បន្ទាយមានជ័យ ៖ នៅល្ងាចម៉ោង៤ ថ្ងៃ៧ ខែមេសា ឆ្នាំ ២០១៩នេះ មានភ្លៀងខ្លាំងអមទៅដោយខ្យល់កន្ត្រាក់បោកបក់ចំផ្ទះប្រជាពលរដ្ឋនៅស្រុក២ រងគ្រោះដោយគ្រោះធម្មជាតិនៅឃុំតាគង់បំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ៣៤ខ្នង ក្នុងស្រុកម៉ាឡៃ និងស្រុក មង្គលបូរីបំផ្លាញផ្ទះប្រជាពលរដ្ឋអស់១២ខ្នង និងកុដិ១ខ្នង។
លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាល លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក អែម សុខា អភិបាលស្រុកម៉ាឡៃនិងនគរបាលមូលដ្ឋាន កម្លាំងអាវុធហត្ថ យោធា កំពុងញាប់ដៃញាប់ជើងជាការឆ្លើយតបនឹងអន្តរាគមន៍ បានចុះជួយរុះរើ រៀបជម្រកបណ្ដោះអាសន្នស្នាក់នៅរបស់ប្រជាពលរដ្ឋ ចំណែកកុដិ១ខ្នង ត្រូវបានកម្លាំងចម្រុះកំពង់ជួយរៀបចំរបស់របរដែលខូចខាតរៀបចំទុកដាក់មួយកន្លែងឡើងវិញជាបន្តបន្ទាប់។
លោកវរសេនីយ៍ ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាគ្រោះធម្មជាតិខ្យល់កន្ត្រាក់ពេលមានភ្លៀងកក់ខែនោះ កើតឡើងកាលពីម៉ោង៧យប់ នៅភូមិហ៊ុនឫស្សី ភូមិអូរជួបភូមិបល្ល៍ង្គជ្រៃ ឃុំសឿស្រុកមង្គលបូរី ដោយបង្កឲ្យខូចខាតផ្ទះអស់១២ខ្នង កុដិ១ខ្នង ។
ចំណែក លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និង លោក អែម សុខា អភិបាលស្រុកម៉ាឡៃបានឲ្យដឹងថា ក្នុងនាមរដ្ឋបាលស្រុកទាំង២ ស្រុកយើងខ្ញុំ ស្នើសុំឲ្យកងកម្លាំងទាំងបីប្រភេទ សុំមេត្តាជួយជួសជុលលំនៅដ្ឋានរបស់ បងប្អូននៅភូមិបល្ល័ងជ្រៃ ភូមិអូរជួប ឃុំសឿ ស្រុកមង្គលបូរី និងនៅ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យឡើងវិញផង៕
Source: Kampuchea Thmey Daily
0 Comments