Ad Code

ជប៉ុន​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ដោយ​ការ​គ្រៀវ​ទាំង​បង្ខំ​



​ប្រជាពលរដ្ឋ​ជប៉ុន​រាប់ពាន់​នាក់​ដោយ​អ្នកខ្លះ​មាន​អាយុ​ត្រឹម​៩​ឆ្នាំ​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​គ្រៀវ​ក្រោម​ច្បាប់​ហ្សែន​គឺ​នឹង​ត្រូវ​ទទួល​សំណង​ពី​រដ្ឋាភិបាល​បន្ទាប់​ពី​សមាជិក​សភា​បាន​អនុម័ត​ច្បាប់​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ពុធ​។បន្ទាប់ពី​ការបោះឆ្នោត​ជា​ឯកច្ឆន្ទ លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ស្មោះស្ម័គ្រ​ហើយ​និយាយ​ថា រដ្ឋាភិបាល​សុំទោស​ដោយ​អស់ពី​ចិត្ត​ចំពោះ​គោលនយោបាយ​បែបនេះ​។

​យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ពិការ​ស្មារតី​ប្រមាណ​១៦,៥០០​នាក់​ត្រូវ​បាន​គ្រៀវ​ទាំង​គ្មាន​ការយល់​ព្រម​ពី​ពួកគេ​ក្រោម​ច្បាប់​មួយ​ដែល​នៅ​តែ​មាន​សុពលភាព​រហូតដល់​ឆ្នាំ​១៩៩៦​។ជនរងគ្រោះ​ម្នាក់ៗ​នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​៣.២​លាន​យ៉េន (២៩,០០០​ដុល្លារ​អាមេរិក​) ក្រោម​វិធាន​ការដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ពុធ​ប៉ុន្តែ​ចំនួន​នេះ​ត្រូវ​បាន​មើលងាយ​ដោយ​អ្នកធ្វើ​យុទ្ធនាការ​ថា​វា​មិន​អាច​ប៉ះប៉ូវ​ភាព​ធ្ងន់ធ្ងរ​នៃ​ការខូចខាត​បានទេ​។

​បញ្ហា​នេះ​បាន​លេចឡើង​កាលពី​ឆ្នាំមុន​បន្ទាប់ពី​ស្ត្រី​ជប៉ុន​ម្នាក់​ដែល​ឥឡូវនេះ​ស្ថិតក្នុង​វ័យ​៦០​ឆ្នាំ​បាន​ប្ដឹង​រដ្ឋាភិបាល​អំពី​ប្រតិបត្តិការ​គ្រៀវ​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៧២​បន្ទាប់ពី​នាង​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ពិការភាព​ផ្លូវចិត្ត​។មេធាវី​និង​អ្នកធ្វើ​យុទ្ធនាការ​បាន​រិះគន់​រដ្ឋាភិបាល​និង​សភា​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ខក​ខាន​បង់ ប្រាក់​សំណង​ដល់​ជនរងគ្រោះ​ក្នុង​រយៈពេល​ដ៏​យូរ​បន្ទាប់ពី​ច្បាប់​នេះ​ត្រូវបាន​បោះបង់ចោល​ក្នុង​ឆ្នាំ​១៩៩៦​។

​រហូតមកដល់​ពេលនេះ ជនរងគ្រោះ​ប្រហែល​២០​នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទាមទារ​សំណង​រហូតដល់​ទៅ​៣៨​លាន​យ៉េន​។សាលក្រម​ដំបូង​ស្ដី​ពី​បញ្ហា​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៨​ខែឧសភា​ហើយ​មេធាវី​របស់​ដើមបណ្តឹង​បាន​ប្តេជ្ញា​ស្វែងរក​សំណង​ដែល​ពួកគេ​និយាយថា​ត្រូវតែ​សមរម្យ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​ដែល​ទទួលរង​។គួរ​បញ្ជាក់ថា ប្រទេស​អាល្លឺម៉ង់​និង​ស៊ុយអែត​ក៏មាន​ច្បាប់​ដូចគ្នានេះដែរ​ហើយ​រដ្ឋាភិបាល​ក៏បាន​សុំ​អភ័យទោស​និង​បង់ប្រាក់​សំណង​ដល់​ជនរងគ្រោះ​ផងដែរ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu