ភ្នំពេញ ៖ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន បន្តស្វះស្វែងរកមិត្តភ័ក្ដិ និងដៃគូពាណិជ្ជកម្ម ក៏ដូចជា វិនិយោគិនជាតិ អន្តរជាតិ ឲ្យមករកស៊ីនៅកម្ពុជាបានកាន់តែច្រើន ដើម្បីបន្តលើកកម្ពស់សេដ្ឋកិច្ចប្រទេស និង ជីវភាពប្រសើរឡើងរបស់ប្រជាពលរដ្ឋលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់ប្រតិភូ នៃព្រឹទ្ធសភាខេត្តស៊ីឈួន ប្រទេសចិន ឲ្យពិនិត្យលទ្ធភាព ក្នុងការបញ្ជូនអ្នកវិនិយោគរបស់ខ្លួនមកកម្ពុជាឲ្យបានកាន់តែច្រើន ខណៈដែលកម្ពុជាកំពុងមានសក្ដានុពល ដើម្បីធ្វើការវិនិយោគទទួលបានផលចំណេញ។
ការស្នើបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨មេសា ខណៈដែលលោកអភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សា និង ផ្លាស់ប្ដូរមតិយោបល់ លើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងមិត្តភាព និងទេសចរណ៍ ជាមួយប្រតិភូព្រឹទ្ធសភាខេត្តស៊ីឈួន ដឹកនាំដោយ លោក ជុង មាន អនុប្រធានព្រឹទ្ធសភា នៃខេត្តស៊ីឈួន នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាង កម្ពុជា និង ខេត្តស៊ីឈួន ក្នុងអំឡុងពេលដែលលោក និងប្រតិភូមកបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០មេសា នៅក្នុងព្រះរាជាណាក្រកម្ពុជា។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជានៅពេលនេះ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបានធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ពិសេសជីវភាពប្រជាពលរដ្ឋ មានភាពប្រសើរឡើងជាលំដាប់។
តាមរយៈនេះ លោក ឃួង ស្រេង បានស្នើឲ្យលោកអនុប្រធានព្រឹទ្ធសភា នាំនូវដំណឹងនេះ ទៅផ្សព្វផ្សាយដល់ប្រជាជន និងអ្នកវិនិយោគនៅខេត្តស៊ីឈួន ឲ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ឲ្យបានច្រើនថែមទៀត។
លោក ជុង មាន ក្នុងឱកាសនោះក៏បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំធ្វើឲ្យរាជធានី មានការរីកចម្រើន ជាពិសេសសំណង់ អគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ មានការរីកព្រោងព្រាតយ៉ាងឆាប់រហ័ស។ តបតាមសំណើ និងសេចក្តីត្រូវការខាងលើ ក្រុមប្រតិភូនឹងនាំនូវដំណឹងដ៏ល្អនេះ ទៅផ្សព្វផ្សាយ ក៏ដូចជាជំរុញឲ្យអ្នកវិនិយោគខេត្តស៊ីឈួន បន្តមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន។
លោក ជុង មាន ក៏បានជម្រាបជូនផងដែរថា ក្នុងពេលនេះ ក៏មានក្រុមប្រតិភូអ្នកវិនិយោគវ័យក្មេងខេត្តស៊ីឈួន មួយក្រុម បាននិងកំពុងជួបពិភាក្សាជាមួយដៃគូរវិនិយោគកម្ពុជា ដើម្បីស្វែងយល់ពីឱកាសមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ដើម្បីបំពេញតម្រូវការរបស់អ្នកវិនិយោគ កម្ពុជា និងខេត្តស៊ីឈួន ដែលមានការកើនឡើងជាហូរហែ រដ្ឋបាលខេត្តស៊ីឈួន មានគម្រោងបង្កើនជើងហោះហើរត្រង់មកកាន់កម្ពុជា ឲ្យបានជារៀងរាល់ថ្ងៃ ខណៈពេលបច្ចុប្បន្ន មានការហោះហើរត្រង់ចំនួន៤ជើងក្នុងមួយសប្ដាហ៍។
ប្រធានប្រតិភូបានបញ្ជាក់ថា អនុវត្តតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ប្រទេសចិនមានគោលដៅចាប់យកតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ដែលត្រូវជំរុញទំហំពាណិជ្ជកម្ម ជាពិសេសជំរុញទំហំពាណិជ្ជកម្ម រវាង កម្ពុជា និង ខេត្តស៊ីឈួន ឲ្យបានកើនឡើងថែមទៀត ស្របពេលបច្ចុប្បន្នមានតែជាង២ពាន់លានដុល្លារតែប៉ុណ្ណោះ។
លោកប្រធានប្រតិភូ ក៏បានបញ្ជាក់ពីជំហររបស់រដ្ឋបាលខេត្តស៊ីឈួនថា រដ្ឋបាលខេត្តស៊ីឈួបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការសម្របសម្រួលដល់គម្រោងនាំផលិតផលពីកម្ពុជាទៅកាន់ខេត្តនេះ។ លើសពីនេះ ក៏បានសន្យាទាក់ទាញអ្នកវិនិយោគឲ្យមកកម្ពុជាបានកាន់តែច្រើន ពិសេសក្រុមហ៊ុនទាំង៧ ដែលបានចុះMOU ជាមួយកម្ពុជា លើវិស័យទំនាក់ទំនង វប្បធម៌ ទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ រួចហើយនោះ។
លោក ជុង មាន ក៏បានសំណូមពរឲ្យមានការធ្វើទំនាក់ទំនង រវាងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និង មន្ត្រីរដ្ឋបាលខេត្តស៊ីឈួន ឲ្យបានយ៉ាងស្អិតរមួត ហើយចង់ឲ្យមានកិច្ចសហប្រតិបត្តិការ រវាង រាជធានីភ្នំពេញ និងទីក្រុងណាមួយ នៃខេត្តស៊ីឈួន និង បង្កើនការបណ្ដុះបណ្ដាល ការអប់រំ វប្បធម៌ និងទេសចរណ៍ ឲ្យបានកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments