Ad Code

កីឡាករ ច្រឹង ពលរដ្ឋ បាត់បង់​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន​ឡើងវិញ​ពេល​ទ័ព ប៉ះ​ប៉ូលិស ព្រោះតែ​មក​ហ្វឹកហាត់​យឺត​ពេល



កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើ​កណ្ដាល​ប្រចាំ​ក្រុម​ក្រសួងការពារជាតិ ដែលជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ត្រូវបាន​ក្លិប​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ​គឺ Buriram United ប្រកាស​ចុះកិច្ចសន្យា​នាំយកទៅ​ចូលរួម​ក្រុម​កាលពីដើម​សីហា ឆ្នាំ​២០១៨ កន្លង​ទៅក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ ប៉ុន្តែ​ក្រោយមក​ក្លិប​ថៃ មួយ​នេះ​បាន​យក​Lương Xuân Trường របស់​វៀតណាម ជំនួស​វិញ​ព្រោះតែ​គេ​មាន​បញ្ហា​របួស​។

ក្រុម​ចាស់​ក្រសួងការពារជាតិ បាន​ចុះឈ្មោះ​កីឡាករ ច្រឹង ពលរដ្ឋ ក្នុង​បញ្ជី​វិញ​សម្រាប់​ប្រកួត​នានា​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩​នេះ ក្រោយ​កីឡាករ​ខ្លួន​អស់​ឱកាស​បង្ហាញ​សមត្ថភាព​លើទឹក​ដី​ប្រទេស​ថៃ​។ ពេលនេះ​ស្ថានភាព​របស់ ច្រឹង ពលរដ្ឋ នៅ​មិនទាន់​អាច​ដណ្តើម​កៅអី​ជម្រើស​១១​នាក់​ដំបូង​បាន​នៅឡើយ​នោះទេ គឺអាច​លេង​បានតែ​ស្ថិតក្នុង​កៅអី​កីឡាករ​បម្រុង ព្រោះ​ប្រព័ន្ធ​ប្រកួត​របស់លោក ភា សុភ​ត្រា ដែលជា​គ្រូបង្វឹក​ប្រើ​រូបមន្ត ៤-១-៤-១​។ តួរ​នាទី​របស់ ច្រឹង ពលរដ្ឋ បច្ចុប្បន្ន​គឺ​លេង​នៅ​តំបន់​ខ្សែបម្រើ​ការពារ ដែល​ជាន់គ្នា​នឹង​កីឡាករ​អេ​ហ្ស៊ី​ប Mohamed Hamza កំពុងតែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​បច្ចុប្បន្ន​។



​ថ្មីៗ​នេះ​ក្រសួងការពារជាតិ ដែល​បាន​យកឈ្នះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយ​លទ្ធផល ២​ទល់​៤ មុននឹង​ការប្រកួត​នៅសល់​ប្រហែល​២០​នាទី លោក ភា សុ​ភ័​ក្ត្រា បានសម្រេច​ផ្លាស់ប្ដូរ​កីឡាករ​ចុងក្រោយ នៅក្នុង​ការប្រកួត​នេះ​នៃ​ការសម្រេចចិត្ត​រវាង ណា​រ៉ុង កក្កដា និង ច្រឹង ពលរដ្ឋ ចុងក្រោយ​លោក​បានសម្រេច​ដាក់ ណា​រ៉ុង កក្កដា ប្ដូរ​ចូល​ជំនួស ឈិន ឈឿន នៅ​នាទី​៧៣។

​លោក ភា សុភ​ត្រា បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​មិន​ដាក់​កីឡាករ ច្រឹង ពលរដ្ឋ ឲ្យចូល​ប្រកួត​ថា « និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​ព្យាយាម​ចង់​ផ្ដល់​ឱកាស​ឲ្យ​គាត់​លេង​ដែល ប៉ុន្តែ​ដោយសារ​ដំណាក់កាល​ចុងក្រោយ​ដែល​យើង​ប្ដូរ​កីឡាករ​នៅ​សល់​តែ ណា​រ៉ុង កក្កដា ហើយ​និង ច្រឹង ពលរដ្ឋ ប៉ុន្តែ ច្រឹង ពលរដ្ឋ គាត់​មក​យឺត​មួយ​ពេល អ៊ីចឹង​យឺត​មួយ​ពេល យឺត​ប្រហែលជា​១០​នាទី នៃ​ការ​ហ្វឹកហាត់ កក្កដា គេ​មក​ពេញ​ម៉ោង គេ​ទៀង​ម៉ោង អីចឹង​ខ្ញុំ​ស​ម្រេ​ច​ចិត្ត​ឲ្យ កក្កដា លេង​ពីព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​ផ្ដល់​យុត្តិធម៌​នៅ​ពេល​ដែល​កីឡាករ​មាន​វិន័យ ប៉ុន្តែ ពលរដ្ឋ គាត់​ព្យាយាម​មក​ដែរ គ្រាន់តែ​ថា​យឺត​»​។

គ្រូបង្វឹក​ខាងលើ​បន្ត​ថា «​ពលរដ្ឋ មាន​ភាពប្រសើរឡើង​ហើយ ហើយ​សូម្បីតែ​ការផ្ដល់​ជា​យោបល់​ពី​កីឡាករ​បរទេស ពី​កីឡាករ​របស់​យើង​មួយចំនួន ដែល​ធ្លាប់​ហាត់​ជាមួយ ពលរដ្ឋ គាត់​នៅ​ពេល​ដែល​យើង​ហាត់​យើង​ចែក​ឲ្យ​គាត់​លេង​នៅក្នុង​បម្រុង ប៉ុន្តែ​គាត់​ធ្វើ​បាន​យ៉ាង​ល្អ​មែនទែន ក្នុងការ​ដឹកនាំ​លេង​ក្នុង​មាន​ជា​ខ្សែបម្រើ​ការពារ អ​ច្ចឹ​ង​ក្នុង​អំឡុង​ពេលនេះ ប្រសិនបើ​មានន័យថា​គេ​មិនទាន់​អាច​រួចរាល់​សម្រាប់ ១១​នាក់​ដំបូង​បាន ប៉ុន្តែ​បើសិន​ករណី​ណា​ដែល Hamza មាន​បញ្ហា​របួស ឬក៏​កាត អីចឹ​ង ពលរដ្ឋ អាច​ធានារ៉ាប់រង​តំបន់​បម្រើ​ការពារ​នេះ​បាន ពីព្រោះ​បច្ចុប្បន្ន​យើង​ព្យាយាម​លេង​បម្រើ​ការពារ​តែមួយ​ទេ គឺ ៤-១-៤-១»​។



​សូមបញ្ជាក់​ថា ​កីឡាករ​វ័យ​២១​ឆ្នាំ ច្រឹង ពលរដ្ឋ ធ្លាប់​ជា​សមាជិក​ក្នុង​ក្រុមយុវជន​ថ្នាល​ប្រចាំ​ក្លិប​ព្រះខ័ន​រាជ (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) ហើយ​រូបគេ​ត្រូវបាន​លោក សំ វ៉ាន់​ដេ​ត ដាក់ឈ្មោះ​ក្នុង​ក្រុម​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) រហូត​ចាប់ពី​ឆ្នាំ​២០១៥​ដល់​បច្ចុប្បន្ន​រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ​។ កីឡាករ​រូប​នេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី U16,U19,U22 និង​ជម្រើសជាតិ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu