Ad Code

គ្រូបង្វឹក​វិសាខា យកឈ្នះ​លើ​អគ្គីសនី​កម្ពុជា ត្រង់​មានប្រៀប​លើ​កីឡាករ​បរទេស​



ក្រុមបាល់ទាត់​វិសាខា បាន​យក​លើ​ម្ចាស់ផ្ទះ​ក្រុម​អគ្គីសនី​កម្ពុជា ដោយ​លទ្ធផល ៤​ទល់​០ ប្រចាំ​សប្ដាហ៍​ទី​៤​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​វិសាខា ក្នុង​រាជធានី​ភ្នំពេញ ស្របពេល​ដែរ​គ្រូ​បង្គោល​លោក ហុក សុ​ជីវ័ន បាន​សម្លឹង​ឃើញ​ពី​ការ​មានប្រៀប​លើ​គូប្រកួត​ត្រង់​កីឡាករ​បរទេស​។



លោក ហុក សុ​ជីវ័ន ដែល​ដឹកនាំ​ក្រុម​វិសាខា ឈរ​ចំណាត់ថ្នាក់​លេខ​៣ បណ្តោះអាសន្ន​ក្នុង​តារាង​រួម​បាន​លើកឡើង​ថា «​តង់​ទី​១ យើង​បង្កើត​ឱកាស​បាន​ច្រើន តែ​អត់​សូវ​សម្រេច​ផល ដោយសារ​ទម្រង់​លេង​គេ​ចុះ​ស្ទើរ​ទាំងអស់ គេ​ទុក​តែ​ម្នាក់ សម្រាប់​វាយបក ចឹ​ង​យើង​ពិបាក​លេង ពេល​គេ​លេង​បែបនេះ​។ ម្យ៉ាង​ការរៀបចំ​របស់​យើង អត់​តាម​អ្វីដែល​យើង​ចង់បាន ១០០% ទៀត​...​។ ដូច​ខ្ញុំ​និយាយ​ពីមុន​ចឹ​ង ប្រកួត​ក្រោយ​ចូល​ឆ្នាំថ្មី សំខាន់​លើ​ក្រុម​ណា ដែល​ថែរក្សា​កម្លាំង​បានល្អ​ជាង គឺ​ក្រុម​នោះ​មានលទ្ធភាព​ជាង​»​។

តែ​យ៉ាងណា​លោក ហុក សុ​ជីវ័ន មិនអាច​ប្រៀបធៀប​ការប្រកួត​នេះ ទៅនឹង​ប្រកួត​មុនៗ​បានទេ ព្រោះ​ក្រុម​អគ្គិសនី​កម្ពុជា គឺជា​ក្រុម​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធ ។ លោក​ថា «​ប្រកួត​មុនៗ យើង​ជួប​ក្រុម​មួយ ដែល​មាន​ការរៀបចំ​ច្បាស់លាស់​ដូចគ្នា តែ​ពួកគេ​មាន​កីឡាករ​បរទេស​ជួយ ផ្ទុយ​ពី EDC ពួកគាត់​មាន​កីឡាករ​ខ្មែរ​សុទ្ធ ធ្វើ​ឲ្យ​យើង​ងាយស្រួល​នឹង​លេង​ជាង​អ្វី ដែល​ក្រុម​យើង​ត្រូវ​ជួប​ក្រុម​មាន​កីឡាករ​បរទេស ។ អញ្ចឹង​យើង​មិនអាច​ប្រៀបធៀប​ប្រកួត​នេះ ទៅនឹង​ប្រកួត​មុនៗ​បានទេ»។



ក្លិប​កីឡាបាល់ទាត់ វិសាខា មាន ១០​ពិន្ទុ​ក្នុង​ដៃ បន្ទាប់ពី​ប្រកួត​៤​លើក​មកនេះ​រកបាន​ជ័យជម្នះ​៣ លើក​និង​ស្មើគ្នា​១ លើក រួមមាន​ឈ្នះ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ ២-០(​ក្នុង​ដី​), ឈ្នះ​ក្លិប​ភ្នំពេញ​ក្រោ​ន ៣-១(​ក្រៅ​ដី​), ឈ្នះ​ក្លិប​អគ្គិសនី​កម្ពុជា ៤-០(​ក្នុង​ដី​) និង​ស្មើ​ក្លិប​សូល​ទី​ឡូ​អង្គរ ០-០(​ក្នុង​ដី​)​។ ចំពោះ​ប្រកួត​បន្ទាប់ ក្លិប​កីឡាបាល់ទាត់ វិសាខា នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រកួត​លើទឹក​ដី​ខេត្តសៀមរាប ជាមួយ​ក្លិបអង្គរ​ថាយ​ហ្គីរ នា​ថ្ងៃទី២៨ ខែមេសា ខាងមុខ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu