Ad Code

គិត​ត្រឹម​ត្រីមាស​ទី​១ ​ឆ្នាំ​២០១៩​នេះ ខេត្ត​តាកែវ​កើត​គ្រោះថ្នាក់​ចរាចរណ៍​ឆក់​យក​ជីវិត​មនុស្ស​អស់​១២​នាក់​



តាកែវ ៖ បើទោះបី​មានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពី​សំណាក់​ប៉ូលិស​ជំនាញ​ទៅលើ​អ្នក​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ​យ៉ាងណាក៏ដោយ បើ​គិត​ត្រឹម​ត្រីមាស​ទី​១​ ឆ្នាំ​២០១៩​នេះ ទូទាំង​ខេត្ត​តាកែវ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៥​លើក​ និង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​១២​នាក់​។​

​តា​មកា​រ​លើកឡើង​របស់ លោក​វរសេនីយ៍ឯក សៅ ច័ន្ទ​សំណាង នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ​នៃ​ស្នងការ​នគរបាល​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ នៅ​ខេត្តតាកែវ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​ចំនួន​២៥​លើក បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះ​សរុប​ចំនួន​៣៧​នាក់ ស្រី​០៣​នាក់ ក្នុង​នោះ​ស្លាប់​១២​នាក់ រង​របួស​ធ្ងន់​ចំនួន​១៥​នាក់ រងរបួស​ស្រាល​ចំនួន​១១​នាក់ និង​បណ្តាល​ឲ្យ​ខូចខាត​មធ្យោបាយ​សរុប​ចំនួន​៤៣​គ្រឿង ក្នុងនោះ​រថយន្ត​ធំ​០៨​គ្រឿង រថយន្ត​តូច​២១​គ្រឿង ម៉ូតូ​១០​គ្រឿង និង​យាន​ផ្សេងៗ​០៤​គ្រឿង​។

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩​នេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ ក្នុង​រយៈពេល​ដូចគ្នា​គឺ​២៥​លើក​ដូចគ្នា តែ​មនុស្ស​ស្លាប់​ថយចុះ​០៨​នាក់ របួសធ្ងន់​ថយចុះ​១២​នាក់ របួស​ស្រាល​កើនឡើង​០៨​នាក់​។​

​លោក​វរសេនីយ៍ឯក សៅ ច័ន្ទ​សំណាង មានប្រសាសន៍​បន្តថា មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​កើតឡើង គឺ​មកពី​អ្នកបើកបរ​ធ្វេសប្រហែស និង​បំពាន​ច្បាប់​។ អ្នកប្រើប្រាស់​ផ្លូវ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ការបត់ ការ​ជែង ការដឹក​លើស​ចំណុះ ការមិន​ពាក់មួក​សុវត្ថិភាព..​។​ល​។ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាំងនេះ​ច្រើន​កើតឡើង​នៅ​ពេល​មានកម្ម​វិធី បុណ្យ នៅពេល​យប់ នៅ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ ដែលជា​ថ្ងៃ​ឈប់សម្រាក​។ ម្យ៉ាងទៀត​ការ​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​នៅមានកម្រិត និង​ស្មារតី​គោរព​ច្បាប់​របស់​អ្នកប្រើប្រាស់​ផ្លូវ​មួយ​ចំនួន ដែល​ខ្លាច​នគរបាល​ជាជាង​ខ្លាច​ច្បាប់ ជាពិសេស​អ្នកបើកបរ​ទោចក្រយានយន្ត អ្នកបើកបរ រថយន្ត​ដឹក​កម្មករ ដឹក​អ្នកដំណើរ ដឹកទំនិញ។

ជាមួយគ្នានេះដែរ ​ពិតមែនតែ​បាន​ដំណើរការ​ជាច្រើន​នូវ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ ណែនាំ​បង្កើន​ការ​យល់ដឹង​អំពី​ច្បាប់​ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅតាម​មូលដ្ឋាន ប៉ុន្តែ​ស្មារតី​ចូលរួម​បង្កើន​ការយល់​ដឹង និង​ការអនុវត្ត​ច្បាប់​នៅមានកម្រិត​។​
លោកនាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តតាកែវ​មានប្រសាសន៍​បន្ថែម​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការិយាល័យ​បាន​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ដល់​មន្ត្រី​អនុវត្តន៍​ច្បាប់ និង​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​យល់ច្បាស់​ពី​ច្បាប់​ចរាចរណ៍​។ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចំនួន​០៨​លើក ដល់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ អនុវិទ្យាល័យ​នានា​នៅ​ទូទាំង​ខេត្តតាកែវ ដែលមាន​សិស្សានុសិស្ស​សរុប​ចំនួន ៣,៦៦៧​នាក់ ស្រី ១,៥៣៦​នាក់។

ព្រមទាំង​បាន​ចែក​មួកសុវត្ថិភាព​ចំនួន​១០០​មួក សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​៦០​ក្បាល និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាមរយៈ​វេទិកា​សាធារណៈ​បាន​ចំនួន​១៥​លើក មាន​មនុស្ស​ចូលរួម​ចំនួន​១,៧៣៧​នាក់ ស្រី​៨៧៥​នាក់។ បាន​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​តាមរយៈ​វិទ្យុ (FM)​ជាតិ គោកធ្លក​ខេត្ត​តាកែវ​ជាប្រចាំ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចន្លោះ​ពី​ម៉ោង​៦​ព្រឹក ​ដល់​ម៉ោង​៧​ព្រឹក រយៈពេល​១៥​នាទី​ក្នុង​មួយថ្ងៃ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu