Ad Code

ប្រកាស​តែងតាំង​អភិបាល អភិបាលរង នាយក​រដ្ឋបាល​ខណ្ឌ​៤៤​រូប​នៃ​រាជធានី​ភ្នំពេញ ខណៈ ខណ្ឌ​ថ្មី​២​ទើប​បង្កើត



ភ្នំពេញ​ ៖​ អភិបាល អភិបាលរង នាយក​រដ្ឋបាល​ខណ្ឌ​សរុប​ចំនួន​៤៤​រូប​នៃ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ប្រកាស​តែងតាំង​ខណៈ ខណ្ឌ​ថ្មី​២​ទើប​បង្កើត ដោយ​បំបែក​ចេញពី​ខណ្ឌ​ចំនួន​៣ ដើម្បី​បម្រើ​សេវា​អោយនៅ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ​។ ក្នុងនោះ​អភិបាលខណ្ឌ​ចាស់​ចំនួន​៦​រូប​ទៀត​ក៏ត្រូវ​បានប្រកាស​បន្ត​អាណត្តិ​ជា​អភិបាលខណ្ឌ​ផងដែរ ។​

អភិបាលខណ្ឌ​ចាស់​ចំនួន​៦​រូប​ដែល​ត្រូវបាន​ប្រកាស​បន្ត​អាណត្តិ​ជា​អភិបាលខណ្ឌ​មានដូចជា លោក សុខ សម្បត្តិ នៅ​ជា​អភិបាលខណ្ឌ​ព្រែក​ព្នៅ លោក​ឃ្លាំង ហួត នៅ​ជា​អភិបាលខណ្ឌ​ជ្រោយចង្វា លោក​ឯក ឃុន​ដឿ​ន នៅ​ជា​អភិបាលខណ្ឌ​ទួលគោក លោក លឹម សុភា នៅ​ជា​អភិបាលខណ្ឌ​៧​មករា លោក ហែម ដា​រិ​ទ្ធ នៅ​ជា​អភិបាលខណ្ឌ​ពោធិ៍សែន ជ័យ លោក​ពេជ្រ កែវ​មុន្នី​​ នៅ​ជា​អភិបាលខណ្ឌ​មានជ័យ​។ ក្រៅពីនេះ អភិបាលរងខណ្ឌ និង​នាយក​រដ្ឋបាល​ខណ្ឌ​សរុប​ចំនួន​៤៤​រូប ក៏ត្រូវ​បានប្រកាស​ជាមួយគ្នា​នោះ​ផងដែរ​។​

ពិធី​ប្រកាស​តែងតាំង​នេះ​បានធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​២២ មេសា ២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

ក្នុង​ពិធី​នោះ​ត្រូវ​បានប្រកាស​តែងតាំង​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​ច្បារអំពៅ មកជា​អភិបាលខណ្ឌ​ចំការមន ជំនួស​លោក ព្រុំ សំខាន់ ដែល​ផ្ទេរ​ភារកិច្ច​មក​បម្រើ ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ​។ លោក ធឹ​ម សំអាន អភិបាលរង​ខណ្ឌចំការមន មកជា​អភិបាលខណ្ឌ​បឹង​កេងកង និង​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ​ពោធិ៍​សែន ជ័យ មក​ជា​អភិបាលខណ្ឌ​កំបូល​។​

ដើម្បី​ងាយស្រួល​គ្រប់គ្រង​ការងាររដ្ឋបាល​នៅ​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ទើប​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ខណ្ឌ​ថ្មី​២​បន្ថែម​ទៀត ពោល​គឺ​ខណ្ឌ​បឹង​កេងកង ដែល​កាត់​ចេញពី​ខណ្ឌចំការមន និង​ខណ្ឌ​កំបូល ដែល​កាត់​ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះបាន​បញ្ជាក់ថា ការផ្ទេរ​តំណែង​លោក ព្រុំ សំខាន់ មក​បម្រើ​ការងារ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​លោក​មិនមាន​កំហុស​ឆ្គង​នោះទេ តែ​ដោយ​លោក​នៅសល់​មិនបាន​ប៉ុន្មាន​ខែ​ត្រូវ​ចូល​និវត្ត​នោះ ទើប​អោយ​លោក​មក​បម្រើ​ការងារ​នៅ​រដ្ឋបាល​រាជធានី ដើម្បី​ត្រៀម​ជា​សមាជិក​ក្រុមប្រឹក្សា។​

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះដែរ បាន​ណែនាំ​អោយ​អភិបាលខណ្ឌ​ទាំងអស់​ពិសេស​ខណ្ឌ​ទើប​ប្រកាស​ថ្មី ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​អោយ​បាន​ល្អប្រសើរ ដោយ​ក្នុង​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​កំពុង​ផ្ដោតទៅលើ​ការអនុវត្ត​នូវ​អភិក្រម​ទាំង​៥ មានដូចជា ងូតទឹក ដុស​ក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ ហើយ​យើង​ម្នាក់ៗ​សុទ្ធតែ​បាន​ដឹង និង​បាន​លឺ​ហើយ​។ មកដល់ពេលនេះ គ្មាន​នរណាម្នាក់​អាច​គេច​ផុតពី​ការអនុវត្ត​លើ​កំណែទម្រង់​ស៊ីជម្រៅ ជាពិសេស លើ​ការអនុវត្ត​នូវ​អភិក្រម​ទី​៥​នេះ​ទេ​។ ដូច្នេះ​ទេ​មន្ត្រី​របស់​យើង​ដែល​មាន​សមត្ថភាព និង​ចំណេះដឹង ត្រូវ​ផ្លាស់ប្ដូរ​នូវ​ឥរិយាបថ​ ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ស្នូល ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។​

លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ការប្រកាស​តែងតាំង​តំណែង​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​៣​រូប ដែល​មាន​២​រូប​ជា​អភិបាលខណ្ឌ​ថ្មី គឺ​មិនទាន់មាន​ត្រា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ប្រកាស​ឱ្យដឹង​ខ្លួនឯង​ដើម្បី​ត្រៀមលក្ខណៈ​ធ្វើជា​អភិបាលខណ្ឌ ពោល​គឺ ក្រោយ​ប្រកាស​ក្រុមប្រឹក្សា​ខណ្ឌ រាជធានី​ទើប ក្រសួងមហាផ្ទៃ​ប្រគល់​ត្រា ​ដើម្បី​គ្រប់គ្រង​រដ្ឋបាល​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ហើយ​អ្វីដែល​ត្រូវធ្វើ​នៅពេលនេះ​គឺ ត្រូវ​ឆ្លងទៅ​អភិបាលខណ្ឌ​ដែល​បំបែកចេញ ដូចជា​អភិបាលខណ្ឌ​កំបូល ក្នុងអំឡុង​ពេលនេះ​ត្រូវ​ឆ្លង​ជាមួយ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​បឹង​កេងកង​ត្រូវ​ឆ្លងទៅ អភិបាលខណ្ឌ ចំការមន ជាដើម​។​

បើតាម​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​បង្កើត​ខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​ដោយ​កាត់​យក​សង្កាត់​ចំនួន ៧ ខណ្ឌចំការមន នៃ​រាជធានី​ភ្នំពេញ គឺ សង្កាត់​បឹង​កេងកង​ទី​១ សង្កាត់​បឹង​កេងកង​ទី​២ សង្កាត់​បឹង​កេងកង​ទី​៣ សង្កាត់​អូ​ឡាំ​ពិ​ក សង្កាត់​ទំនប់ទឹក សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ និង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២។ តាម​អនុក្រឹត្យ​នេះ​ត្រូវបាន​ផ្ទេរ​ទីតាំង​សាលាខណ្ឌ​ចំការមន​ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ទៅ​ឲ្យ​សាលាខណ្ឌ​បឹង​កេងកង ទីតាំង​សាលាខណ្ឌ​ចំការមន​ត្រូវ​ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់​។​

ចំណែក ខណ្ឌ​កំបូល​វិញ​ត្រូវបាន​ខាត់​កាត់​ចេញពី​សង្កាត់ ០៦ ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៃ​រាជធានី​ភ្នំពេញ រួមមាន ៖ សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឪឡោក​សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ​នឹង​កាត់ យក​សង្កាត់​មួយ​ពី​ខណ្ឌដង្កោ នៃ​ឯ​រាជធានី​ភ្នំពេញ​គឺ​សង្កាត់​ប្រទះ​ឡាង មានន័យថា ខណ្ឌ​កំបូល​មាន​សង្កាត់​ចំនួន ០៧៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu