ស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានថ្លែងថា សង្ក្រាន្តស្វាយរៀងឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ដោយមានកម្មវិធីកម្សាន្តជាច្រើន ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី។
ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងពិធីក្រុងពាលី សុំសេចក្ដីសុខសប្បាយដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងការងាររៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារសង្ក្រាន្តស្វាយរៀងជាច្រើនរូបទៀតផងដែរ។
លោកអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ក្រុមការអនុគណៈកម្មការសង្ក្រាន្តស្វាយរៀង ត្រូវសហការអនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុងផែនអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីសម្រេចឲ្យរួចរាល់តាមផែនមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលមកដល់។
សូមជម្រាបជូនថា សង្ក្រាន្តស្វាយរៀងឆ្នាំនេះមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅនៅបរិវេណរង្វង់ មូលខាងមុខសណ្ឋាគារវ៉ៃគោ និងតាមបណ្ដោយផ្លូវមួយចំនួនទៀត ក្នុងក្រុងស្វាយរៀងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments