Ad Code

អាជ្ញាធរ​ខេត្ត​រតនគិរី​ បាន​ចាត់វិធានការ​ហាមឃាត់​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ចេញ​-​ចូល​ក្នុង​ដែនដី​រដ្ឋបាល​របស់​ខេត្ត​ ខណៈ​ដែល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បន្ត​រាលដាល​ដល់​ស្រុក​មួយ​ទៀត​នៃ​ខេត្ត​រតនគិរី



រតនគិរី ​៖​ លោក សយ សូ​ណា ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តរតនគិរី ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ ហាមឃាត់​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ចេញ​-​ចូល​ក្នុង​ដែនដី​រដ្ឋបាល​ខេត្ត​ ខណៈ​​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បានសម្លាប់​សត្វ​ជ្រូក​ជាង​១០០​ក្បាល​នៅក្នុង​ភូមិ​កាំ ឃុំ​ល្អក ស្រុក​អូរ​ជុំ​ដែលជា​ស្រុក​ទី​ពីរ​ហើយ​ដែល​បាន​ផ្ទុះ​ជំងឺ​នេះ ​បន្ទាប់ពី​ស្រុក​អូ​រយ៉ា​ដាវ ជាប់​ព្រំដែន​ប្រទេស​វៀតណាម បាន​ផ្ទុះ​ជំងឺ​ដ៏​ចង្រៃ​កាលពី​ខែ​កន្លង​ទៅនេះ។

ប្រធាន​មន្ទីរ​រូប​នេះ​ បាន​បន្តទៀតថា មន្ត្រី​ជំនាញ​របស់​យើង ​កំពុងតែធ្វើការ​សិក្សា​ ថា​តើ​វា​មាន​ផល​ប៉ះពាល់​ដល់​សត្វ​ជ្រូក​ប៉ុន្មាន​ក្បាល ប៉ះពាល់​ប៉ុន្មាន​ភូមិ​នៅ​ឃុំ​ណាខ្លះ​បន្តទៀត​។

​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​បាន បិទ​ចលនា​នាំចេញ​សត្វ​ជ្រូក​ទូទាំង​ខេត្ត និង​ចាត់​វិធានការ​ទប់ស្កាត់ ​កុំ​ឲ្យ​រាលដាល​បន្ត​នៅតាម​បណ្តា​ស្រុក​ផ្សេងៗ​ទៀត​។​

ចំពោះ​វិធានការ​សម្រាប់​ទប់ស្កាត់​ត្រូវបាន​លោក សយ សូ​ណា អះអាងថា​ ខាង​មន្ទីរ​បានដាក់​តំបន់​ដែល​ផ្ទុះ​ជំងឺ​ខាងលើ​ជា​តំបន់​ហាមឃាត់​ចរាចរ​សត្វ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ភូមិ​ ព្រមទាំង​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​ មក​អប់រំ​ផ្សព្វផ្សាយ​អំពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​តាម វិទ្យុ ទូរទស្សន៍​ខេត្ត ជា​ភាសា​ខ្មែរ​និង​ជា​ភាសា​ជនជាតិ​ដើម​ភាគ​តិច​មានដូចជា ចា​រ៉ា​យ ទំពួន ព្រៅ និង​គ្រឹ​ង​ផងដែរ​។​

លោក​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ កើត​លើ​តែ​សត្វ​ជ្រូកស្រុក និង​ជ្រូកព្រៃ ដោយសារ​មេរោគ​អាច​រស់​ បាន​រយៈពេល​យូរ​ក្នុង​សាច់ជ្រូក​កែច្នៃ សាច់ជ្រូក​សម្ងួត និង​សាច់ជ្រូក​ប្រឡាក់​។​

លោក​បន្ថែមថា បច្ចុប្បន្ន​មិនមាន​វិធី​ព្យាបាល​ជំងឺ​នេះ ឲ្យ​ជាសះស្បើយ និង​មិនទាន់មាន​ថ្នាំ​បង្ការ ឬ​ការព្យាបាល​ណាមួយ ដែលមាន​ប្រសិទ្ធភាព​នៅឡើយ ដូច្នេះ​នៅពេលដែល​សត្វ​ជ្រូក​ឆ្លង​ជំងឺ​នេះ វិធានការ​តែមួយគត់ គឺ​កម្ទេច​ហ្វូង​ជ្រូក​ដែល​ទទួលរង​ផល​ប៉ះពាល់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu