Ad Code

ក្រសួង​ធនធាន​ទឹក អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ពី​បាតុភូត​ផ្គរ​រន្ទះ​ ជាពិសេស​ខ្យល់​កន្ត្រាក់ និង​ត្រៀម​ត្រង​ទឹក​ទុក​ពេល​មាន​ភ្លៀង​ធ្លាក់​



​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ជាពិសេស​ខ្យល់​កន្ត្រាក់ ហើយ​ត្រៀម ថែរក្សា និង ត្រងទឹក​ទុក​នៅពេល​មាន​ភ្លៀង​ព្រោះ​រដូវវស្សា​នៅមាន​រយៈពេល​វែង​ជា​បង្គួរ គួបផ្សំ​នឹង​កម្ដៅ និង​រំហួត​ខ្ពស់។​

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ស្ដីពី​ស្ថានភាព​អាកាសធាតុ ចុះ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​តាមដាន​ជាប្រចាំ​បានបង្ហាញ​ថា បរិមាណ​ទឹកភ្លៀង​អាច​មាន​ក្នុង​កម្រិត​តិចតួច​តែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ​ សីតុណ្ហភាព ក៏មាន​ការ​ហក់​ឡើង​បន្តិច​វិញ ក្នុង​កម្រិត​៣៦ ទៅ ៣៩ អង្សា​សេ ខណៈ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​បន្ត​កើតមាន​ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​បង្គួរ ស្ទើរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស។​

​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា ៖ ​ចាប់ពី​ថ្ងៃទី​១០-១១ ខែមេសា​នេះ ​ជ្រលង​សម្ពាធ​ទាប ដែល​កន្លងមក​បានអូសបន្លាយ​លើ​កម្ពុជា​យើង​មាន​លក្ខណៈ​ចុះខ្សោយ​។ ហេតុដូច្នេះ​បរិមាណ​ទឹកភ្លៀង​អាចមាន​ក្នុង​កម្រិត​តិចតួច​ចំណែក​សីតុណ្ហភាព​ក៏មាន​ការ​ហក់​ឡើង​បន្តិច​វិញ​ក្នុង​កម្រិត​ពី​៣៦-៣៩ អង្សា​សេ ។​

ចាប់ពី​ថ្ងៃទី​១២-១៧ ខែមេសា ​កម្ពុជា​យើង​នឹង​ទទួល​នូវ​ឥទ្ធិពល ​នៃ​សម្ពាធ​ទាប​ដែល​កើត​មកពី​សមុទ្រ​ចិន​ខាងត្បូង ​ជាហេតុ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្ត​កើតមាន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។​

​សេចក្ដីជូនដំណឹង​របស់​ក្រសួង​បានបញ្ជាក់​ទៀតថា សូម​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ជាពិសេស​ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ សូម​មេត្តា​យកចិត្តទុកដាក់​ថែរក្សា​ទឹក​ទុក ត្រង​ទឹក​ទុក​នៅពេល​មាន​ភ្លៀង​ព្រោះ​រដូវវស្សា​នៅមាន​រយៈពេល​វែង​ជា​បង្គួរ គួបផ្សំ​នឹង​កម្ដៅ និង​រំហួត​ខ្ពស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu