុល្លារក្នុង០១ឆ្នាំ ក្រោយពេលដកថ្លៃដើមរួច ដែលចំណូលនេះបានធ្វើឲ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនយ៉ាងខ្លាំង។
មានប្រសាសន៍នាឱកាសនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលអង្គការសម្រេចបាននាពេលកន្លងមក។ សមិទ្ធផលទាំងនេះ បានចូលរួមចំណែកអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនប្រាក់ចំណូលគ្រួសារតាមរយៈការជំរុញផលិតភាពផលិតកម្មកសិកម្មសមស្រប ផលិតផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងមានលទ្ធភាពក្នុងការប្រកួតប្រជែងទីផ្សារខ្ពស់ និងជាពិសេសបង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រឆ្លើយតបទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបានបន្តថា សកម្មភាពនេះ ក៏ពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះគោលនយោបាយរបស់ក្រសួងផងដែរ ជាពិសេសលើការអភិវឌ្ឍសហគមន៍កសិកម្មដោយផ្តោតជាសំខាន់លើការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការប្តូរពូជដំណាំនិងសត្វ ការប្តូរមុខដំណាំ ការប្រើបច្ចេកវិទ្យា និងធាតុចូលកសិកម្មសមស្រប និងជាពិសេសការបំពេញតម្រូវការ នៃទីផ្សារទាំងក្នុង និងក្រៅប្រទេស ធ្វើបែបនេះគឺដើម្បីដើរឱ្យទាន់បរិបទថ្មីនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងទេសចរណ៍។
នាឱកាសនេះផងដែរ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យថែមមួយកម្រិតទៀត ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់មតិដល់អង្គការហេហ្វឺកម្ពុជា និងអង្គការផ្សេងៗទៀតដែលកំពុងអនុវត្តគម្រោងទាក់ទងនឹងវិស័យកសិកម្មឲ្យពិចារណា និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ចំនួន៤ ហើយកត្តាទាំងអស់នេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្តដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ជាមួយស្ថាប័នជំនាញ និងសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីចូលរួមសម្រេចគោលដៅជាប្រយោជន៍ដល់ប្រជាកសិករ។ យោងតាមសំណើ ឯកឧត្ដមរដ្ឋមន្ត្រីយល់ព្រមថានឹងអញ្ជើញចុះទៅពិនិត្យសមិទ្ធផលរបស់គម្រោងជាក់ស្តែងនៅតាមបណ្តាខេត្តគោលដៅនាពេលអនាគតដ៏ខ្លី។
ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រីដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យក្រុមការងារបានជួបរាយការណ៍ ចែករំលែកបទពិសោធន៍ ហើយឯកភាពទទួលយកអនុសាសន៍ដែលជាប្រយោជន៍សម្រាប់អង្គការយកទៅអនុវត្តបន្តឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments