ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានរៀបចំពិធីបើកសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ BELTEI International Collaboration Conference 2019 (ប៊ិចស៊ី ២០១៩ : BICC 2019) ក្រោមប្រធានបទ “ឱកាសទៅសិក្សានៅក្រៅប្រទេសសម្រាប់សិស្ស-និស្សិតកម្ពុជា” ដែលពិធីនោះរៀបចំឡើងក្រោមអធិបតីភាពលោក យក់ ង៉ុយ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការអញ្ជើញចូលរួមពីសាកលវិទ្យាល័យល្បីៗចំនួន២៤មកពី៨ប្រទេសជុំវិញពិភពលោក។
មានប្រសាសន៍នៅក្នុងពិធីនោះ លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិមានប្រសាសន៍ថា សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ រៀបចំឡើងក្នុងគោលបំណង ទី១- បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំឯកជន និងរដ្ឋទាំងក្នុង និងក្រៅប្រទេស ទី២- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនសិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី ទី៣- បង្កើតវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានសិក្សាដែលបានចូលរួម ទី៤- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធីទៅសិក្សានៅបរទេស ទី៥- បង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឲ្យបានកាន់តែច្រើន ទី៦- ធ្វើឲ្យមានភាពប្រសើរឡើងនូវកិត្តិនាមរបស់គ្រឹះស្ថានអប់រំទាំងក្នុងប្រទេស ថ្នាក់តំបន់ និងពិភពលោក។
ចំណែកលោក យក់ ង៉ុយ បានមានប្រសាសន៍ថា សន្និសីទជាលក្ខណៈអន្តរជាតិនេះ បានជួយលើកតម្កើងកិត្យានុភាពប្រទេសជាតិយើងទៅកាន់ពិភពលោក និងបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា។ ក្នុងនាមក្រសួងអប់រំយុវជននិងកីឡាក្រសួងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងដៃគូស្ថាប័នក្នុងស្រុក និងអន្តរជាតិទាំងអស់ ដើម្បីបំពេញភារកិច្ចរបស់អ្នកឲ្យបានជោគជ័យ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ដើម្បីរួមចំណែកដល់កំណើនអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសរបស់យើង។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ជំនាញ និងអាជីពរបស់និស្សិតមិនមែនគ្រាន់តែជាបញ្ហាក្តៅគគុកសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងសម្រាប់តំបន់ទាំងមូលទៀតផង។ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យនៃការផ្លាស់ប្តូរប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ត្រូវកសាងសមត្ថភាពធនធានមនុស្សជាទូទៅ និងផ្តល់ជំនាញដល់ប្រជាជនរបស់យើងឲ្យមានជំនាញត្រឹមត្រូវ។ ជាពិសេសអាជីពជាជំហានចាំបាច់មួយ ដើម្បីឆ្លើយតបទៅនឹងបរិបទសកលភាវូបនីយកម្ម។
តាមលោក យក់ ង៉ុយ ព្រឹត្តិការណ៍ថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអប់រំដែលមានសារៈសំខាន់ចាំបាច់សម្រាប់ផ្តល់ឱកាសទូលំទូលាយដល់សាកលវិទ្យាល័យប៊ែលធីអន្តរជាតិស្តីពីការបង្កើតការសហការអន្តរជាតិជាមួយនឹងគោលបំណងជាក់ស្តែងមួយចំនួន។ ជាក់ស្តែងក្រសួងអប់រំយុវជន និងកីឡាបានអនុវត្តកំណែទម្រង់ស៊ីជម្រៅមួយចំនួនជាពិសេសការអនុវត្តជោគជ័យនៃកំណែទម្រង់រដ្ឋបាលប្រឡងថ្នាក់ទី១២ ចាប់តាំងពីឆ្នាំ២០១៤មក។ ទន្ទឹមនឹងនេះក្រសួងអប់រំយុវជន និងកីឡាបានលើកកម្ពស់ខ្លួនឯងជាមួយដៃគូសហការក្នុងស្រុក និងអន្តរជាតិដទៃទៀត ដូចជាមិត្តហ្វូនអង្គការ JICA អង្គការវិទ្យាស្ថានបើកទូលាយអង្គការ UNESCO កម្មវិធីស្បៀងអាហារពិភពលោកអង្គការយូនីសេហ្វ USAID ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា VVOD ធនាគារពិភពលោកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងស៊ុយអែតសម្រាប់ការអភិវឌ្ឍសមត្ថភាពលើគុណភាពនៃការអប់រំគ្រប់ទម្រង់ទាំងអស់ដែលនិស្សិតត្រូវបានផ្តល់ឱកាសលើកទឹកចិត្តនិងណែនាំ។សន្និសិទនេះពិតជាផ្តល់នូវវេទិកាដ៏ល្អឥតខ្ចោះសម្រាប់ការផ្លាស់ប្តូរផ្នែកសិក្សាអប់រំដ៏រឹងមាំ។ វាក៏ស្របតាមកំណែទម្រង់ការអប់រំជាន់ខ្ពស់នៅកម្ពុជាផងដែរ។ ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងការប្រើប្រាស់ដើមទុនបញ្ញា គឺជាអាទិភាពចំបងមួយសម្រាប់ការផ្តល់អំណាចដល់ធនធានមនុស្សរបស់យើង។ លោកសង្ឃឹមយ៉ាងមុតមាំថា វាគ្មិនអ្នកបង្ហាញ និងអ្នកចូលរួមនៅក្នុងសន្និសីទនេះ នឹងចែករំលែកគំនិត និងការអនុវត្តល្អៗ សម្រាប់បុព្វហេតុទូទៅនៃការអភិវឌ្ឍវិជ្ជាជីវៈ និងការអភិវឌ្ឍន៍ដោយខ្លួនឯង ការផ្តល់សេវា ដែលមានគុណភាព និងឱកាសសិក្សាអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទាំងអស់ ក៏ដូចជាសិស្សប៊ែលធីអន្តរជាតិ។
ដោយឡែកលោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្និសីទជាលក្ខណៈអន្តរជាតិនៅកម្ពុជា ពោលគឺបន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេងក្នុងការរៀបចំជាលើកដំបូងក្នុងឆ្នាំ២០១៨ កន្លងទៅ។ លោកបានឲ្យដឹងផងដែរថា ប៊ែលធី គ្រុប មានសេវាកម្ម ៣ធំៗគឺ ១-ប៊ែលធីសំណង់ ២- ប៊ែលធីទេសចរណ៍ និង ៣- ប៊ែលធីអប់រំ (ក្នុងនោះមាន សាលា ប៊ែលធី អន្តរជាតិ សាកល វិទ្យាល័យ ប៊ែលធីអន្តរជាតិ និងប៊ែលធី ទំនាក់ទំនងអន្តរជាតិ)។ បច្ចុប្បន្ន ប៊ែលធីគ្រុប មានបុគ្គលិកបម្រើការជាង ២,៥០០នាក់ និងសិស្ស-និស្សិត៤២,៨១០នាក់។ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ មានបម្រើសេវាកម្ម៥សំខាន់ៗ ១-បញ្ជូនសិស្ស-និស្សិតពូកែប៊ែលធី ទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង ២- បញ្ជូនសិស្ស-និស្សិតកម្ពុជាដែលមានលទ្ធភាពបង់ថ្លៃសិក្សានៅក្រៅប្រទេស ៣- បញ្ជូនសិស្ស-និស្សិតទូទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស ៤- កម្មវិធីផ្លាស់ប្តូរសិស្ស-និស្សិត និងចុះកម្មសិក្សានៅក្រៅប្រទេស និង៥- ប្រឹក្សាយោបល់ និងរៀបចំទិដ្ឋាការទៅក្រៅប្រទេស៕
Source: Kampuchea Thmey Daily
0 Comments