Ad Code

អ្នករាយការណ៍​ពិសេស អ​.​ស​.​ប ទទួលបន្ទុក​សិទ្ធិមនុស្ស នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១១​ថ្ងៃ



ក្រុង​ហ្ស៊ឺ​ណែវ ​៖ លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់ អ​.​ស​.​ប​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១១​ថ្ងៃ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្ស៊ឺ​ណែវ ហើយ​ទស្សនកិច្ច នឹង​ផ្តោតទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នា​ពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា ក្រោយពី​ដំណើរ​ទស្សនកិច្ច​កាលពី​លើក​មុន។

សេចក្តីប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្ស៊ឺ​ណែវ ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា "​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​”​។​

តាម​លោកស្រី Rhona Smith បាន​អះអាងថា ដំណើរ​ទស្សនកិច្ច​នេះ “​ខ្ញុំ​នឹង​ផ្តោត​បេសកកម្ម​របស់ខ្ញុំ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម​របស់ខ្ញុំ​កាលពី​ខែវិច្ឆិកា​កន្លងមក​។ ខ្ញុំ​មានបំណង​បន្ត​ការពិនិត្យ​ផងដែរ ទៅលើ​វិស័យ​សិ​ទិ្ធ​មនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការមិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​”​។​

ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃនេះ លោកស្រី Rhona Smith គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។ លោកស្រី ស្មី​ត នឹង​បំពេញ​ទស្សនកិច្ច​ផងដែរ ទៅតាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​។​

សូម​បញ្ជាក់​ថា អ្នករាយការណ៍​ពិសេស អ​.​ស​.​ប លោកស្រី Rhona Smith តែងតែ​បំពេញបេសកកម្ម​ផ្លូវការ​ជាប្រចាំ​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្រោយពី​ក្រុមប្រឹក្សា​នេះ​ បាន​តែងតាំង​លោកស្រី ជា​អ្នករាយការណ៍​ពិសេស​របស់​ អ​.​ស​.​ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ខែ​មីនា ឆ្នាំ​២០១៥ ហើយ​លោកស្រី នឹង​បង្ហាញ​របាយការណ៍​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ខាងមុខ។
នៅពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច លោកស្រី Rhona Smith នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដែល​សន្និសីទ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​ឧសភា នៅ​វេលា​ម៉ោង​៣​រសៀល ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​មាន​អាសយដ្ឋាន អគារ​លេខ​៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu