កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់បែបនេះ នៅក្នុងពិធីសម្ពោធក្លោងទ្វារសាលាអគារស្នាក់នៅរបស់សិក្ខាកាម និងសំណេះសំណាលជាមួយនិស្សិតនាយទាហានសកម្មជំនាន់ទី២២-២៣ នៅសាលានាយទាហានសកម្ម ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមសប្បាយរីករាយ និងអបអរសាទរចំពោះនិស្សិតនាយទាហាន ដែលបានប្រលងជាប់ជានាយទាហានសកម្មជំនាន់ទី២២-២៣ និងអរគុណចំពោះការសម្រេចចិត្តចូលបម្រើក្នុងជួរកងទ័ព និងបានព្យាយាមដាក់ពាក្យប្រលងកន្លងមក ខណៈដែលបច្ចុប្បន្ន វិស័យការងារ គឺមានជម្រើសច្រើនណាស់ ទាំងការងាររដ្ឋ ការងារឯកជន ស្ថាប័នអង្គការ NGO ផ្សេងៗ។ ដោយឡែកការជ្រើសរើសវិស័យយោធា ដែលនិស្សិតនាយទាហាន បានខិតខំប្រឹងប្រែងរៀនសូត្រត្រៀមប្រឡងរហូតទទួលបានជោគជ័យ ឆន្ទៈ ជំហររឹងមាំ មិនបោះបង់រត់ចោលការសិក្សា ការហ្វឹកហាត់ មកដល់ពេលនេះ គឺបង្ហាញពីតម្លៃនៃឱកាសដែលនិស្សិតនាយទាហានរៀននៅសាលានេះ។
តាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អ្នកដែលបានមកអង្គុយនៅលើកៅអីនេះ គឺជាឱកាសមាស កៅអីនីមួយៗ គឺមានតម្លៃណាស់មិនអាចកាត់ថ្លៃបាន ព្រោះនិស្សិតដែលទទួលបានជោគជ័យនៅថ្ងៃនេះ គឺមានការប្រកួតប្រជែងប្រកបដោយមោទនភាពខ្លួនឯងក្នុងចំណោមមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដែលគេមិនបានប្រលងជាប់ជាស្ថាពរដូចអ្នកដែលមានវត្តមាននៅទីនេះ។
ការជាប់នេះ គឺជាប់ដោយការប្រកួតប្រជែង ជាប់ដោយមោទនភាព ហើយបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត នេះជាការប្រកួតប្រជែងដោយយុត្តិធម៌។ ឱកាសមួយទៀត គឺឱកាសពេជ្រ ដែលបានរៀននៅសាលានេះ ដោយឆ្លងកាត់ប្រកួតប្រជែង ដែលគណៈកម្មាជ្រើសរើសបានខិតខំឲ្យអស់ពីសមត្ថភាព លុបបំបាត់នូវអំពើអវិជ្ជមានទាំងឡាយណា ដែលកើតឡើងក្នុងការប្រឡង។ លោកបន្តថា ការដែលជាប់ពេលនេះទើបធ្វើឲ្យខ្លួនយើងដឹងពីសមត្ថភាពខ្លួនឯងថា យើងខ្លាំងប៉ុណ្ណា ហើយឱកាសមាសមួយទៀត អាចប្រៀបធៀបថា ជាឱកាសពេជ្រ ដែលមានមជ្ឈមណ្ឌលអប់រំ ដែលផ្តល់ចំណេះវិជ្ជា ជំនាញ ដែលសាលាឯកជនផ្សេងមិនមាន គឺយុទ្ធវិធី និងចំណេះដឹងយោធា។ រៀនជានាយទាហាន ទទួលបានអាជីពយោធា កសាងមនុស្សឲ្យមានវិន័យ សណ្តាប់ធ្នាប់ មានការទទួលខុសត្រូវ ម៉ឺងម៉ាត់ និងមានភាពជាអ្នកដឹកនាំ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងដែរថា ការទទួលខុសត្រូវជាមេ ត្រូវដឹងពីមូលដ្ឋានគ្រឹះ ចង់រៀនថ្នាក់អនុបណ្ឌិត ត្រូវឆ្លងកាត់ពីបរិញ្ញាបត្រជាមុនសិន ចង់ក្លាយជានាយទាហានថ្នាក់មធ្យម ថ្នាក់ឧត្តម ដែលមានមូលដ្ឋានគ្រឹះរឹងមាំ ទាល់តែច្បាស់ពីនាយទាហានបឋមជាមុនសិន ចំពោះនាយទាហាននីមួយៗ ក៏ត្រូវយល់ពីវិន័យ សណ្តាប់ធ្នាប់ ការយល់ដឹងពីការគ្រប់គ្រងខ្លួនឯង យល់ពីកងទ័ព យល់ពីខ្លួនឯង យល់ពីការទទួលខុសត្រូវ ក្នុងនាមជានាយទាហានដឹកនាំពលទាហាន ហើយនាយទាហាន ដែលចេញពីសាលានាយទាហានសកម្ម និងនាយទាហានជើងគោក ដែលបញ្ចប់ការសិក្សាចេញពីសាលាគ្រប់គ្រងត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ គឺមានឱកាសច្រើននៅក្នុងការជោគជ័យ ប៉ុន្តែក៏វាអាស្រ័យទៅលើយុទ្ធវិធី រៀនធ្វើជាមេគេ និងការងារទទួលខុសត្រូវ។ លោកបញ្ជាក់ថា និស្សិតនាយទាហានដែលចេញពីសាលានាយទាហានសកម្មមានឱកាសច្រើននៅក្នុងការទទួលបានភាពជោគជ័យនៅក្នុងការប្រើប្រាស់យុទ្ធវិធី ជំនាញ និងភាពជាអ្នកដឹកនាំ ហើយជានេះ ជាឱកាសមាសដែលនិស្សិតនាយទាហាន ទទួលបាននៅការបណ្ដុះបណ្ដាលឲ្យមានលទ្ធភាព និងស្នាដៃពេលចេញទៅបម្រើការងារនៅតាមអង្គភាព។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងទៀតថា កត្តាម្យ៉ាងទៀត ដែលមិនអាចបាត់បាន គឺថ្នាក់ដឹកនាំសាលា ព្រឹទ្ធាចារ្យ និងគ្រូគ្រប់គ្រង គឺសំខាន់ណាស់ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា នាយក នាយករង លោកគ្រូគ្រប់ជំនាញ និងបុគ្គលិករបស់សាលាទាំងអស់ ដែលខិតខំដឹកនាំសាលានេះអោយដំណើរការ ស្វះស្វែងរកការឧបត្ថមគាំទ្រ និងបានដោះស្រាយរាល់បញ្ហាលំបាកសម្រាប់ការអនុវត្តផែនការហ្វឹកហ្វឺន ការងារគ្រប់គ្រង២៤ម៉ោង ដើម្បីផ្តល់ឱកាសឱ្យយុវជនរបស់យើងជាង២០០នាក់ប្រែក្លាយជាយុវជនស៊ីវិល ទៅជានាយទាហានម្នាក់ប្រកបដោយសមត្ថភាពពេញលេញ ពោរពេញដោយការហ្វឹកហ្វឺនយ៉ាងខ្លាំងក្លាក្នុងការការពារប្រទេសជាតិទាំងមូលនាថ្ងៃខាងមុខ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ប្រទេសកម្ពុជាយើងមិនមានសង្គ្រាមរហូតនោះទេ ប៉ុន្តែការការពារជាតិ គឺត្រូវផ្ទេរពីជំនាន់មួយទៅជំនាន់ ដើម្បីការពារជាតិ និងប្រជាជន។ ប្រទេសយើងមានសុខសន្តិភាព មកដល់ពេលនេះ គឺមិនមែនចៃដន្យទេ ទី១ គឺការបញ្ចប់សង្គ្រាមដោយយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងទី២ ការខិតខំការពាររបស់កងកម្លាំងប្រដាប់អាវុធ។ ដូច្នេះកាតព្វកិច្ចរបស់យើង ត្រូវត្រៀមគ្រប់ពេលវេលាក្នុងការបណ្ដុះបណ្ដាលជំនាញរបស់កងទ័ព និងការការពារជាតិ និងប្រជាជន ព្រោះនិស្សិតនាយទាហាននេះហើយ ជាអ្នកទទួលខុសត្រូវសម្រាប់រយៈពេលទៅមុខទៀត៕
Source: Kampuchea Thmey Daily
0 Comments