លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបាល់ទាត់បឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានសម្តែងការរីករាយដែលរកបាន៣ពិន្ទុបន្ថែមគិតត្រឹមសប្ដាហ៍ទី៤ ពោលគឺបានយកឈ្នះលើក្រុមខេត្តកំពង់ចាម ដោយលទ្ធផល៧ទល់០ កាលពីពេលថ្មីៗ លើទឹកដីវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនមេមត់។
គ្រូបង្វឹកខាងលើបានបញ្ជាក់ក្រោយចប់ការប្រកួតថា «មុនពេលការប្រកូតមកដល់ គឺយើងបានដាក់គោលដៅរួចហើយ ថាដើម្បីយក ៣ពិន្ទុ ហើយចំពោះគ្រាប់បាល់ច្រើនប៉ុណ្ណានោះយើងមិនអាចប៉ាន់ស្មានបានទេ តែខ្ញុំគិតថា គ្រាប់បាល់ប៉ុននេះ គឺគ្រប់គ្រាន់ហើយ។ យើងព្យាយាមដាក់បញ្ចូលកីឡាករថ្មីៗ និងយុវជនឲ្យបានចូលលេង ក្នុងការប្រកួតនេះ ដើម្បីទទួលបានឱកាសត្រៀមសម្រាប់ការប្រកួតក្រោយៗទៀត»។
មូលហេតុដែលលោក ហៅ សុជាតិ និយាយរឿងគ្រាប់បាល់ទាត់បញ្ចូលទីបាន៧គ្រប់គឺគ្រប់គ្រាន់ ព្រោះតែបើធៀបនឹង២ប្រកួតចុងក្រោយរបស់ក្រុមខេត្តកំពង់ចាម គឺបានចាញ់ក្រុមអង្គរថាយហ្គឺរ ១១ទល់០ ហើយបន្តចាញ់ក្រសួងការពារជាតិ ១១ទល់០ ដែរខណៈក្រុមបឹងកេត អាចរកគ្រាប់បាល់បានតែ៧គ្រាប់ប៉ុណ្ណោះ បើធៀបនឹង២ក្រុមមុន។
លោក ហៅ សុជាតិ បានបញ្ជាក់ថា ក្លិបបឹងកេត នាពេលបច្ចុប្បន្នក៏កំពុងព្យាយាមរៀបចំឲ្យបានល្អកាន់តែខ្លាំងដើម្បីប្រកួតទាំងក្នុងលីគកំពូល និង ពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ២០១៩នេះ។ សម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា ក្រុមបឹងកេត ឈរចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមក្លិបជាសមាជិកទាំង១៤ ក្រោយប្រកួតឈ្នះបាន២លើក ហើយស្មើគ្នា១លើក និងចាញ់១លើក។ សម្រាប់ប្រកួតបន្ទាប់ក្រុមបឹងកេត ត្រូវប៉ះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ នៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
សូមរំលឹកថាក្រុមបឹងកេត ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ចំនួន៣លើកផងដែរ ខណៈនៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្លិបដែលមានប្រភពមកពីខេត្តកំពង់ចាម បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ២ Metfone Cambodian League មាន៤៩ពិន្ទុ ក្រោយឈ្នះបាន១៥ លើក ហើយស្មើគ្នាបាន៤ លើកនិង ចាញ់៣ប្រកួត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមបឹងកេត បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោយចាញ់ក្រុមណាហ្គាវើល៕
Source: Kampuchea Thmey Daily
0 Comments