Ad Code

អនុសារណៈ​យោគយល់​គ្នា ស្តីពី​ផែនការ​កិច្ច​សហប្រតិបត្តិការ​នា​ពេលអនាគត នៃ​សភា​ប្រទេស​ទាំងបី ត្រូវបាន​ចុះហត្ថលេខា



ប្រទេស​ឡាវ​ ៖ កិច្ចព្រមព្រៀង​អនុសារណៈ​យោគយល់​គ្នា​លើ​ផែនការ​កិច្ច​សហប្រតិបត្តិការ​នា​ពេលអនាគត ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ១០ ខែមេសា នេះ​រវាង​សភា​នៃ​ប្រទេស​ទាំងបី កម្ពុជា ឡាវ និង​វៀតណាម​។

បើ​យោង​តាម​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន​រដ្ឋសភា​កម្ពុជា​បាន​ឲ្យដឹងថា ការ​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​រួមគ្នា​លើក​ទី​៨ ឆ្នាំ​២០១៩ នៅ​ប្រទេស​ឡាវ រវាង​គណៈកម្មាធិការ​ផែនការ ហិរញ្ញវត្ថុ និង​សវនកម្ម នៃ​រដ្ឋសភា​ឡាវ​, គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា​កម្ពុជា និង​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ថវិកា នៃ​រដ្ឋសភា​វៀតណាម។



​អនុសារណៈ​យោគយល់​គ្នា​លើ​ផែនការ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​នេះ​ផ្តោតលើ ១-​បន្ត​រៀបចំ​សិក្ខាសាលា​ផ្លាស់ប្តូរ​តាម​វេន​រវាង​សភា​នៃ​ប្រទេស​ទាំង​បី លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ថវិកា និង​ការងារ​សវនកម្ម រៀងរាល់​ពីរ​ឆ្នាំ​ម្តង​។ ២- បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ចែករំលែក​បទពិសោធន៍ និង​ការអនុវត្ត​ប្រសើរ ក្នុងចំណោម​គណៈកម្មការ​ទទួលបន្ទុក​ថវិកា ហិរញ្ញវត្ថុ និង​សវនកម្ម និង​អញ្ជើញ​អ្នកឯកទេស​មកពី​ប្រទេស​ផ្សេងៗ​ទៀត​។ ៣-​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដោយ​ឲ្យ​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​បច្ចេកទេស រួមមាន​ក្រសួង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​សវនកម្ម នៃ​ប្រទេស​ទាំង​បួន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​។ ៤-​បន្ត​ស្វា​គម​ន៌ និង​លើកទឹកចិត្ត​ដល់​អង្គការ​អន្តរជាតិ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដូចជា ADB World Bank IMF UNDP និង​ដៃគូ​អភិវឌ្ឍ​ន៍​ពាក់ព័ន្ធ​ដទៃទៀត ចូលរួម​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​បែបនេះ ព្រមទាំង​ជំនួយ​គាំទ្រ សម្រាប់​ការ​បណ្តុះបណ្តាល​រយៈពេល​ខ្លី និង​ទស្សនកិច្ច​សិក្សា​នៅក្រៅ​ប្រទេស​រួមគ្នា លើ​ការត្រួតពិនិត្យ និង​តាមដាន​ថវិកាជាតិ ហិរញ្ញវត្ថុ​សាធារណៈ និង​ភារកិច្ច​ទទួលខុសត្រូវ​ផ្សេងទៀត របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា នៃ​ប្រទេស​ទាំង​បួន​។

​សូម​បញ្ជាក់​ថា សិក្ខាសាលា​លើក​ទី​៨ នៅ​ខេត្ត​ហ្លួងព្រះបាង​ប្រទេស​ឡាវ ស្តីពី “​ការ​ពង្រឹង​តួនាទី​ត្រួតពិនិត្យ​ថវិកា​របស់​រដ្ឋសភា​លើ​ថវិកា​របស់​រដ្ឋាភិបាល​” បាន​ប្រារព្ធ​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​លោក​ស្រី ផានី យ៉ា​ថ​ទូ ប្រធានរដ្ឋសភា​ឡាវ លោក បណ្ឌិត វិឡា​វង្ស ប៊ូ​ដា​ខាំ​ប្រធាន​គណៈកម្មាធិការ​ផែនការ ហិរញ្ញវត្ថុ និង​សវនកម្ម នៃ​រដ្ឋសភា​ឡាវ លោក​ឡូយ សុផាត ប្រធានស្តីទី​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ង្វៀន ដុក ហាយ ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ និង​ថវិកា នៃ​រដ្ឋសភា​វៀតណាម និង​អង្គការ​ធនាគា​ពិភពលោក ព្រមទាំង​អង្គការ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត នៅក្នុង​ប្រទេស​ឡាវ ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៩​។ សិក្ខាសាលា​លើក​ទី​៩ នឹងត្រូវ​រៀបចំ​ដោយ​រដ្ឋសភា​វៀតណាម នៅ​ឆ្នាំ​២០២១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu