រតនគិរី ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើចំនួន២ខ្នង ប៉ុន្តែ១ខ្នង បានឆេះរោលជញ្ជាំង ហើយទ្រព្យសម្បត្តិខូចខាតអស់ទាំងស្រុង។
អគ្គិភ័យបានឆាបឆេះផ្ទះខាងលើ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅក្នុងភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ហើយភ្លើងបានឆាបឆេះផ្ទះ អស់ចំនួន២ខ្នងជាប់គ្នា ស្មើនឹង៤ គ្រួសារ រីឯផ្ទះមួយខ្នងទៀត បានឆេះរោលជញ្ជាំងផ្ទះអស់មួយចំហៀងតែម្តង។
យោងតាមរបាយការណ៍ពីនគរបាលស្រុកអណ្តូងមាសបានបញ្ជាក់ថា គ្រួសារជនរងគ្រោះ ឈ្មោះ សល់ ជឿង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន១៦នាក់ ស្រី៩នាក់ ផ្ទះមានទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ និងផ្ទះចង្ក្រានទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី។
ចំណែកគ្រួសារជនរងគ្រោះឆេះរោលជញ្ជាំងផ្ទះ ឈ្មោះ សល់ មិក ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិច្រាយ មានសមាជិក១គ្រួសារ ស្មើនឹងមនុស្ស១១នាក់ ស្រី៧នាក់ ផ្ទះមានទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
ក្នុងនោះដែរ សម្ភារៈដែលបានបាត់បង់រួមមាន ៖ គង៥ឈុត ស្មើនឹង៧០ គង, ពាងស្រា២០ ពាង, ឆ្នាំស្ពាន់ចំនួន៤, ទូរទស្សន៍ចំនួន២គ្រឿង, ម៉ាស៊ីនភ្លើងចំនួន១គ្រឿង, ត្រង់ស៊ីន័រចំនួន១គ្រឿង, ប្លង់ដី២ប្លង់។
យោងតាមរបាយការណ៍បានបន្តថា ការឆេះនេះ ដោយសារម្ចាស់ផ្ទះមិនបានដឹងអំពីមូលហេតុ ព្រោះនៅពេលភ្លើងឆេះនោះ ម្ចាស់ផ្ទះពុំបាននៅផ្ទះនោះទេ គឺពួកគាត់នាំគ្នាទៅចម្ការទាំងអស់។
ក្រោយកើតហេតុ កម្លាំងរដ្ឋបាលប៉ុស្តិ៍ឃុំញ៉ាង បានចុះអន្តរាគមន៍ជួយពន្លត់ ដោយយកទុយោបូមទឹកបូមពីអណ្ដូងផ្ទះរបស់ប្រជាពលរដ្ឋក្បែរនោះមកជួយបាញ់ពន្លត់ផងដែរ។
ប៉ុន្តែរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកអណ្តូងមាស មិនអាចមកជួយពន្លត់បានទេ ដោយសារផ្លូវឆ្ងាយផងនោះ ហើយឡើងភ្នំចុះភ្នំទៀតផង៕
Source: Kampuchea Thmey Daily
0 Comments