Ad Code

ប្រជាពលរដ្ឋ​ និង​អ្នក​ធ្វើ​ដំណើរ​ គាំទ្រ​នូវ​សកម្មភាព​ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​មុខ​ផ្សារ​ព្រែកឯង



ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្សារ​ព្រែក​ឯង​ ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ក្នុង​សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ ​បាន​សំដែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពេល​ឃើញ​កម្លាំង​ចម្រុះ​របស់​សាលា​ខណ្ឌ​ច្បារអំពៅ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​មុខ​ផ្សារ​ព្រែក​ឯង។

បងប្រុស សឿន តុលា ជា​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ផ្សារ​ព្រែក​ឯង​ជាប្រចាំ​បាន​និយាយ​ថា​ បងប្រុស​ពេញចិត្ត​ពេល​បាន​ឃើញ​កម្លាំង​ចម្រុះ​របស់​សាលា​ខណ្ឌ​ច្បារអំពៅ​ ចុះ​មក​រៀបចំ​សណ្ដាប់ធ្នាប់​ មុខ​ផ្សារ​ព្រែក​ឯង​ដែល​កន្លងមក​អ្នក​ធ្វើដំណើរ​តែង​មាន​ក្តី​ព្រួយ​អារម្ភ​​ខ្លាចក្រែង​រថយន្ត​ធុន​ធំ​ដាច់​ហ្វ្រាំង​ជ្រុល​ទៅ​បុក​អ្នក​លក់ដូរ​លើ​ទ្រូងផ្លូវ​មិន​ដឹង​ជា​ស្លាប់​ ឬ​របួស​យ៉ាង​ណា​ទេ។ អ្នក​លក់ដូរ​លើ​ផ្លូវ​ទ្រូងផ្លូវ​មុខ​ផ្សារ​ព្រែក​ឯង​គឺ​មុខ​ដដែលៗ។ ក្នុង​នាម​ជា​អ្នកដំណើរ​បងប្រុស​ សូម​ប្រកាស​គាំទ្រ​នូវ​ចំណាត់ការ​របស់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ដែល​បាន​ដាក់​កម្លាំង​ចុះ​មក​រៀបចំ​សណ្ដាប់ធ្នាប់​មុខ​ផ្សារ​ព្រែក​ឯង​បាន​ស្រឡះ​ល្អ​បែបនេះ។

យោង​តាម​ប្រសាសន៍​លោក​ហ៊ួ​ត ហ៊ុយ នាយ​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​២៤​ ខែមេសា​នេះ​ លោក រស់ សុភ​គ្គ័​ អភិបាលរងខណ្ឌ​ច្បារអំពៅ ​បាន​ទទួល​បញ្ជា​​ពី​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ឲ្យ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​មុខ​ផ្សារ​ព្រែក​ឯង​ ដោយ​ក្នុង​នោះ​ក៏​មាន​ដាក់​រថយន្ត​ដឹក​ទឹក​ទៅ​លាង​សម្អាត ​និង​បោស​សំរាម​ទៀត​ផង។

លោក​នាយក​រដ្ឋបាល​បាន​បន្ត​ថា​ ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​មុខ​ផ្សារ​ព្រែក​ឯង​នេះ​ពុំ​មែន​ ទើប​នឹង​ធ្វើ​នៅ​យប់​រំលង​អធ្រាត្រ​នេះ​ទេ​ គឺ​ធ្វើ​ឡើង​សឹង​រៀងរាល់​សប្ដាហ៍ ​ប៉ុន្តែ​បងប្អូន​អាជីវក​រលោក​ពុំ​គោរព​តាម​ការណែនាំ​ពី​អាជ្ញាធរ​ឡើយ។ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​តទៅ ​គឺ​អាជ្ញាធរ​មិន​បន្ធូរ​ដៃ​ឡើយ​ ព្រោះ​បើ​យោគយល់​ដល់​ពួកគាត់​គឺ​អាច​ជួប​គ្រោះថ្នាក់​ពេល​រថយន្ត​ជ្រុល​ចង្កូត​ទៅ​បុក​អ្នកលក់ ​និង​អ្នក​ទៅ​ទិញ​ឥ​វ៉ាន់​ដែល​ដាក់លក់​លើ​ទ្រូងផ្លូវ​នេះ​ជាក់​ជា​​ពុំ​ខាន ​ហើយ​បើ​ជួប​គ្រោះថ្នាក់​ដូចដែល​និយាយ​ខាងលើ​តាំង​មក​ស្ដីបន្ទោស​ថា ​អាជ្ញាធរ​មិន​បើកភ្នែក​មើល។

លោក​ហ៊ួ​ត ហ៊ុយ បាន​បញ្ជាក់​ទៀត​ថា​ ការ​ចុះ​រៀបចំ​សណ្ដាប់​គឺ​​ពុំ​មែន​ធ្វើ​តែ​នៅមុខ​ផ្សារ​ព្រែក​ឯង​ប៉ុណ្ណោះ​ទេ​គឺ​អាជ្ញាធរ​ត្រូវ​ធ្វើ​គ្រប់​ទីតាំង​ណា​ដែល​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ដាក់​អីវ៉ាន់​លក់ដូរ។ ដូច្នេះហើយ​ដើម្បី​កុំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​មក​លើ​អាជ្ញាធរ​ គឺ​អាជ្ញាធរ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​លំនៅដ្ឋាន​ជាប់​ដង​ផ្លូវ​សុំ​ចូលរួម​ថែរក្សា​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​សម្រាប់​ឲ្យ​អ្នក​ថ្មើរ​ជើង​បាន​ដើរ​ផង។ បើ​​ពុំ​ដូច្នោះ​ទេ​គឺ​ជួប​គ្រោះថ្នាក់ ខណៈ​ដែល​រថយន្ត​បើកបរ​ទៅ​បុក​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់ ​និង​របួស​ច្រើន​ណាស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu