Ad Code

សាខា​គយ​រាជធានី​ភ្នំពេញ​ ចុះ​បង្ក្រាប​យានដ្ឋាន​ដំឡើង​រថយន្ត កាត់ត​ខុសច្បាប់​ រឹបអូស​បាន​រថយន្ត​ស៊េរី​ទំនើប​៣​គ្រឿង



​ភ្នំពេញ ៖ យានដ្ឋាន​កាត់ត ដំឡើង​រថយន្ត​ស៊េរី​ទំនើប​អត់​ច្បាប់​មួយ​កន្លែង ត្រូវបាន​បាន​កម្លាំង​សាខា​គយ​រាជធានី ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ​ ចុះទៅ​បង្ក្រាប​ចាប់ដក​ហូត​បាន​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង ប៉ុន្តែ​ម្ចាស់​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព មិន​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ​។​

ប្រតិបត្តិ​ការ​​បង្ក្រាប​នេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។​

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​លួច​ដំឡើង​កាត់ត​រថយន្ត ដោយ​យក​គ្រឿង​ផ្គុំ ត ដំឡើង រថយន្ត​គ្មាន​ច្បាប់​នេះ ​អាច​បង្ក​​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចំពោះ​អ្នក​ប្រើប្រាស់ ហើយ​ម្យ៉ាងវិញទៀត ពុំ​មាន​ច្បាប់​ឡើយ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយពី​កម្លាំង​ជំនាញ ស្រាវជ្រាវ ទើប​ឈាន​ដល់​ចុះទៅ​បង្ក្រាប ដកហូត​បាន​រថយន្ត​៣​គ្រឿង ២​គ្រឿង​ម៉ាក​ឡិច​ស៊ីស​៤០០​អេ​ច មួយ​គ្រឿង​ទៀត​ ម៉ាក​ឡិច​ស៊ីស​អ អ៊ិច​៣៣០ រួម​ជា​មួយ​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ ខណៈ​ដែល​ម្ចាស់​ទីតាំង​ បាន​គេច​ខ្លួន​បាត់ សមត្ថកិច្ច បាន​ហៅ​អ្នក​តំណាង​យានដ្ឋាន​ម្នាក់ ឈ្មោះ ណុល ជុំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ទៅ​សាកសួរ។ រថយន្ត​ទាំង​៣​គ្រឿង​ដកហូត​បាន យក​ទៅ​រក្សាទុក​នៅ​សាខា​គយ រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​បន្ត តាម​នីតិវិធី។​

មន្ត្រី​សាខា​គយ​រាជធានី នា​ឱកាស​នោះ​ ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ចង់​ទិញ​រថយន្ត​គ្រប់​ប្រភេទ​យក​ទៅ​ប្រើប្រាស់ មុននឹង​ទិញ​ ត្រូវ​ពិនិត្យពិច័យ​ឲ្យ​បាន​ច្បាស់លាស់ ប្រយ័ត្ន​ទិញ​ចំ​រថយន្ត​ដែល​ជនខិលខូច​លួចលាក់​ដំឡើង​ កាត់​ត​ខុស​លក្ខណៈ​បច្ចេកទេស​នេះ​វា​នាំឲ្យ​បង្ក​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu