ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីរសៀលថ្ងៃពុធ ០៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានណែនាំអោយសមត្ថកិច្ចទាំងពីរប្រភេទ អាជ្ញាធរខណ្ឌទាំង១២ពង្រឹងសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈងាយស្រួល និងផ្ដល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ផែនការរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញយើង បានរៀបចំផែនការច្បាស់លាស់ហើយនៅសល់តែការអនុវត្តប៉ុណ្ណោះ ដូច្នេះទេ សមត្ថកិច្ចនិងអាជ្ញាធរដែនដីទាំងអស់ ត្រូវតែពង្រឹងការអនុវត្តការងារទៅតាមផែនការដែលបានដាក់ចុះ។
លោកបញ្ជាក់ថា រយៈពេលនៃការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ប្រជាពលរដ្ឋភាគច្រើនគឺគាត់ចាកចេញពីលំនៅដ្ឋាន ដោយចាក់សោផ្ទះទុកចោល បន្សល់នូវយានជំនិះនិងសម្ភារៈប្រើប្រាស់មួយចំនួននៅក្នុងផ្ទះ ដូច្នេះទេក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ យើងត្រូវការពារ ទ្រព្យសម្បត្តិប្រជាពលរដ្ឋឲ្យបានគង់វង្ស។
ក្រៅពីកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋហើយនោះ លោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវណែនាំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលកើតឡើង ខណៈដែលរដូវនេះអគ្គិភ័យបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋស្ទើរតែរាល់ថ្ងៃ។ ជាងនេះទៅទៀត បញ្ហាសំរាម ក៏ត្រូវបានលោកអភិបាលរាជធានីភ្នំពេញដាក់ចេញជាវិធាន ដើម្បីទុកដាក់សំរាមឲ្យបានល្អប្រសើរផងដែរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ដោយសារតែកម្មករកម្មការិនី របស់ក្រុមហ៊ុនស៊ីនទ្រីត្រូវឈប់សម្រាកទៅស្រុកកំណើត។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចជាលោកសេង វណ្ពៈ នាយករដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា ពាក់ព័ន្ធនឹងកម្លាំងនៃការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងបុណ្យចូលឆ្នាំខ្មែរនេះ យើងបានត្រៀមកម្លាំងអស់ហើយ ដោយឡែកការរៀបចំតុបតែងលម្អសោភ័ណភាពរាជធានីភ្នំពេញនៅកន្លែងសប្បាយសុភាពមួយចំនួនក៏យើងបានរៀបចំស្ទើរតែទាំងស្រុងហើយដែរ៕
Source: Kampuchea Thmey Daily
0 Comments