Ad Code

គ្រូបង្វឹក​ក្រុម​បឹង​កេតថា ​រកបាន​៣​ពិន្ទុ​សំខាន់​ជាង ខណៈ​រកបាន​គ្រាប់​បាល់​៧​គ្រាប់​លើ​ខេត្តកំពង់ចាម គឺអាច​ទទួលយកបាន



លោក ហៅ សុជាតិ គ្រូ​បង្គោល​ក្លិប​បាល់ទាត់​បឹងកេត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​សម្តែង​ការរីករាយ​ដែល​រកបាន​៣​ពិន្ទុ​បន្ថែម​គិត​ត្រឹម​សប្ដាហ៍​ទី​៤ ពោលគឺ​បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ចាម ដោយ​លទ្ធផល​៧​ទល់​០ កាលពីពេល​ថ្មីៗ លើ​ទឹកដី​វិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់​។



គ្រូបង្វឹក​ខាងលើ​បាន​បញ្ជាក់​ក្រោយ​ចប់​ការប្រកួត​ថា ​«​មុន​ពេល​ការ​ប្រ​កូត​មកដល់ គឺ​យើង​បានដាក់​គោលដៅ​រួចហើយ ថា​ដើម្បី​យក ៣​ពិន្ទុ ហើយ​ចំពោះ​គ្រាប់​បាល់​ច្រើន​ប៉ុណ្ណា​នោះ​យើង​មិនអាច​ប៉ាន់ស្មាន​បានទេ តែ​ខ្ញុំ​គិតថា គ្រាប់​បាល់​ប៉ុន​នេះ គឺ​គ្រប់គ្រាន់​ហើយ​។ យើង​ព្យាយាម​ដាក់បញ្ចូល​កីឡាករ​ថ្មីៗ និង​យុវជន​ឲ្យ​បាន​ចូល​លេង ក្នុង​ការ​ប្រកួត​នេះ ដើម្បី​ទទួល​បាន​ឱកាស​ត្រៀម​សម្រាប់​ការប្រកួត​ក្រោយៗ​ទៀត​»​។

មូលហេតុ​ដែល​លោក ហៅ សុជាតិ និយាយ​រឿង​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​បាន​៧​គ្រប់​គឺ​គ្រប់គ្រាន់ ព្រោះ​តែបើ​ធៀប​នឹង​២​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ខេត្តកំពង់ចាម គឺ​បាន​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១១​ទល់​០ ហើយ​បន្ត​ចាញ់​ក្រសួងការពារជាតិ ១១​ទល់​០ ដែរ​ខណៈ​ក្រុម​បឹងកេត អា​ចរក​គ្រាប់​បាល់​បានតែ​៧​គ្រាប់​ប៉ុណ្ណោះ បើ​ធៀប​នឹង​២​ក្រុម​មុន​។



លោក ហៅ សុជាតិ បាន​បញ្ជាក់​ថា ​ក្លិប​បឹងកេត នា​ពេល​បច្ចុប្បន្ន​ក៏​កំពុង​ព្យាយាម​រៀបចំ​ឲ្យ​បានល្អ​កាន់​តែ​ខ្លាំង​ដើម្បី​ប្រកួត​ទាំង​ក្នុង​លី​គ​កំពូល និង ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ឆ្នាំ២០១៩​នេះ​។ សម្រាប់​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​បឹង​កេត ឈរ​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១៤ ក្រោយ​ប្រកួត​ឈ្នះ​បាន​២​លើក ហើយ​ស្មើគ្នា​១​លើក និង​ចាញ់​១​លើក​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​បឹងកេត ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។

​សូម​រំលឹកថា​ក្រុម​បឹងកេត ធ្លាប់​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចំនួន​៣​លើក​ផងដែរ ខណៈ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្លិប​ដែល​មាន​ប្រភព​មកពី​ខេត្តកំពង់ចាម បានបញ្ចប់​បេសកកម្ម​របស់​ខ្លួន​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ៨ក្រុម​ចុង​ក្រោយ​ ក្រោយ​ចាញ់​ក្រុម​ណាហ្គាវើល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu