មន្ត្រីមូលដ្ឋានបាននិយាយនៅថ្ងៃពុធថា អាជ្ញាធរក្រុងសេអ៊ូល បានលុបចោលការអនុញ្ញាតឲ្យសាងសង់ស្ថានទូតជប៉ុនថ្មីមួយដោយលើកឡើងពីការពន្យារពេលសាងសង់ ខណៈទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូងនិងក្រុងតូក្យូមានភាពតានតឹងដោយសារតែជម្លោះជាប្រវត្តិសាស្ត្រ។
អ្នកជិតខាងទាំងពីរនេះគឺជាប្រទេសប្រជាធិបតេយ្យ សេដ្ឋកិច្ចទីផ្សារនិងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលបានប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់ប្រទេសចិននិងការគំរាមកំហែងដ៏យូរអង្វែងពីសំណាក់ប្រទេសកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។
ប៉ុន្តែទំនាក់ទំនងផ្ទាល់របស់ពួកគេនៅតែមានភាពរង្គោះង្គើរអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយសារតែជម្លោះដ៏ជូរចត់ដែលកើតចេញពីការកាន់កាប់អាណានិគមរបស់ជប៉ុនចាប់ពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥លើឧបទ្វីបកូរ៉េខណៈពលកម្មដោយបង្ខំនិងទាសករផ្លូវភេទសម័យសង្គ្រាមគឺជាឧទាហរណ៍ដ៏សំខាន់។
រូបចម្លាក់ “ទាសករផ្លូវភេទ” ដែលជានិមិត្តសញ្ញាស្ត្រីកូរ៉េដែលត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងផ្ទះបនយោធាជប៉ុនដែលភាគច្រើនក្នុងអំឡុងសង្គ្រាមលោកលើកទី២គឺឈរនៅលើផ្លូវចេញពីស្ថានទូតតាមការគ្រោងទុក។
ចាប់តាំងពីឆ្នាំ១៩៩២មក ក្រុមអ្នកធ្វើយុទ្ធនាការបានប្រមូលផ្តុំគ្នាប្រចាំសប្តាហ៍នៅទីតាំងនេះដើម្បីទាមទារឲ្យមានការសុំទោសដោយស្មោះត្រង់សម្រាប់ទាសភាពផ្លូវភេទសម័យសង្គ្រាមពីទីក្រុងតូក្យូ។
ការប្រមូលផ្តុំបែបនេះលើកទី១,៣៨២បានធ្វើឡើងនៅថ្ងៃពុធដោយសកម្មជនបានព័ទ្ធជុំវិញរូបចម្លាក់នេះ។
អគារស្ថានទូតចាស់ត្រូវបានគេកម្ទេចចោលកាលពីប៉ុន្មានឆ្នាំមុនហើយបុគ្គលិកបានរើទៅការិយាល័យនៅក្នុងតំបន់ដែលនៅជិតខាង។
អាជ្ញាធរក្រុងបានផ្តល់ការអនុញ្ញាតឲ្យសាងសង់អគារកម្ពស់៦ជាន់ថ្មីមួយកាលពីឆ្នាំ២០១៥ដែលក្នុងឆ្នាំនោះទីក្រុងសេអ៊ូលនិងតូក្យូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដើម្បីដោះស្រាយបញ្ហាទាសករផ្លូវភេទសម័យសង្គ្រាម។
ប៉ុន្តែការសាងសង់ត្រូវបានពន្យារពេលម្តងហើយម្តងទៀត៕ AFP
Source: Kampuchea Thmey Daily
0 Comments